នៅតាមសងខាងផ្លូវ៦០ម៉ែត្រ គឺមានបឹងតូចនិងធំជាច្រើន ហើយបឹងដែលធំនិងមនុស្សស្គាល់ជាងគេគឺបឹងទំពុន និងបឹងជើងឯក។ បឹងនៅទិសខាងត្បូងរាជធានីភ្នំពេញនេះ គឺជាអាងស្តុកទឹកកង្វក់ដែលបូមចេញពីប្រឡាយទឹកស្អុយបឹងត្របែក និងប្រឡាយទឹកស្អុយផ្សេងទៀត។ ដោយសារទឹកកង្វក់នោះអំណោយផលដល់ការដុះលូតលាស់ដំណាំបណ្តែតទឹកដូចជា កញ្ឆែត ត្រកួន និងកំប្លោកនោះ ទើបប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាដាំកញ្ឆែត និងត្រកួននៅក្នុងបឹងទាំងអស់នេះ។
អាជីវករដែលបានទៅទិញកញ្ឆែតដល់បឹងជើងឯកសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេមិនបានលាងសំអាតកញ្ឆែត និងត្រកួននេះទេ គឺដឹកចូលទៅកាន់ទីផ្សារតែម្តង ពិសេសផ្សារនាគមាស។
បណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក កន្លងមកធ្លាប់មានប្រសាសន៍ទៅកាន់ប្រព័ន្ធសារព័ត៌មាន ដោយលោកពន្យល់យ៉ាងដូច្នេះ «ចំពោះអ្នកដាំបន្លែលើទឹកស្អុយបឹងទំពុន ដែលមានកញ្ឆែត និងត្រកួន មានហានីភ័យខ្ពស់ណាស់ ព្រោះ ទឹកស្អុយដែលចេញពីប្រព័ន្ធលូទីក្រុង ដែលក្នុងនោះហានិភ័យខ្ពស់បំផុតដែលខ្ញុំបារម្ភគេហៅថា លោហៈធ្ងន់ ដែលមាននៅក្នុងបន្លែ ហើយយើងហូបយូរៗទៅ វានឹងប៉ះពាល់ដល់សុខភាព។ ខ្ញុំឧទាហរណ៍ យើងបោះកាកសំណល់រឹងជាច្រើន ដូចជា ថ្មពិលជាដើម ដែលយើងបោះចោលក្នុងលូហើយវាហូរចូលក្នុងបឹងហ្នឹង ពេលហ្នឹងរុក្ខជាតិវាស្រូប វាអាចដោយលោហៈធ្ងន់មួយចំនួន ឬបឺតជាតិពុលទាំងនេះ។ ដូច្នេះ ខ្ញុំយល់ឃើញថា យើងគួរកុំដាំ និងកុំបរិភោគបន្លែរបៀបហ្នឹង»។
ក្រៅពីការដាំកញ្ឆែត និងត្រកួននៅក្នុងទឹកស្អុយ គឺបន្លែទាំងនោះក៏អ្នកដាំប្រើថ្នាំគីមីទៀតផង ដែលអ្នកដាំបានអះអាងថា បើមិនប្រើថ្នាំគីមីទេ ក៏មិនអាចបានផលច្រើនដែរ។
ដូច្នេះសូមប្រជាពលរដ្ឋដែលទៅទិញបន្លែទាំងនោះមកបរិភោគ សូមលាងសំអាតសម្លាប់មេរោគ និងជាតិគីមីជាមុនសិន យកល្អកុំទិញបរិភោគ៕