កំប្លោកជារុក្ខជាតិដុះនៅក្នុងបឹង ស្រះ ត្រពាំង ស្ទឹង ប្រឡាយ និងទន្លេ។ ក្រៅពីប្រយោជន៍ក្នុងវិស័យកសិកម្ម និងអាហាររបស់មនុស្ស កំប្លោកត្រូវបានគេយកទៅធ្វើជាខ្សែចង ច្នៃធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗ និងកែច្នៃធ្វើជាគ្រឿងសង្ហារឹមជាដើម។ ប្អូនប្រុស ប្រាក់ លីណូ អាយុ២៨ឆ្នាំ (ឆ្នាំ២០១៩) រស់នៅភូមិព្រែកតាឡុង សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានបទពិសោធន៍ល្អក្នុងការបេះធាងកំប្លោកនៅបឹងជើងឯកមកច្រៀកឆូតយកទៅលក់ ដែលមុខរបរនេះ ជីដូនរបស់ប្អូនប្រុសប្រកបតាំងពីឆ្នាំ១៩៧៩មកម្លេះ ហើយក្នុងពេលនេះ (ឆ្នាំ២០១៩) កូននិងចៅក៏ប្រកបមុខរបរនេះផងដែរ។ ចំពោះបទពិសោធន៍សូមបង្ហាញជូនដូចខាងក្រោម។
១-សារៈប្រយោជន៍កំប្លោកក្រៅពីវិស័យកសិកម្ម
ក្រៅពីវិស័យកសិកម្ម (ជីធម្មជាតិ ចំណីសត្វ) និងអាហាររបស់មនុស្ស (ផ្កាជាអន្លក់ ល្បោយនំបញ្ចុក) កំប្លោកត្រូវបានគេយកមកធ្វើជាខ្សែចងរបស់របរផ្សេងៗប្រចាំថ្ងៃ ជាពិសេសចងកំបុតត្រីអាំង ចងសាច់ក្រក ច្នៃធ្វើជាសំភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា ស្បែកជើង កន្ត្រក កាបូប…និងកែច្នៃធ្វើជាគ្រឿងសង្ហារឹមជាដើម។
ទូក និងកូនកាំបិត។
៣-ការកាច់បេះយកធាងកំប្លោក និងវិធីធ្វើ
- ជិះទូកទៅកាច់បេះយកតែធាងកំប្លោកដែលមានប្រវែងចាប់ពី ៦ ទៅ ៩តឹក ប៉ុន្តែបើមិនមានខ្នាតនេះទេ គឺប្រវែង ៥ ទៅ ៦តឹកក៏បានដែរ
- កាត់ស្លឹកចេញ ប៉ុន្តែត្រូវទុកស្លឹកឲ្យនៅសល់ប្រមាណ ៥សង្ទីម៉ែត្រ (ខ្វះលើសបន្តិចបន្តូចក៏បាន)
- ច្រៀកធាងជា២ ឬ ៤ ចម្រៀកតាមតម្រូវការយកទៅហាលថ្ងៃរហូតដល់ស្លឹកដែលនៅសល់ខាងចុងនោះឡើងរាងពណ៌ស ទើបចងក្របូចខាងចុងបញ្ចូលគ្នាជាបាច់
- ពេលល្ងាច ឬពេលមេឃរកកលភ្លៀង ត្រូវប្រមូលគរទុកដោយគ្របតង់កៅស៊ូ ឬថង់ប្លាស្ទិកពីលើនិងយករបស់ធ្ងន់ (ដុំថ្ម កំណាត់ឈើ) សង្កត់ជាយតង់កៅស៊ូដើម្បីកុំឲ្យប៉ើង និងទទឹក
