Home / ចំណេះដឹងទូទៅ / បើអ្នកចង់រីករាយរាល់ថ្ងៃ ចូរធ្វើរឿង៣នេះ

បើអ្នកចង់រីករាយរាល់ថ្ងៃ ចូរធ្វើរឿង៣នេះ

          មិនដូចការគិតពីអតីតកាល ចំនួនទឹកលុយ ឋានៈក្នុងសង្គម និងសម្ភារៈដែលអ្នកមានលែងចាត់ទុកជាសូចនាករសំខាន់ចំបងជាងគេសម្រាប់ជោគជ័យក្នុងជីវិតអ្នកហើយ។ ក្នុងពេលបច្ចុប្បន្ន មនុស្សស្វែងរកអត្ថន័យជីវិតជ្រៅជាងនេះ គោលដៅជីវិតដែលនៅខ្ពស់ជាងរឿងផ្ទាល់ខ្លួន និងសុខុមាលភាព(សុខភាពល្អ ភាពរីករាយ ភាពពេញចិត្ត) ដែលជារឿងចំបងសម្រាប់ភាពជោគជ័យនៃជីវិត។

          ឃ្លាថ្មីមួយក្នុងសម័យបច្ចុប្បន្នពោលថា “សុខុមាលភាពគឺជាជោគជ័យនៃជីវិត” គឺជាការក្រើនរំលឹកខ្ញុំ និង អ្នកផងទាំងពួងថា យើងមានអារម្មណ៍ពេញចិត្ត វាមានភាពសំខាន់ច្រើនជាងឋានៈតួនាទីក្នុងសង្គម ដែលយើងទទួលបាន។
          មហាត្មះ គន្ធី ធ្លាប់និយាយថា “ការជឿរបស់អ្នកក្លាយជាការគិតរបស់អ្នក។ ការគិតរបស់អ្នកក្លាយជាពាក្យនិយាយរបស់អ្នក។ ការនិយាយរបស់អ្នកក្លាយជាសកម្មភាពរបស់អ្នក។ សកម្មភាពរបស់អ្នកក្លាយជាទម្លាប់របស់អ្នក។ ទម្លាប់របស់អ្នកក្លាយជាគុណតម្លៃរបស់អ្នក។ គុណតម្លៃរបស់អ្នកក្លាយជាជោគវាសនាជីវិតអ្នក។”  ដូចការពន្យល់របស់ មហាត្មះ គន្ធីការគិតរបស់យើងគឺជាអ្នកកំណត់ជោគវាសនារបស់យើង។ ដូច្នេះហើយ ជារឿងសំខាន់ដែលយើងត្រូវចងចាំជានិច្ចថា ព្រំដែននៃជីវិតរបស់យើងគឺកើតចេញមកពីការគិតរបស់យើងតែប៉ុណ្ណោះ។
          នៅក្នុងសៀវភៅ “You are the Placebo: Making Your Mind Matter”, បណ្ឌិត Joe Dispenza សរសេរថា ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក អ្នកចាំបាច់ត្រូវរៀនគិត រៀនគ្រប់គ្រងអារម្មណ៍ និងធ្វើសកម្មភាពក្នុងរបៀបមួយថ្មី។ ដូចជាគំនិតរបស់អ្នកនិពន្ធដ៏ល្បីល្បាញ Napoleon Hill ដែរ បណ្ឌិត Dispenza ផ្តល់គំនិតថា អ្នកត្រូវមានការគិតឱ្យច្បាស់លាស់ និង ផ្ចង់អារម្មណ៍ទៅលើអ្វីដែលអ្នកចង់បាន ដោយរួមបញ្ចូលជាមួយថាមពលផ្លូវអារម្មណ៍ដ៏ខ្ពស់មួយ។ ការរួមបញ្ចូលនៃកម្លាំងទាំងពីរ(ការគិតស្រមៃចង់បាន និង ការផ្ចង់អារម្មណ៍) ធ្វើឱ្យអ្នកបង្កើតនូវកម្លាំងរលកទំនាញដ៏ខ្លាំងមួយដែលទាញអ្វីៗសំដៅទៅបង្កើតការពិតនៃក្តីស្រមៃដែលអ្នកចង់បាន។
          អារម្មណ៍របស់យើងវាទាក់ទងផ្ទាល់ទៅនឹងកោសិកាខួរក្បាល ប្រព័ន្ធការពារ និង ប្រព័ន្ធក្រពេញក្នុងខ្លួនយើង។ ហេតុដូច្នេះហើយ នៅពេលយើងមានអារម្មណ៍អ្វីមួយ វាបានបង្កើតទៅជារូបរាងពិតនៅខាងក្រៅ។ អ្នកត្រូវយល់ថា អ្នកមានជម្រើសមួយ: តើអ្នកបណ្តោយឲ្យអារម្មណ៍(រវើរវាយ មិនល្អ ម៉ួរម៉ៅ)របស់អ្នកគ្រប់គ្រងលើអ្វីៗទាំងឡាយដែលអ្នកមិនចង់បាន ឬ មួយអ្នកប្រើប្រាស់សតិដឹងរបស់អ្នក ដោយជំនួសអារម្មណ៍មិនល្អជាមួយនឹងការគិតបែបវិជ្ជមាន និងអារម្មណ៍ល្អបែបវិជ្ជមាន។
          ខាងក្រោមនេះជាគន្លឹះ៣យ៉ាងដែលនឹងជួយអ្នកឲ្យទទួលបានសុខុមាលភាពប្រចាំថ្ងៃ ៖
            
