Home / ចំណេះដឹងទូទៅ / ទម្លាប់ប្រចាំថ្ងៃ ៥ ប្រការរបស់បុគ្គលជោគជ័យ

ទម្លាប់ប្រចាំថ្ងៃ ៥ ប្រការរបស់បុគ្គលជោគជ័យ

យើងទាំងអស់គ្នាដឹងថាទម្លាប់អាចជួយរក ឬ បំផ្លាញជោគជ័យក្នុងជីវិតយើង។ ទម្លាប់អាក្រក់ អាចរីកធំធាត់ក្លាយទៅជារបៀបរស់នៅកំណត់ជីវិតយើង និងទាញយើងចេញឆ្ងាយពីអ្វីដែលយើងប្រាថ្នាចង់បាន។ ទម្លាប់ល្អនឹងជួយយើងបង្កើតនូវជីវិតមួយដែលពោរពេញដោយសកម្មភាព និង សមិទ្ធផលមានប្រយោជន៍សម្រាប់យើង និងអ្នកផងទាំងពួង។

ប្រសិនបើអ្នកក្រឡេកមើលបុគ្គលដែលអ្នកគោរព បុគ្គលជោគជ័យ អ្នកនឹងឃើញថា គាត់ចំណាយពេលប្រចាំថ្ងៃធ្វើរឿងទាំងឡាយដើម្បីឈានទៅសម្រេចគោលដៅជីវិតចម្បងរបស់គាត់។ នេះមិនមានន័យថាគាត់ល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែគាត់បន្តធ្វើរឿងទាំងឡាយដែលមានសារប្រយោជន៍សម្រាប់គាត់ គ្រួសារ មិត្តភ័ក្ត ស្ថាប័ន សង្គម ឬ ប្រទេសជាតិ។ ជោគជ័យរបស់ពួកគាត់ចាប់ផ្តើមជាមួយទម្លាប់ប្រចាំថ្ងៃ។

ប៉ុន្តែយើងត្រូវដឹងថា ប្រសិនបើយើងគ្រាន់តែសិក្សា និង យល់ដឹងអំពីទម្លាប់ជោគជ័យ វានឹងពុំមានប្រយោជន៍សម្រាប់យើងទេ បើយើងមិនយកទៅអនុវត្ត។ ខាងក្រោមនេះ ជាទម្លាប់ ៥ ប្រការប្រចាំថ្ងៃរបស់បុគ្គលជោគជ័យ ដែលអ្នកអាចចាប់យកទៅប្រតិបត្តិផ្ទាល់ខ្លួន ដើម្បីបង្កើតជីវិតមួយដែលអ្នកស្រមៃចង់បាន។

១. បុគ្គលជោគជ័យរៀបផែនការថ្ងៃស្អែកមុនពេលចូលគេង (Successful people plan out their day the night before)

នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង វាងាយស្រួលណាស់ដែលយើងបែកអារម្មណ៍(មិនដឹងធ្វើអ្វី) នៅពេលដែលយើងគ្មានផែនការណាមួយច្បាស់លាស់។ ការមិនបានរៀបចំផែនការសម្រាប់ថ្ងៃស្អែក អ្នកភ្ញាក់ឡើងដោយមិនដឹងថាត្រូវធ្វើអ្វី ឬសម្រេចអ្វីទេ ហើយពេលវេលាចេះតែដើរទៅមុខ។ បន្ទាប់មក ពេលពេញមួយថ្ងៃបានកន្លងផុតទៅ អ្នកមានអារម្មណ៍ថា ថ្ងៃនេះខ្ញុំមិនបានធ្វើអ្វីសោះ។ បុគ្គលជោគជ័យតែងចំណាយពេលមុនចូលគេង ឬ ភ្ញាក់ពីព្រលឹម ដាក់ផែនការសម្រាប់ធ្វើប្រចាំថ្ងៃ។ បន្ទាប់មកគាត់ចំណាយពេលដើរតាមផែនការនោះ។

ប្រាកដណាស់ អ្វីៗវាមិនប្រព្រឹត្តទៅតាមផែនការគ្រប់ពេលទេ ក៏ប៉ុន្តែបើមានអ្វីប្រែប្រួលចាំបាច់ អ្នកគ្រាន់តែផ្លាស់ប្តូរផែនការរបស់អ្នកទៅ។ បើអ្នកអាចធ្វើបែបនេះបាន អ្នកនឹងមានអារម្មណ៍ល្អ ពេញចិត្តថា ថ្ងៃនេះខ្ញុំបានសម្រេចកិច្ចការសំខាន់មួយចំនួន។

