កសិករឈ្មោះ ខន ខឿម អាយុ ៣១ឆ្នាំ មានសមាជិកគ្រួសារចំនួន៦នាក់ក្នុងនោះស្រី ៣នាក់ រស់នៅក្នុងភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមមាន់តាមបច្ចេកទេសទទួលជោគជ័យ។ ដំបូង ឡើយគាត់ពុំយកចិត្ដទុកដាក់លើការចិញ្ចឹមមាន់ទេ ដោយគាត់គិតថាវាមិនអាចទទួលបានផលច្រើន និងជោគជ័យឡើយ។ ជាដំបូងគាត់បានទទួលវគ្គបណ្ដុះបណ្ដាលពីគម្រោង ILFARM-TEA ដែលជាកម្មវិធីសហការគ្នារវាងអង្គការសេដាកនិងអង្គការកូដឺហ្កាស(Codegaz) ដែលសហការចាប់ពីឆ្នាំ២០១៥ ដែលមានមេមាន់ត្រឹមតែ ១០ក្បាល និងបា ២ក្បាលប៉ុណ្ណោះ សម្រាប់ប្រាក់ចំណូលពីការលក់មាន់ គឺបានបន្តិចបន្តួចនិងគ្រាន់តែហូប ហើយទុកចិញ្ចឹមបន្ត។ តាំងពីចាប់ផ្ដើមចិញ្ចឹមមកគាត់មិនសូវជួបប្រទះបញ្ហាទេ ព្រោះគាត់តែងតែប្រើថ្នាំការពារជាមុន មកដល់ឆ្នាំ២០១៦ គាត់មានមេ២៥ក្បាល និងឈ្មោល៤ក្បាល មានមាន់សាច់១០០ក្បាល និងកូនមាន់កូចៗចំនួន៩០ក្បាលដើម្បីទុកចិញ្ចឹមបន្តក្នុងឆ្នាំ២០១៧។ ដូចនេះគាត់បានសរុបប្រាក់ចំណេញពីការលក់មាន់ត្រឹមថ្ងៃទី៣១/១២/២០១៦ បានចំនួន២ ៩៧៦.០០០រៀល។ ចំពោះបច្ចេកទេសដែលគាត់អនុវត្ដមានដូចខាងក្រោម៖
១. ការជ្រើសរើសទីតាំង
គាត់បានសាងសង់ទ្រុងចិញ្ចឹមមាន់លើទីធ្លាទំហំ ៨មx១០ម ដែលជាទីទួលមិនលិចទឹកនៅរដូវវស្សានិងមិនក្រោមដើមឈើធំៗ កន្លែងមានខ្សល់ចេញចូលគ្រប់គ្រាន់។ គាត់ប្រើសំណាញ់ព័ទ្ធជុំវិញទីធ្លាចិញ្ចឹមមាន់របស់គាត់ដើម្បីការពារមាន់ដើរចេញក្រៅ ឬមាន់ក្រៅចូលដែលនាំឲ្យឆ្លងជំងឺផ្សេងៗចូល។
២. ការសាងសង់ទ្រុង
ទ្រុងមាន់ដែលគាត់បានសាងសង់ គឺបានរៀបចំឲ្យដាច់ពីគ្នានិងមានទំហំផ្សេងៗគ្នា៖
- ទ្រុងមេចំនួន១ទ្រុង (ដេកនិងពង) ធ្វើអមពីបង្គោលឈើ រនាបធ្វើអំពីឈើ ដំបូលប្រក់ស្បូវ និងព័ទ្ធបន្ទះឫស្សី ដែលទ្រុងនេះមានបណ្ដោយ៥ម៉ែត្រ ទទឹង៣ម៉ែត្រ កំពស់២.៥ម៉ែត្រ ប្រក់ដំបូកស្បូវ ហ៊ុមព័ទ្ធដោយសំណាញ់។
