ការ៉ុតជាដំណាំម្យ៉ាង ដែលសំបូរទៅដោយវីតាមីនច្រើន ជាពិសេសវីតាមីនអេ ជួយដល់ភ្នែកឲ្យភ្លឺច្បាស់។ ការ៉ុតជាដំណាំមានលក្ខណៈងាយស្រួលក្នុងការដាំ ប៉ុន្តែវាទាមទារតំបន់ខ្ពស់ និងអាកាសធាតុត្រជាក់។ ចំពោះនៅរដូវប្រាំងវិញ គេអាចដាំបានដូចគ្នា ប៉ុន្តែមិនសូវទទួលបានផលល្អដូចរដូវវស្សាឡើយ។ នៅតំបន់ខ្ពង់រាប ការដាំការ៉ុតដែលទទួលបានផលល្អគឺចាប់ផ្តើមពីខែតុលា ដល់មិនា។ ខាងក្រោមនេះជាបទពិសោធន៍ផ្ទាល់របស់អង្គការសេដាក និងកសិករក្នុងការដាំការ៉ុតទទួលបានផលល្អ។
២. ការជ្រើសរើសពូជ
គាត់បានទិញពូជមកពីទីផ្សារ ដែលជាប្រភេទពូជកំប៉ុង ហើយមានប្រភពមកពីប្រទេសវៀតណាម។
៣. ការរៀបចំដី និងការលើករង
ការរៀបចំដី. ភ្ជួរដីឲ្យបានចំនួន ២សា ដោយសាទី១ ហាលដីពី ៤ ទៅ ៦ថ្ងៃ និងភ្ជួរលើកទី២ ហាលដីរយៈពេល ៣ ទៅ ៤ថ្ងៃទៀត។ បន្ទាប់មករាស់លើកជារងដែលមានទទឹង ១ម៉ែត្រ និងបណ្តោយទៅតាមស្ថានភាពដី។ ពិសេសកម្ពស់ឲ្យបាន ២០ ទៅ ២៥សង្ទីម៉ែត្រ ដើម្បីឲ្យការ៉ុតចុះមើមបានវែង និងធំល្អ។
ការដាំ. ក្រោយការរៀបចំរងរួច យកឈើបន្ទះល្មមមកឆូតចង្អូរទទឹងរងឲ្យបានជំរៅ ២ ទៅ ៣សង្ទីម៉ែត្រ ចន្លោះពីចង្អូរមួយទៅចង្អូរមួយពី ១,៥ ទៅ ២តឹក។ បន្ទាប់មកយកគ្រាប់ពូជមករោយតាមចង្អូរដែលបានឆូតនោះរង្វើលៗ រួចយកជីធម្មជាតិលាយជាមួយដីម៉ដ្ឋមករោយពីលើគ្រាប់ឲ្យជិត។
៤. ការថែទាំ
ក្រោយពីដាំហើយត្រូវស្រោចទឹកព្រឹកល្ងាច លុះដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ យើងត្រូវធ្វើស្មៅឲ្យបានស្អាតដើម្បីឲ្យការ៉ុតដុះ លូតលាស់។ ១៥ថ្ងៃក្រោយមកទៀត ការ៉ុតចាប់ផ្តើមធំបន្តិចហើយ ដូច្នេះបើមានស្មៅត្រូវធ្វើម្តងទៀត ប៉ុន្តែអ្វីដែលសំខាន់នោះត្រូវដកកូនការ៉ុតចេញខ្លះនៅកន្លែងដែលដុះញឹក ធ្វើយ៉ាងណាពីដើមមួយទៅដើមមួយឲ្យមានចន្លោះ ៣ ទៅ ៥សង្ទីម៉ែត្រ ដើម្បីឲ្យមើមការ៉ុតអាចរីកធំ។ ជារៀងរាល់ ១ ទៅ ២សប្តាហ៍ ត្រូវស្រោចជីកំប៉ុស្តទឹករហូតដល់ជិតប្រមូលផល ដើម្បីការ៉ុតមានការលូតលាស់ល្អ។ ជាពិសេសជាងនេះទៅទៀត គឺមុនពេលស្រោចជីម្តងត្រូវជ្រុំគល់ជ្រោយដីបំផុសជាមុនសិន ដើម្បីឲ្យឫសការ៉ុតស្រូបជីជាតិបាន។
៥. ការប្រមូលផល
ក្រោយពេលដាំបានរយៈពេល ៩០ថ្ងៃ ការ៉ុតមានមើមធំល្មម អាចប្រមូលផលបាន ហើយការប្រមូលផលធ្វើឡើងនៅពេលព្រឹក និងល្ងាច គឺការប្រមូផលធ្វើឡើងដោយប្រើដៃចាប់ដកពីក្នុងថ្នាលតែម្តងបើដីថ្នាលនោះផុសល្អ។ ម៉្យាងទៀតវិធីល្អបំផុតយើងត្រូវប្រើចបចក់ដែលមានធ្មេញវែងៗគាស់ជាមុនសិនទើបប្រមូលតាមក្រោយ។ ពេលវេលានៃការប្រមូលផល គឺត្រូវស្ងួតទឹកសន្សើម ឬគ្មានភ្លៀង។ ការ៉ុតក្រោយពីដករួចមិនត្រូវលាងទឹកទេ ពីព្រោះបើលាងនាំឲ្យឆាប់រលួយ និងស្ពោតសាច់ផ្នែកខាងក្នុង គឺគ្រាន់តែបេះដីធំៗដែលជាប់នៅលើមើមតែមិនឲ្យជ្រះពេកទេ គឺទុកវាខ្លះដើម្បីការពារសំណើម និងសំបកកុំឲ្យរលាក គ្រាន់តែកាត់ឫសកែវ និងស្លឹកចេញខ្លះដោយទុកចំងាយពីដើម ប្រហែល ១-១,២ តឹក។
៦. ចំណាប់អារម្មណ៍
ឆ្លងតាមបទពិសោធន៍ដាំដុះខាងលើនេះមកឃើញថា ដំណាំការ៉ុតមិនសូវមានការបំផ្លាញពីសត្វ និងជំងឺទេ ហើយងាយស្រួលដាំទទួលបានផលខ្ពស់។ ម៉្យាងវិញទៀតងាយស្រួលប្រមូលផលដឹកជញ្ជូន និងទីផ្សារមានតម្រូវការខ្ពស់។
សរុបមកបទពិសោធន៍សំខាន់ៗក្នុងការដាំការ៉ុតមាន៖
- ភ្ជួរដីហាលឲ្យស្ងួត និងលើករងឲ្យរាងខ្ពស់ដើម្បីឲ្យការ៉ុតចុះមើមបានល្អ
- ឆូតជាចង្អូរនៅលើរងដោយចន្លោះពីចង្អូរមួយទៅមួយ ២តឹក
- យកគ្រាប់រោយតាមរងស្តើងៗ រួចរោយជីកំប៉ុស្តពីលើ
- ធ្វើស្មៅ និងស្រោចជីទឹកបំប៉នដើម្បីឲ្យមើមឆាប់ធំ៕
ប្រភពពី ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