Home / ចំណេះដឹងទូទៅ / មូលហេតុ ៥ យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យ

មូលហេតុ ៥ យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យ

បុគ្គលជាច្រើនមានក្តីប្រាថ្នាចង់បានភាពជោគជ័យក្នុងជីវិត ក៏ប៉ុន្តែការគិត ការធ្វើ និងទម្លាប់ប្រចាំថ្ងៃរបស់គេមិនបានជួយគេធ្វើដំណើរសំដៅទៅរកភាពជោគជ័យទេ។ គេបានត្រឹមតែស្រមៃ រួចហើយខកចិត្ត តូចចិត្ត និងអស់សង្ឃឹមទៅវិញ ដោយមិនបានចាប់ភ្លឹកថា ហេតុអ្វីបានជាគេមិនបានសម្រេចដូចក្តីបំណង។ តើមានកត្តាអ្វីខ្លះដែលរារាំងរូបគេមិនឲ្យជោគជ័យ? ខាងក្រោមនេះជាហេតុផល៥យ៉ាងដែលធ្វើឲ្យអ្នកមិនបានជោគជ័យ ៖

១. អ្នកមិនដឹងថាជោគជ័យជាអ្វី

        
ហេតុផលចម្បងមួយដែលរារាំងអ្នកមិនឲ្យទទួលបានជោគជ័យព្រោះអ្នកមិនដឹងថា ជោគជ័យជាអ្វី មានរូបរាងដូចម្ដេច សម្រាប់អ្នក។ ជួនកាលអ្នកគិតថា ជោគជ័យគឺជាអ្វីដែលអ្នកឮគេនិយាយមួយគ្រាៗ ហើយអ្នកក៏តាមស្វែករកវាទៅ ឬមួយអ្នកបានមើលរឿងកុន ឬរឿងភាគក្នុងទូរទស្សន៍ រួចហើយគំនិតជោគជ័យរបស់អ្នកក៍លេចចេញមកតាមរយៈខ្សែភាពយន្តនោះទៅ។

អ្នកត្រូវយល់ថា នៅពេលអ្នកតាមរកជោគជ័យដែលជារបស់អ្នកដទៃ មិនមែនជារបស់អ្នក អ្នកនឹងប្រាកដជាជួបភាពបរាជ័យហើយ។ យើងមិនអាចជោគជ័យដោយគ្រាន់តែដើរតាមគោលដៅជីវិតរបស់នរណាម្នាក់ដែលយើងឃើញ​ ដឹង ឬស្គាល់នោះទេ ពីព្រោះយើងមិនអាចមានស្ថានភាពជីវិតដូចគេនោះឡើយ។ ហើយការធ្វើបែបនេះមិននាំឲ្យអ្នកជួបនឹងភាពរីករាយក្នុងជីវិតទេ។ ដូច្នេះ អ្នកត្រូវស្វែងយល់ថា តើជោគជ័យសម្រាប់អ្នកជាអ្វី ដែលសមស្របនឹងទេពកោសល្យពីធម្មជាតិរបស់អ្នក។ ក្រោយពីដឹងអំពីរូបរាងពិតប្រាកដនៃភាពជោគជ័យ(ក្តីស្រមៃ ឬគោលដៅជីវិត) របស់អ្នកហើយ ទើបអ្នកអាចចេញដំណើរស្វែងរកភាពជោគជ័យនោះឃើញ។ ចូរអានអត្ថបទ គន្លឹះ៤យ៉ាងដើម្បីកំណត់គោលដៅជីវិត ដើម្បីយល់ដឹងអំពីវិធីកំណត់គោលដៅ។

២. អ្នកមិនដឹងថាអ្នកចូលចិត្តអ្វី

ភាគច្រើន អ្នកលោតពីគំនិតអស្ចារ្យមួយ ទៅគំនិតអស្ចារ្យមួយទៀត ដោយគ្រាន់តែអ្នកស្តាប់ឮទៅវាពិរោះ វាសម ដោយមិនដឹងថាគំនិតនោះត្រូវនឹងចំណង់ចំណូលចិត្ត ឬទេពកោសល្យពីធម្មជាតិរបស់អ្នក ឬអត់។ លោកស្រី Oprah Winfrey ធ្លាប់និយាយថា “ចំណូលចិត្តគឺជាថាមពល។ ចូរចាប់អារម្មណ៍ទៅលើកម្លាំងថាមពលដែលកើតចេញពីអ្វីដែលអ្នកពេញចិត្ត។” លោកស្រីដឹងថា មនុស្សនឹងមិនអាចធ្វើអ្វីដែលខ្លួនមិនចូលចិត្ត បានយូរ និងដោយភាពអំណត់បានទេ។

ចូរស្វែងរកក្នុងជីវិតអ្នកនូវអ្វីដែលធ្វើឲ្យអ្នករីករាយ ពេញចិត្ត មានចំណាប់អារម្មណ៍ខ្លាំង ចង់ធ្វើដោយមិនជិនណាយ។ នៅពេលអ្នកធ្វើកិច្ចការនេះ អ្នកនឹងមានថាមពលខ្លាំង មានចំណូលចិត្តច្រើន ហើយភាពជោគជ័យនឹងចាប់ផ្តើមបង្ហាញខ្លួនឡើងបន្តិចម្តងៗ។

