Home / ចំណេះដឹងទូទៅ / លក្ខណៈពិសេស ៧ ប្រការរបស់បុគ្គលដែលមានភាពធន់

លក្ខណៈពិសេស ៧ ប្រការរបស់បុគ្គលដែលមានភាពធន់

ភាពធន់គឺជាសមត្ថភាពនៃការត្រលប់ទៅភាពដើមវិញបន្ទាប់ពីគេពត់ សង្កត់ ឬដាក់សម្ពាធ។ វាជាសមត្ថភាពងើបឡើងវិញចេញពីជំងឺ ការធ្លាក់ទឹកចិត្ត ឬការរងគ្រោះកាច។ តើអ្នកនឹងដោះស្រាយយ៉ាងណា បន្ទាប់ពីអ្នកបាត់បង់អ្វីៗទាំងអស់នៅថ្ងៃនេះ? តើអ្នកគួរបោះជំហ៊ានបន្ទាប់យ៉ាងម៉េច? តើអ្នកអន់ចិត្ត បាក់ទឹកចិត្ត និង ខឹងសម្បារដល់ពេលណា? តើអ្នកក្រោកឈរឡើងវិញ និង ចាប់ផ្តើមម្តងទៀតដោយរបៀបណា? តើអ្នកមានភាពធន់កម្រិតណា? អ្នកអាចដោះស្រាយវិបត្តិបានដែរឬទេ? តើអ្នកអាចរៀនសូត្រចេញពីការខកចិត្តទាំងឡាយ និង ចាប់ផ្តើមឡើងវិញបានទេ? តើអ្នកត្រូវធ្វើអ្វីខ្លះ?

ចំណុចចាប់ផ្តើម គឺអ្នកត្រូវមានវិន័យខ្លួនឯងឲ្យបានច្រើន។ អ្នកត្រូវនិយាយអំពីភាពវិជ្ជមានទៅកាន់ខ្លួនឯងឲ្យបានច្រើន ដើម្បីបញ្ចូនថាមពលសម្រាប់ចាប់ផ្តើមឡើងវិញ។ អ្នកត្រូវប្រមូលផ្តុំអារម្មណ៍ដើម្បីបង្ការសំឡេងអវិជ្ជមានទាំងឡាយកុំឲ្យចូលក្នុងខ្លួនអ្នក។ វាត្រូវការបង្កើតវិន័យជាច្រើនដើម្បីស្តារតុល្យភាពចេញពីសេចក្តីភ័យខ្លាចនិងខកចិត្ត ដោយយកចិត្តទុកដាក់ថា​ អ្នកធ្លាប់ធ្វើរឿងនេះ និងជឿថាអ្នកអាចធ្វើឡើងវិញបាន។

មិនថាការបាត់បង់កន្លងមកទាក់ទងនឹងអ្នក ឬអត់ ប៉ុន្តែអនាគតជោគជ័យរបស់អ្នកគឺទាក់ទងនឹងខ្លួនអ្នកទាំងស្រុង។ វាទាមទារយ៉ាងខ្លាំងក្នុងការពឹងអាស្រ័យលើខ្លួនឯង ជំនួសឲ្យការស្តីបន្ទោសអ្នកដទៃ។ អ្វីដែលបានកើតឡើង វាកើតឡើងរួចទៅហើយ អ្វីដែលសំខាន់គឺថា អ្នកត្រូវបន្តជីវិតរបស់អ្នក ហើយចាប់ផ្តើមឡើងវិញ។ ប្រសិនបើអ្នកបរាជ័យម្តងទៀត អ្នកត្រូវមានសេចក្តីក្លាហានចាប់ផ្តើមឡើងវិញ។ វាទាមទារឲ្យមានការលើកទឹកចិត្តខ្លួនឯងខ្លាំងមែនទែន។ អ្នកត្រូវមានជំនឿក្នុងចិត្តអ្នកថា អ្នកមានជំនាញ ទេពកោសល្យ និងភាពខ្លាំងក្នុងការចាប់ផ្តើមឡើងវិញបាន។

បណ្តុះអត្តចរិតធន់នឹងរុញឧបសគ្គឲ្យក្លាយជាជោគជ័យ។ បុគ្គលដែលធន់មិនបោះបង់ចោលទេក្នុងការធ្វើអ្វីមួយ។ បុគ្គលដែលធន់នឹងបន្តដំណើរទៅមុខទៀតទោះបីជាមានឧបសគ្គ ឬបញ្ហាប្រឈមច្រើនយ៉ាងណាក៏ដោយ។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិ៧យ៉ាងនៃភាពធន់ ៖

១) ភាពធន់ទាមទារការយល់ស៊ីជម្រៅ (Resilience requires insight)