១. ក្លាយជាមិត្តល្អជាមួយអារម្មណ៍របស់អ្នក (Become friends with your emotions)
          ចូរចំណាយពេល១០ ទៅ៣០នាទីអង្គុយស្ងៀមស្ងាត់ដោយគ្មានការរំខាន ហើយផ្ចង់អារម្មណ៍លើដង្ហើមរបស់អ្នក។ ចូរនៅជាមួយសង្វាក់នៃដង្ហើមរបស់អ្នក បន្ទាប់មកអ្នកនឹងចាប់ផ្តើមដឹងថាការគិត ឬអារម្មណ៍ណាមួយកំពុងទាញចិត្តអ្នក។ ចូរទុកឲ្យវាកើតឡើងចុះ។ ពេលវាកើតឡើង អ្នកគ្រាន់តែដឹងថា វាកើតឡើង វាបាត់ទៅវិញ រួចហើយកើតឡើងជាថ្មីទៀត ដូចជាពពុះសាប៊ូអញ្ចឹង។ នៅពេលចិត្តអ្នកបានស្ងប់បន្តិច អ្នកអាចស្រមៃផ្លុំពពុះសាប៊ូនោះចេញឆ្ងាយទៅៗ។ អ្នកអាចស្រមៃឃើញពពុះសាប៊ូរសាត់ឆ្ងាយទៅៗ ខ្ពស់ទៅៗ រហូតទាល់តែវាលែងជាចំណែកមួយរបស់អ្នក។ បន្ទាប់មក ចូរផ្តោតអារម្មណ៍មកដង្ហើមរបស់អ្នកវិញ។ ពេលនោះ ដង្ហើមរបស់អ្នកនឹងស្រាលទៅៗ យឺតទៅៗ។ ចូរបណ្តោយឲ្យចិត្តអ្នកធ្លាក់ចូលទៅក្នុងអារម្មណ៍សន្តិភាព ហើយនៅជាប់ជាមួយដង្ហើមរបស់អ្នក។
          ចូរចងចាំថា ការគិត និងអារម្មណ៍របស់អ្នកអាចជាមិត្តដ៏ល្អបំផុតរបស់អ្នក។ វាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង និងកំណត់ឥរិយាបទរបស់អ្នកប្រចាំថ្ងៃ។ នៅពេលខ្លះ នាឡិកាសម្រាប់ដាស់យើងឲ្យភ្ញាក់មិនបានរោទ៍ឡើង ឬមួយយើងជំពប់ជើងពេលយើងក្រោកពីដំណេក ដែលបណ្តាលឲ្យការគិតរបស់យើងសំដៅទៅរកផ្លូវអវិជ្ជមាន។ យើងចាប់ផ្តើមព្រួយបារម្មណ៍អំពីប្រធានយើងអាចនឹងស្តីបន្ទោសឲ្យយើង ឬមួយក៏គិតអំពីជម្លោះពាក្យសំដីជាមួយសហការី កាលពីម្សិលមិញ។ ការគិតបែបនេះនឹងកំណត់ឥរិយាបទយើងថ្ងៃនេះទាំងស្រុង និងតាមខ្លួនយើងជាប់ ហើយចាប់ផ្តើមទាញរឿងអាក្រក់ៗមកជាមួយ។ ចូរមានការចាប់ភ្លឹកនឹងអារម្មណ៍ប្រចាំថ្ងៃរបស់អ្នក ហើយធ្វើការផ្លាស់ប្តូរការគិត បើវាស្ថិតនៅក្នុងស្ថានការណ៍អាក្រក់ ម៉ួរម៉ៅ ខឹងសម្បារ អស់សង្ឃឹម។
២.  បង្កើតទម្លាប់ដឹងគុណ (Develop a gratitude practice)