- ទ្រុងបំបែកកូនចំនួន៥ទ្រុង ធ្វើអំពីឈើព័ទ្ធសំណាញ់ដែលមានបណ្ដោយ ១.៣ម៉ែត្រ ទទឹង០.៨ម៉ែត្រ កំពស់១ម៉ែត្រ។ ឯទ្រុងទី២ ទី៣ ទី៤ ទី៥ ធ្វើអំពីឈើព័ទ្ធសំណាញ់ ដែលមានបណ្ដោយ២ម៉ែត្រ ទទឹង១ម៉ែត្រ កំពស់១ម៉ែត្រ។
មាន់ដែលគាត់ជ្រើសរើសមកចិញ្ចឹមមានលក្ខណៈមេពណ៌ចំរុះ ជើងពណ៌លឿង មានទំងន់ចាប់ពី២គីឡូឡើងទៅ ប្រវត្តិមិនធ្លាប់មានជំងឺ និងពងច្រើនមិនរើសចំណី (ពូជមាន់ក្នុងស្រុក)។ ចំពោះបាវិញគាត់បានទិញនៅក្រៅភូមិដើម្បីការពារកុំឲ្យជាន់ឈាមនិងមានទំងន់ ២,៥គីឡូក្រាម មានភាពរហ័សរហួនពូកែជាន់មេ មានសុខភាពល្អ ប្រវត្ដិមិនធ្លាប់មានជំងឹ។
៤. ចំណីនិងទឹក
មាន់តូចអាយុ ២-៣០ថ្ងៃ ដាក់ចំណីទិញពីផ្សារឲ្យស៊ី។ មាន់មានអាយុ៣០ថ្ងៃនិងមាន់មេគាត់ដាក់ចំណីផ្សំចំរុះលាយឲ្យស៊ីមានដូចជា កន្ទក់ បាយ ចុងអង្ករ អំបិល សំបក់ខ្ចងខ្ខៅ បន្លែបៃតង (ផ្ទី កំប្លោក ដើមចេក ចក ត្រកួន) បុកលាយច្របល់ជាមួយក្បាលកំពឹសដែលទិញពីផ្សារ ១ភាគ៤ដាក់ឲ្យស៊ីរាល់ថ្ងៃ ១ថ្ងៃ៣ដង (ព្រឹក ថ្ងៃត្រង់និងល្ងាច)។ ចំណែកទឹកនៅរដូវវស្សា គាត់ដាក់ថ្នាំទិញពីផ្សារឈ្មោះ ENRO (អង់រ៉ូ) លាយទឹកធម្មតា១លីត្រ/១សេសេ។
នៅពេលដែលមាន់គ្មានបញ្ហាគាត់ដាក់ ENRO (អង់រ៉ូ) លាយជាមួយទឹក២លីត្រ/សេសេ ដាក់រយៈពេល៥ម៉ោង ហើយដូរដាក់ទឹកធម្មតាវិញ។ ចំណែកមាន់ដែលមានបញ្ហាដាក់ថ្នាំ (អង់រ៉ូ) ឲ្យផឹកលាយជាមួយទឹក១លីត្រ/សេសេ ដាក់ជាប់ចំនួន៥ថ្ងៃ។ ចំពោះមាន់ធម្មតាវិញ ត្រូវដាក់ឲ្យផឹកចំនួន១០ថ្ងៃ ឬកន្លះខែម្ដង។ នៅរដូវប្រាំងគាត់ដាក់ត្រាំសំបក ( គរ ស្ដៅ ស្វាយគគីត ដើមបណ្ដូលពេជ្រ) ដាក់ឲ្យផឹករាល់ថ្ងៃ។
៥. ការថែទាំនិងអនាម័យ
គាត់ឧស្សាហ៍បោសសំអាតទ្រុងមាន់រៀងរាល់ថ្ងៃនៅពេលព្រឹក ហើយធ្វើការស្រោចទឹកនៅលើទីធ្លាទ្រុងមាន់រៀងរាល់២ថ្ងៃម្ដងដើម្បីឲ្យត្រជាក់សម្រាប់មាន់ដើរលេង។ ចំណែកនៅរដូវប្រាំងគាត់បានបង្វិលពងមាន់២ទៅ៣ថ្ងៃម្តង ព្រោះគាត់ឲ្យមេក្រាបពង។ ចំណែកកូនមាន់ញាស់ភ្លាមគាត់យកទៅដាក់ក្នុងទ្រុងបំបែកភ្លាមកុំឲ្យវាស្ងួតរោម ហើយគាត់បានដាក់ទឹកស្អាតលាយស្ករក្រហមឲ្យវាផឹក ដល់កូនមាន់មានអាយុ២៤ម៉ោង ទើបដាក់ចំណីផ្សារឲ្យវាស៊ីតែម្តង។ នៅពេលយប់គាត់យកកូនមាន់ទៅដាក់ក្នុងកេះនំឬកេះស្រា ហើយដាក់អង្កាមកំរាស់១តឹក។