អ្នកត្រូវពង្រឹងខ្លួនអ្នកដោយសួរសំណួរជីវិតលំបាកៗ និងឆ្លើយដោយស្មោះត្រង់ជាមួយខ្លួនឯង។ ប្រសិនបើអ្នកបាត់បង់អ្វីមួយក្នុងជីវិត(សេរីភាព ទ្រព្យសម្បត្តិ ឬ ឋានៈ) អ្នកត្រូវមានភាពស្មោះត្រង់ និង ហ៊ានទទួលយក។

២) ភាពធន់គឺពឹងអាស្រ័យលើខ្លួនឯង (Resilience is independent)

បុគ្គលដែលមានភាពធន់គឹអាចពឹងលើខ្លួនឯងបានក្នុងការក្រោកឈរឡើងវិញក្រោយពេលមានវិបត្តិ។

៣) បើទោះបីជាពឹងខ្លួនឯងបាន ក៏ត្រូវមានសម្ព័ន្ធភាពជាមួយអ្នកផ្សេង (Although resilience is independent, it’s also tied to others)

នៅពេលដែលអ្នកមានការទទួលខុសត្រូវជាមួយមនុស្សកាន់តែច្រើន អ្នកនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការចាប់ផ្តើមម្តងទៀត – មានមូលហេតុកាន់តែធំ បង្កសកម្មភាពកាន់តែខ្លាំង។

៤) ភាពធន់ត្រូវការគំនិតផ្តួតផ្តើម (Resilience calls for initiative)

អ្នកត្រូវអភិវឌ្ឍសមត្ថភាពក្នុងការទទួលខុសត្រូវលើស្ថានការណ៍អ្វីមួយ ឬ បញ្ហាអ្វីមួយដែលកើតឡើង។ អ្នកត្រូវក្រោកឈរ ហើយធ្វើអ្វីៗទាំងឡាយចាំបាច់ដើម្បីផ្លាស់ប្តូរស្ថានការណ៍អាក្រក់។

៥) ភាពធន់តែងមានគំនិតច្នៃប្រឌិត (Resilience has an element of creativity)

ភាពធន់បញ្ជាក់ពីសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហាប្រឈមណាមួយជាមួយនឹងគំនិតច្នៃប្រឌិត និង ការបេ្តជ្ញាចិត្តស្វែងរកច្រកចេញ។ អ្នកស្វែងរកវិធីសាស្រ្តក្នុងការចាប់ផ្តើម ឬស្តារស្ថានការណ៍ឡើងវិញ។

៦) បុគ្គលដែលធន់ចូលចិត្តបង្កើតភាពរីករាយ (A resilient person has humor)

ការបង្កើតបរិយាកាសរីករាយមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរស្ថានការណ៍ និង ជីវិតអ្នក។ ប្រាកដហើយ អ្នកត្រូវមានភាពម៉ឹងម៉ាត់ចំពោះគោលដៅអ្នក និង ខ្លួនអ្នក។ ប៉ុន្តែនៅពេលបញ្ហាលំបាកមកដល់ អ្នកត្រូវចេះញញឹមទទួលយកស្ថានការណ៍នោះ។

៧) បុគ្គលដែលធន់មានសីលធម៌ខ្ពស់ (A resilient person has a strong sense of morality)

អ្វីៗដែលអ្នកធ្វើដើម្បីក្រោកឈរឡើងវិញ មិនត្រូវមានលក្ខណៈអសីលធម៌ទេ។ អ្នកត្រូវប្រាកដថា ជោគជ័យរបស់អ្នកគឺសម្រាប់បម្រើ មិនមែនទាញចំណេញពីអ្នកផ្សេងទេ។ ជោគជ័យមួយដែលចាត់ទុកថាប្រសើរ ទាល់តែជោគជ័យនោះមានអត្ថប្រយោជន៍សម្រាប់អ្នកដទៃផង។

នៅពេលដែលអ្នកជួបឧបសគ្គច្រើនឡើង ហើយអាចឆ្លងផុត ភាពធន់របស់អ្នកនឹងរីកលូតលាស់ជាស្វ័យប្រវត្តិ។ បើអ្នកមានភាពធន់កាន់តែខ្លាំង គ្មានអ្វីអាចបញ្ឈប់អ្នកបានទេក្នុងការធ្វើដំណើរសំដៅទៅគោលដៅជីវិតរបស់អ្នក។

— ដកស្រង់ពីអត្ថបទរបស់ Jim Rohn, in the Success Magazine, “7 Traits of the Most Resilient People”

— ប្រែសម្រួលដោយ សាម អ៊ីន, ឧសភា 2016

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

តើយានយន្តមួយណា មានសិទ្ធិអាទិភាពទៅមុន? សូមចុចមើលចម្លើយ

ប្រភពរូបភាព គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន សហគមន៍សម្បូរសប្បាយ