- នៅពេលចងក្របូចជាបាច់រួចហើយក៏ដោយ គឺនៅតែហាលថ្ងៃទៀតរហូតធាងឡើងពណ៌ស (ធាងបាត់ពណ៌បៃតង) ទើបលែងហាល (ហាលរយៈពេល២ថ្ងៃបើមានកំដៅខ្លាំង បើកំដៅថ្ងៃមិនគ្រប់គ្រាន់ទេ គឺហាលរហូតដល់៥ថ្ងៃ)។
៤-ថ្លៃឈ្នួលអ្នកច្រៀក អ្នកចងរាប់សរសៃកំប្លោក និងចំណូល
ប្អូនប្រុសបានឲ្យដឹងថា អ្នកច្រៀកកំប្លោកក្នុងមួយថ្ងៃតម្លៃ ២០.០០០រៀលក្នុងម្នាក់។ ចំណែកអ្នកចងវិញ គេយកឈ្នួលគិតរាប់សរសៃកំប្លោកគឺ ១៥០សរសៃ (ដុំតូច) ១០០រៀល ចំពោះដុំធំគឺស្មើនឹងដុំតូច ១០ដង (១៥០ X ១០) = ១.៥០០សរសៃ តម្លៃ ១.០០០រៀល។ នៅពេលរាប់ចងរួចគឺខាងប្អូនប្រុសដឹកជញ្ជូនទៅឲ្យម៉ូយ និងក៏មានអ្នកទិញមកយកដល់ផ្ទះប្អូនដែរ។ ចំពោះចំណូលគឺក្នុងមួយថ្ងៃរកបានពី ៨០.០០០ ទៅ ៩០.០០០រៀល (មិនទាន់គិតលើចំណាយ)។
កត់ចំណាំ. ខែអំណោយផលល្អក្នុងការប្រកបមុខរបរនេះ គឺពីខែមករា ដល់ខែមេសា ពីព្រោះមានពន្លឺថ្ងៃគ្រប់គ្រាន់ក្នុងការហាល ក្រៅពីខែនេះពន្លឺថ្ងៃមិនសូវអំណោយផលទេ។ នៅរដូវវស្សាសូមប្រយ័ត្នចំពោះបាតុភូតរន្ទះបាញ់ ពិសេសដុំពពកខ្មៅនៅពីលើសូមប្រញាប់ឡើងគោកជាបន្ទាន់ព្រោះទឹកក៏ជាប្រភពចម្លងចរន្តអគ្គិសនីមួយដែរបង្កើតជារន្ទះបាញ់បណ្តាលឲ្យឆក់សត្វ មនុស្សស្លាប់។ រីឯប្រវែងសរសៃកំប្លោកគឺមានអ្នកទិញខ្លះចង់បានទាំងវែង អ្នកខ្លះចង់បានកាត់ជា ២ ឬ ៣ កំណាត់ដើម្បីយកទៅប្រើប្រាស់បានតាមតម្រូវការ។
សង្ខេបចំណុចសំខាន់ៗនៃការបេះកំប្លោកច្រៀកលក់៖
- កាច់បេះយកតែធាងកំប្លោកប្រវែងចាប់ពី ៥ តឹកឡើងទៅ
- កាត់ស្លឹកចេញដោយទុកឲ្យនៅសល់ស្លឹកបន្តិច រួចច្រៀកជា២ ឬ ៤ចម្រៀកតាមតម្រូវការ
- យកទៅហាលថ្ងៃឲ្យស្លឹកខាងចុងឡើងរាងពណ៌ស ទើបចងក្របូចផ្នែកខាងចុងជាបាច់
- ពេលល្ងាច ឬមេឃរកភ្លៀង ប្រមូលកំប្លោកគរលើគ្នារួចគ្របតង់កៅស៊ូ ឬថង់ប្លាស្ទិកដោយសង្កត់ជើងកុំឲ្យប៉ើង
- មេឃរកភ្លៀង ពិសេសដុំពពកខ្មៅនៅពីលើ ប្រញាប់ឡើងគោកជាបន្ទាន់ ការពាររន្ទះបាញ់ត្រូវ
- ហាលបន្តទៀតទាំងបាច់នោះទាល់តែធាងឡើងពណ៌ស (បាត់ពណ៌បៃតង) ទើបឈប់ហាល
- ក្នុងការលក់គឺរាប់ចំនួនសរសៃ (ចម្រៀក) កំប្លោក និងកាត់ជាកំណាត់ៗ តាមតម្រូវការអ្នកទិញ៕