          នៅពេលអ្នកភ្ញាក់ពីដំណេក ឬមុនចូលគេង ចូរនឹកដល់រឿងរ៉ាវឲ្យបាន១០ចំណុចដែលអ្នកសំដែងការដឹងគុណ។ អ្នកនឹងមានការភ្ញាក់ផ្អើលថាវាងាយស្រួលយ៉ាងណាក្នុងការនឹកគិត ស្វែងរក និង​រំលឹករឿងរ៉ាវទាំងឡាយដែលល្អប្រពៃ គួរជាទីរីករាយក្នុងជីវិត។ ក្នុងជីវិតប្រចាំថ្ងៃ យើងមានការមមាញឹកច្រើន ធ្វើឲ្យយើងភ្លេចគិតដល់ឱកាសក្នុងការសរសើរ ពេញចិត្ត និងដឹងគុណដល់រឿងរ៉ាវតូចៗទាំងឡាយដែលកើតឡើងនៅជុំវិញខ្លួនយើងដែលរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពរបស់យើង។
          ខាងក្រោមនេះជាឧទាហរណ៍នៃរឿងរ៉ាវតូចៗទាំងឡាយដែលអាចជាទីពេញចិត្ត និងគួរឲ្យអរគុណសម្រាប់យើង ៖
ü  ស្តាប់សូរសម្លេងសត្វបក្សាបក្សី
ü  យប់មិញខ្ញុំគេងលក់ស្រួល
ü  ខ្ញុំមានគ្រែមួយដែលទន់ល្មើយសម្រាប់គេង
ü  ខ្ញុំមានអារម្មណ៍ល្អពេលបានដើរហាត់ប្រាណ
ü  បានអង្គុយផឹកកាហ្វេមួយកែវដែលមានរសជាតិ
ü  បានទទួល និងផ្តល់ឲ្យនូវពាក្យអរុណសួស្តីជាមួយស្នាមញញឹមពីសហការី
ü  បានអង្អែលថ្នមៗដល់សត្វឆ្កែ ឬឆ្មាររបស់អ្នកជាមួយក្តីស្រឡាញ់
ü  បានគយគន់ព្រះអាទិត្យរះនាពេលព្រឹកព្រលឹម
ü  មកដល់កន្លែងការងារដោយមិនស្ទះចរាចរ
ü  បានដើរកាត់សួនច្បារឃើញផ្កាស្រស់ល្អ
ü  បានជួយនរណាម្នាក់នៅតាមផ្លូវ ហើយទទួលបានពាក្យអរគុណ
ü  បានញាំអារហារឆ្ងាញ់ដែលមានសុខភាព
បើមានសៀវភៅកត់ត្រាមួយនៅក្បាលដំណេកជាការល្អ ដោយអ្នកអាចកត់ត្រារឿងរ៉ាវល្អៗទាំងឡាយដែលអ្នកសរសើរអរគុណ បន្ទាប់ពីភ្ញាក់ពីដំណេក។ រឿងរ៉ាវទាំងនោះមិនចាំបាច់ស្ថិតនៅក្នុងចន្លោះ២៤ម៉ោងទេ។ អ្នកអាចនឹកគិតដល់មិត្តដែលខានជូបគ្នា១ខែមកហើយ ហើយដែលធ្លាប់ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងើចសរសើរ និងគួរឲ្យគោរពស្រឡាញ់។ 
ប្រសិនបើអ្នកចង់ឈានមួយជំហានជ្រៅជាងនេះ អ្នកអាចអនុវត្តអារម្មណ៍ដឹងគុណដល់រឿងរ៉ាវទាំងឡាយដែលមិនទាន់កើតឡើងនៅឡើយ តែអាចនឹងកើតឡើងនៅពេលខាងមុខ។ ឧទាហរណ៍ អ្នកកំពុងធ្វើការដើម្បីក្លាយជាអ្នកនិពន្ធដ៏ល្បី ដោយចំណាយពេលមួយខណៈខ្លីមានអារម្មណ៍ដឹងគុណដែលអ្នកបានក្លាយជាអ្នកនិពន្ធដ៏ល្បីមួយរូប។ និយាយបែបម្យ៉ាងទៀតគឺថា អ្នកកំពុងផ្តោតអារម្មណ៍ពេញចិត្តទៅលើក្តីស្រមៃដែលអ្នកចង់ឃើញឲ្យក្លាយជាការពិត។
