Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើឆៃប៉ូវផ្អែម និងឆៃប៉ូវប្រៃ (ប្អូនស្រី ចារី)

បទពិសោធន៍ធ្វើឆៃប៉ូវផ្អែម និងឆៃប៉ូវប្រៃ (ប្អូនស្រី ចារី)

ប្អូនស្រី ចារី រស់នៅភូមិព្រៃស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល គាត់មានបទពិសោធន៍ធ្វើឆៃប៉ូវលក់អស់រយៈពេលជាច្រើនឆ្នាំ។ បទពិសោធន៍នេះគាត់ចេះពីម្តាយគាត់តរហូតមក។ ឆៃប៉ូវដែលគាត់បានធ្វើមានរសជាតិឆ្ងាញ់ និងរក្សាទុកបានយូរ ហើយគាត់លក់ដាច់ច្រើនជាងអ្នកភូមិជិតខាងរបស់គាត់។ ចំពោះបទពិសោធន៍នៃការធ្វើឆៃប៉ូវបង្ហាញជូនដូចខាងក្រោម។

១-របៀបធ្វើឆៃប៉ូវផ្អែមធម្មតា

  • យកឆៃថាវលាងឲ្យស្អាតដី រួចពុះជា ២
  • យកឆៃថាវដែលពុះហើយចាក់ចូលក្នុងពាង រួចរោយអំបិលតាមស្រទាប់ (អំបិលគ្រោះ)។ ឆៃថាវប្រមាណ ៨០០ គីឡូក្រាម រោយអំបិលប្រហែល ៥០ គីឡូក្រាម
  • ក្រោយពីរោយអំបិលហើយត្រូវផ្អាប់ទុក ១យប់កុំឲ្យត្រូវភ្លៀង។ ស្អែកឡើងជាន់លាងទឹកអំបិល (ជាន់ឲ្យចូលជាតិ)
  • បន្ទាប់ពីជាន់ហើយស្រង់ដាក់ពាងទី ២ ហើយរោយអំបិលតាមស្រទាប់​មួយសាទៀត ប៉ុន្តែអំបិលបន្ថយនៅត្រឹម ២០-៣០ គីឡូក្រាម។ ការ​រោយអំបិលនៅលើកទី២នេះត្រូវបានផ្អាប់ទុក ១យប់ដែរ។ បន្ទាប់មកជាន់ឲ្យចូលជាតិ ឆៃប៉ូវទន់ និងស ទើបស្រង់ស្រទាប់លើ ហើយបន្តជាន់ និងស្រង់តាមស្រទាប់មួយសាៗរហូតដល់អស់ឆៃប៉ូវពីពាង។
  • យកឆៃប៉ូវដែលជាន់ហើយទៅលាង ហាលថ្ងៃរយៈពេល ១ថ្ងៃ បន្ទាប់មកចាក់ចូលក្នុងពាងម្តងមួយស្រទាប់ រួចចាក់ស្ករត្នោតចូលប្រមាណ ៣០​គីឡូក្រាម។ ធ្វើរបៀបនេះម្តង១ស្រទាប់រហូតដល់អស់ឆៃប៉ូវ (ស្ករត្នោតដាក់អស់ប្រមាណ ៨០​គីឡូក្រាម)។ បន្ទាប់មកផ្អាប់ទុក៣យប់ ទើបស្រង់ហាលថ្ងៃរយៈពេល ២-៤ថ្ងៃ រហូតដល់ឆៃប៉ូវស្ងួត ទើបយកទៅប្រឡាក់ជាមួយស្ករសតិចៗជាការស្រេច។