៦. ការពារ និងព្យាបាល
- ថ្នាំទំលាក់ព្រូន (Larvae) ចំពោះកូនមាន់អាយុ១៥ថ្ងៃលាយទឹកផឹក ចំពោះមេ ឬ បា ប្រើថ្នាំចាក់ទំលាក់ព្រូន (Evomix) (មាន់១ក្បាលចាក់០,២-0,៣សេសេ) ចាក់សើស្បែក សាច់ដុំទ្រូង
- មាន់អាយុ២១ថ្ងៃចាក់អ៊ុតស្លាប
- ដល់មាន់ទំងន់០,៣ខាំចាក់ថ្នាំញូកាស់សាច់ដុំទ្រូង និងសាច់ដុំគល់ស្លាប ក្នុង១ក្បាល/១សេស
- ដល់ទំងន់០,៥ខាំ ចាក់អាសន្នរោគនៅសាច់ដុំទ្រូង និងសាច់ដុំគល់ស្លាប ក្នុង១ក្បាល/១សេសេ
- ថ្នាំព្យាបាលមាន អង់រោ (លាយទឹកផឹក) ថ្នាំសង់តាទីឡូចាក់សាច់ដំទ្រូងនិងគល់ស្លាប១ក្បាល/០,២-០,៣សេសេ។
៧. តារាងការវិភាគសេដ្ឋកិច្ចការអនុវត្តន៍បច្ចេកទេសចិញ្ចឹមមាន់
មុខចំណាយ | ចំនួន(រៀល) |
ចំណី | ៩៦០.០០០ |
សាងសង់ទ្រុង | ២០០.០០០ |
ថ្នាំការពារ និងព្យាបាល | ៨៤.០០០ |
សរុប | ១.២៤៤.០០០ |
លក់មាន់ | ២.៩៧៦.០០០ |
បរិភោគ | ៤០ក្បាល |
សរុប | ៣.៥៣៦.០០០ |
ចំណូល–ចំណាយ | ២២.៩២០.០០០ |
៨. ចំណាប់អារម្មណ៍របស់កសិករ
គាត់មានប្រសាសន៍ថា ក្រោយពីបានរៀន និងយកបច្ចេកទេសមកអនុវត្តឃើញថា មាន់របស់គាត់មានចំនួនកើនឡើងច្រើនឆាប់ធំ និងមិនងាយងាប់ដូចកាលចិញ្ចឹមតាមទំលាប់ទេ។ ម្យ៉ាងទៀតចំណូលនៃការចិញ្ចឹមមាន់ខាងលើមិនគិតពីការចាប់ហូបប្រចាំខែឡើយ ហើយគាត់ថាការចិញ្ចឹមមាន់ចំណេញជាងជ្រូក។ ហើយនៅត្រឹមដើមខែ១២ ឆ្នាំ២០១៦ គាត់និងទុកពូជមេ ៣០ក្បាលទៀត និងបា ៦ក្បាលទៀត។
៩. ការផ្សព្វផ្សាយបន្ដទៅកសិករ
កន្លងមកគាត់បានទទួល និងចែករំលេកបទពីសោធន៍តាមរយៈការបណ្ដុះបណ្ដាល ការប្រជុំទស្សនៈកិច្ចសិក្សាដែលរួមមាន៖
- ផ្ដល់បទពិសោធន៍ដល់កសិករនៅអ្នកជិតខាងក្នុងភូមិ និងក្រៅភូមិ
- ផ្សព្វផ្សាយបន្ត ឬបណ្ដុះបណ្ដាលដល់កសិករក្នុងភូមិ និងក្រៅភូមិចិញ្ចឹមសត្វមាន់ឲ្យបានច្រើន
- ចែករំលែកបទពិសោធន៍ដល់កសិករដទៃទៀតពីជំនាញកសិកម្មផ្សេងៗ៕