២. បុគ្គលជោគជ័យអានសៀវភៅដើម្បីជួយជំរុញចិត្ត (Successful people read books to get inspired)

ការអានជាសមាសធាតុដ៏សំខាន់មួយនៃភាពជោគជ័យ ព្រោះថាសៀវភៅផ្ទុកនូវចំណេះដឹងច្រើនលើសលុប។ ជាធម្មតា លោក Elon Musk ដែលជាសហគ្រិនវ័យក្មេងដ៏ជោគជ័យ តែងចំណាយពេល ៤ម៉ោងក្នុង១ថ្ងៃក្នុងការអាន ដើម្បីឲ្យកើនប្រាជ្ញា។ ៤ម៉ោងក្នុង១ថ្ងៃសម្រាប់ការអាន អាចជាហេតុផលចំបងមួយដែលធ្វើឲ្យគាត់ទទួលជោគជ័យយ៉ាងខ្លាំង។

វាមិនចាំបាច់ថា អ្នកត្រូវអានក្នុងរយៈពេលវែងណាមួយក្នុង១ថ្ងៃទេ ក៏ប៉ុន្តែ ការបង្កើតទម្លាប់អានជាប្រចាំថ្ងៃ នឹងពង្រីកការយល់ដឹងរបស់អ្នក ហើយជួយអ្នកក្នុងការធ្វើដំណើរសំដៅទៅរកក្តីស្រមៃក្នុងជីវិតរបស់អ្នក។

៣. បុគ្គលជោគជ័យចាត់ទុកសុខភាពជាអាទិភាពចម្បង​ (Successful people make their health a priority)

អ្វីដែលអ្នកបរិភោគ និង ការហាត់ប្រាណជាប្រចាំនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។ បុគ្គលជោគជ័យប្រើប្រាស់ពេលវេលាហាត់ប្រាណសម្រាប់សុខភាព ស្រូបយកថាមពលថ្មីនិងគំនិតថ្មី។ ពួកគាត់តែងជ្រើសរើសមុខម្ហូបដែលផ្តល់ផាសុខភាព និងថាមពលដើម្បីសម្រេចកិច្ចការប្រចាំថ្ងៃរបស់គាត់។

តើត្រូវហូបអ្វីនាពេលព្រឹក ថ្ងៃត្រង់ និង អាហារពេលល្ងាច? តើលំហាត់ប្រាណអ្វី (ដើរ រត់ ហែលទឹក ឬ ជិះកង់)ដែលត្រូវធ្វើក្នុងថ្ងៃនេះ? ចូរយកចិត្តទុកដាក់ចំពោះរឿងទាំងនេះ ពីព្រោះវានឹងកំណត់ភាពរីករាយនិងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់អ្នក។

៤. បុគ្គលជោគជ័យមិនបណ្តោយឲ្យជោគជ័យអ្នកដទៃរំខានដល់ការផ្ចង់អារម្មណ៍របស់ខ្លួន (Successful people don’t get distracted by what other people are doing)

ដំណើរជីវិតរបស់អ្នកដទៃប្រកបដោយភាពជោគជ័យអាចជាគ្រឿងជំរុញចិត្តដល់យើង។ យើងអាចរៀនសូត្រអំពីភាពជោគជ័យ កំហុសឆ្គង អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ ពីបទពិសោធន៍អ្នកដទៃ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកចាប់ផ្តើមប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ អ្នកចាប់ផ្តើមមានអារម្មណ៍ច្រណែន ថប់អារម្មណ៍ អស់តម្លៃ ជាជាងប្រើប្រាស់ប្រវត្តិរឿងរ៉ាវជោគជ័យរបស់ពួកគាត់ជាគ្រឿងជំរុញចិត្ត។

បុគ្គលជោគជ័យតែងយល់ថា ដំណើរជីវិតនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន បុគ្គលនីមួយៗមានភាពខ្លាំងពិសេសរៀងៗខ្លួន ហើយមិនអាចប្រៀបធៀបគ្នាបានទេ។ ដូច្នេះហើយ ចូរអ្នកកុំជាប់អន្ទាក់នៃការប្រៀបធៀបជាមួយនរណាម្នាក់ ហើយប្រឹងធ្វើតាមគេ។ ចូរផ្ចង់អារម្មណ៍លើក្តីស្រមៃ ភាពខ្លាំងពិសេស និង បេសកកម្មជីវិតរបស់អ្នក។