២-របៀបធ្វើឆៃប៉ូវផ្អែមលេខ ១

  • ដើម្បីឲ្យឆៃប៉ូវផ្អែមលេខ ១ គឺនៅពេលដែលស្រង់ចេញពីពាងអំបិលនៅ​សាទី២ យកទៅហាលថ្ងៃ ត្រូវជ្រើសរើសយកឆៃប៉ូវមូលល្អតូចៗបានប្រមាណ ២០០គីឡូក្រាម យកទៅប្រឡាក់ជាមួយស្ករសប្រមាណ ៣០-៣៥​គីឡូក្រាម ហើយជាន់ឲ្យសព្វ រួចផ្អាប់ទុករយៈពេល ២-៣ថ្ងៃ រួចស្រង់ហាលរយៈពេល ២-៣ថ្ងៃ។
  • បន្ទាប់មកយកទៅជាន់ប្រឡាក់ជាមួយស្ករសប្រមាណ ១០គីឡូក្រាម ហើយផ្អាប់ទុករយៈពេល ២យប់ទៀត ទើបស្រង់​ហាល ១ថ្ងៃ។
  • ក្រោយពីហាលបានរយៈពេល ១ថ្ងៃមក យកឆៃប៉ូវនោះទៅជាន់ប្រឡាក់ជាមួយស្ករសសាទី៣ម្តងទៀត ដោយបន្ថយស្ករនៅប្រមាណ ៦-៧ គីឡូក្រាម ហើយអប់វាទុកជាការស្រេច។

៣. របៀបធ្វើឆៃប៉ូវប្រៃ ចំពោះឆៃប៉ូវប្រៃវិញ ប្អូនមានវិធីធ្វើដូចខាងក្រោម៖

  • យកឆៃថាវលាងទឹកឲ្យអស់ដី រួចពុះជា២ គរទុក ១ពំនូក
  • យកឆៃថាវដាក់ចូលក្នុងពាង រួចដាក់អំបិលចូលប្រមាណ ៥០គីឡូក្រាមជាន់ឲ្យសព្វ បន្ទាប់មករៀបឆៃថាវដាក់ចូល​ពាង រួចដាក់អំបិលចូលប្រមាណ ៤០គីឡូក្រាមទៀត ហើយបន្តជាន់ឲ្យសព្វរហូតអស់ឆៃថាវប្រមាណ ១.០០០គីឡូក្រាម។ បន្ទាប់មកទៀត យកអំបិលប្រមាណ ១០គីឡូក្រាម កូរជាមួយទឹកឲ្យរលាយ រួចចាក់ត្រាំឲ្យលិចឆៃថាវ ហើយត្រាំទុករយៈពេល ៣-៤យប់
  • បន្ទាប់មកស្រង់ហាលថ្ងៃរយៈពេល ៣-៤ថ្ងៃ រហូតដល់បែកផ្កាអំបិល ទើបអាចយកទៅលក់បាន។

ប្អូនស្រីបានឲ្យដឹងទៀតថា ការធ្វើឆៃប៉ូវផ្អែមប្រៃនេះមិនសូវពិបាកទេ តែត្រូវការកម្លាំងពលកម្មច្រើនដែរ។ ប្អូនរៀបចំធ្វើឆៃ​ប៉ូវម្តង ២-៣តោនឆៃថាវ។ លក់បានក្នុងតម្លៃឆៃប៉ូវប្រៃ ៤.០០០រៀល ផ្អែមធម្មតា ៤.០០០រៀល និងឆៃប៉ូវផ្អែមពិសេសលេខ ១ ៨.០០០រៀល ក្នុង១គីឡូក្រាម៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បច្ចេកទេសធ្វើផ្អកកំពឹស (អ្នកស្រី តុង ចាន់ធាង)

នៅរដូវទឹកសំរក គឺជាពេលដែលសំបូរកំពឹស បងប្អូននៅតាមជនបទខ្លះរកវាបានច្រើនបរិភោគមិនអស់ ហើយអ្នកខ្លះទៀតអាចទិញវាបានក្នុងតម្លៃថោក។ក្នុងករណីសំបូរបែបនេះបងប្អូនអាចយកវាមកកែច្នៃធ្វើជាផ្អកកំពឹសដែលអាចរក្សាទុកបរិភោគ​បានរហូតដល់ ៣-៤ខែ។