អ្នកនឹងមានការភ្ញាក់ផ្អើលអំពីឥទ្ធិពលនៃការប្រតិបត្តិការដឹងគុណដល់រឿងរ៉ាវល្អៗទាំងឡាយដល់អារម្មណ៍ប្រចាំថ្ងៃ និងអនាគតដ៏ល្អរបស់អ្នក។
៣. ភ្ជាប់ខ្លួនជាមួយធម្មជាតិ (Connect with nature)
          ចូរដើរចេញក្រៅបន្ទប់ ឬក្រៅផ្ទះ បើទោះបី ៥ទៅ១០នាទីក៏ដោយ ជាពិសេសបន្ទាប់ពីបាយថ្ងៃត្រង់ ឬបាយល្ងាច។ ស្វែងរកទីវាលដែលមានស្មៅខៀវខ្ចី និងដើមឈើ រួចហើយដោះស្បែកជើងរបស់អ្នក ហើយឈរលើវាលស្មៅ ដោយមានអារម្មណ៍ថាអ្នកកំពុងភ្ជាប់ខ្លួនអ្នកជាមួយផែនដីដ៏ធំល្វឹងល្វើយ ជាមួយធម្មជាតិដែលនៅជុំវិញ។ ដោយផ្ចង់អារម្មណ៍មកដង្ហើមរបស់អ្នក ហើយមានអារម្មណ៍ថាអ្នកកំពុងទាញថាមពលពីផែនដី ថាមពលកំពុងរត់កាត់ខ្លួនអ្នក ហើយចាកចេញទៅវិញតាមចុងម្រាមដៃអ្នក។
          ធ្វើបែបនេះដោយស្រមៃនឹកគិត និងមានអារម្មណ៍ថាការស្រឡាញ់ និងដឹងគុណដល់ធម្មជាតិកំពុងស្ថិតនៅក្នុងបេះដូងរបស់អ្នក។ នៅពេលអ្នកកំពុងគិតបែបនេះ ចូរផ្ចង់អារម្មណ៍ដល់ដង្ហើមរបស់អ្នក ដឹងពីកម្ដៅព្រះអាទិត្យប៉ះមុខរបស់អ្នក ដឹងពីខ្យល់បក់ប៉ះស្បែករបស់អ្នក ស្តាប់សំឡេងបក្សីកំពុងស្រែកច្រៀង។ ធ្វើបែបនេះ អ្នកអាចបង្វឹកសតិដឹងរបស់អ្នកដោយភ្ជាប់ការគិត ជាមួយកាយរបស់អ្នក ជាមួយស្មារតីរបស់អ្នក។
          អ្នកអាចបង្វឹកសតិដឹងរបស់អ្នកដោយចូលជ្រៅជាងនេះតាមរយៈការធ្វើវិបស្សនា ឬការធ្វើសម្មាធិ។ អ្នកមានសតិដឹងអំពីខ្លួនអ្នកបានកាន់តែខ្ពស់ អ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានកាន់តែខ្លាំង ហើយភាពរីករាយ និងការពេញចិត្តនឹងកើតឡើងចំពោះអ្នកកាន់តែច្រើន។
ដកស្រង់ពីអត្ថបទរបស់ Fran Sorin, in the MindBodyGreen Magazine (October 2016), 3 things to do if you want to be happy every day
ប្រែសម្រួលដោយ សាម អ៊ីន, ខែមករា ឆ្នាំ២០១៧

អត្ថបទទាក់ទង :

 

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បើកបរលើផ្លូវបំបែកជា៣ដូចរូបភាពនេះ តើរថយន្តមួយណាមានសិទ្ធិអាទិភាពទៅមុន? សូមចុចមើលចម្លើយ!

ប្រភព គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន សហគមន៍សម្បូរសប្បាយ