៥. បុគ្គលជោគជ័យរស់នៅដោយគិតថាថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតគេ (Successful people live each day as if it were the last)

ជីវិតគឺវារវល់ច្រើន វារញ៉េរញ៉ៃ ហើយជំរុញឲ្យអ្នកគិតច្រើនអំពីអនាគត។ ពិតហើយ យើងគ្រប់គ្នា ច្រើនខ្វល់ថាអ្វីអាចនឹងកើតឡើងនៅថ្ងៃស្អែក។ ប៉ុន្តែ អ្នកត្រូវយល់ថា បើទោះបីជាការរៀបផែនការសម្រាប់ថ្ងៃស្អែកវាសំខាន់ តែអ្វីដែលសំខាន់ជាងនេះគឺ ការរស់នៅថ្ងៃនេះ ការរស់នៅជាមួយពេលបច្ចុប្បន្ន។

ជីវិតគឺខ្លីណាស់ ហើយយើងថែមទាំងមិនដឹងច្បាស់ថាតើវានឹងចប់ពេលណាផង។ បុគ្គលជោគជ័យរស់នៅដោយគិតថា ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់គេ ហើយគេត្រូវធ្វើអ្វីដែលសំខាន់ចាំបាច់ ដោយមិនចំណាយពេលគិតព្រួយបារម្មអំពីថ្ងៃស្អែកទេ។

នៅពេលដែលអ្នកសម្លឹងមើលទៅគោលដៅជីវិតដែលធំនិងវែងឆ្ងាយ អ្នកអាចមានអារម្មណ៍អស់សង្ឃឹមនិងធុញទ្រាន់ ដោយសារតែទំហំវាធំពេក និងពិបាកទៅដល់។ ក៏ប៉ុន្តែ នៅពេលដែលអ្នកក្រោកពីព្រលឹម ហើយប្តេជ្ញាចិត្តបង្កើតទម្លាប់ល្អប្រចាំថ្ងៃ អ្នកនឹងទទួលបានសំណាងនិងឱកាសដ៏ប្រសើរដើម្បីសម្រេចក្តីស្រមៃក្នុងជីវិតរបស់អ្នក។ ចូរប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃ ៥ ប្រការនេះ ដើម្បីចាប់ផ្តើមបង្កើតជីវិតមួយដែលជោគជ័យ ជីវិតមួយដែលអ្នកស្រមៃ ជីវិតមួយដែលអ្នកចង់បាន។

“ភាពជោគជ័យរង់ចាំអ្នកដែលមានការប្តេជ្ញាចិត្តខ្ពស់ កសាងទម្លាប់ល្អ និងស្វិតស្វាញដើរសំដៅទៅរកក្តីស្រមៃរបស់ខ្លួន។” – សាម អ៊ីន

— ដកស្រង់ពីអត្ថបទរបស់ Kimanzi Constable, in the Success Magazine (February 2016), 5 Daily Habits of Highly Successful People

— ប្រែសម្រួលដោយ សាម អ៊ីន, ខែមករា ឆ្នាំ២០១៧

— អត្ថបទទាក់ទង ៖

 

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

សារជាតិដែក, សារជាតិកាល់ស្យូម, ចៃជញ្ជក់ស្លឹក, ដង្កូវស៊ីរូងដើម, ខ្ញុង

សារជាតិដែក ជាជាតិរ៉ែមួយយ៉ាងសំខាន់ក្នុងចំណីអាហារ។ វាជួយក្នុងការបង្កើតគ្រាប់ឈាម។ បើគ្មានជាតិដែកគ្រប់គ្រាន់នៅក្នុងខ្លួន ធ្វើឲ្យមានជំងឺខ្វះឈាមក្រហម ដែលបណ្តាលឲ្យរាងកាយឡើងស្លេកស្លាំងស្រកទំងន់។ សារជាតុដែកសំបូរនៅក្នុងពពួកបន្លែស្លឹក កួរសណ្តែកខ្ចីៗ សណ្តែកដី ត្រយូងចេក ​ដើមចេក។ល។