៣. អ្នកមិនប្រឹងប្រែងបំពេញការងារ

អ្នកធ្លាប់ឮអំពីឈ្មោះលោក Malcolm Gladwell និងគោលការណ៍១ម៉ឺនម៉ោងរបស់លោក។ គាត់បានសិក្សាស្រាវជ្រាវ និងរកឃើញថា បុគ្គលជោគជ័យធំធេងទាំងឡាយជាមនុស្សដែលបានខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង។ បុគ្គលជោគជ័យតែងប្រឹងចែវទូកទៅមុខ និងប្រឹងរៀនសូត្របន្ថែមជានិច្ច។ គេខំប្រឹងហើយប្រឹងទៀតក្នុងការបំពេញការងារ។

អ្នកមិនអាចទន្ទឹងរង់ចាំថាជោគជ័យនឹងកើតឡើងដោយឯកឯង ដោយគ្រាន់តែអ្នកចង់បានវាទេ។ អ្នកត្រូវតែខំប្រឹងធ្វើការដោយស្វិតស្វាញ និងមុះមុត។ មានតែរបៀបនេះទេដែលអ្នកអាចរកឃើញភាពជោគជ័យបាន។

៤. អ្នករាប់អានមនុស្សមិនត្រឹមត្រូវ 

លោក Jim Rohn បានលើកគតិដ៏ល្បីល្បាញមួយថា “សមត្ថភាពរបស់អ្នកនឹងស្ថិតនៅចន្លោះមនុស្ស៥នាក់ដែលអ្នកចំណាយពេលជាមួយច្រើនបំផុត។” អ្នកត្រូវចំណាយពេលជាមួយមនុស្សដែលចូលចិត្តអភិវឌ្ឍខ្លួន និងមានក្តីស្រមៃក្នុងជីវិត ហើយធ្វើដំណើរសំដៅទៅរកក្តីស្រមៃនោះ។​ នៅពេលអ្នកមានទំនាក់ទំនងជាមួយមនុស្សដែលមានគំនិតជោគជ័យ រឿងរ៉ាវល្អៗទាំងឡាយនឹងចាប់ផ្តើមកើតឡើងចំពោះអ្នក។ អ្នកចាប់ផ្តើមមានមនុស្សដែលជួយនាំផ្លូវអ្នកដើម្បីបោះជំហានបន្ទាប់។ បន្ទាប់មក អ្នកត្រូវណែនាំខ្លួនអ្នកទៅអ្នកជោគជ័យដទៃទៀត រហូតដល់អ្នកមានបណ្តាញបុគ្គលជោគជ័យជាប្រព័ន្ធគាំទ្រមួយ។

បើអ្នករាប់អានមនុស្សមិនត្រឹមត្រូវ អ្នកនឹងជួបមិត្តភ័ក្តិដែលសើចចំអកឲ្យអ្នក ឬប្រាប់អ្នកថា វាមិនអាចទៅរួច នៅពេលដែលអ្នកប្រាប់គេអំពីក្តីប្រាថ្នាដ៏ធំរបស់អ្នក ឬមួយពួកគេមិនចង់ឃើញអ្នកលូតខ្ពស់ហួសឆ្ងាយពីគេ ដោយអ្នកនឹងចាកចេញពីហ្វូងរបស់ពួកគេ។ អ្វីដែលអ្នកស្តាប់ឮពីពួកគេ ភាគច្រើន ជាការរអ៊ូរទាំ ការត្អូញត្អែរ ការបណ្តុះបង្អាប់ ឬការនិយាយរឿងមិនបានការ។ ចូររាប់អាន និងចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលជួយរុញអ្នកឲ្យរីកលូតលាស់ និងសម្រេចក្តីស្រមៃរបស់អ្នក។

៥.   អ្នកមិនមានគំនិតវិជ្ជមាន

 អ្វីៗមើលទៅហាក់ដូចជាអាក្រក់ និងខុសឆ្គង។ អ្នកមិនអាចមើលឃើញថានរណាមួយអាចនឹងជោគជ័យបានទេ។ បើអ្នកមានការគិតអវិជ្ជមានបែបនេះ អ្នកត្រូវតែផ្លាស់ប្តូរ បើមិនដូច្នេះទេ អ្នកនឹងមិនបានស្គាល់ឱកាសសម្រាប់ការសម្រេចជោគជ័យឡើយ។

អ្នកមិនអាចរកឃើញភាពជោគជ័យទេ បើអ្នកនៅជាប់អន្ទាក់ការគិតបែបអវិជ្ជមាន។ អ្នកមិនអាចមើលឃើញរឿងល្អៗវិជ្ជមានទាំងឡាយនៅក្នុងពិភពលោក ហើយការមើលបែបនេះនឹងចងអ្នកមិនឲ្យទៅណាឆ្ងាយឡើយ។

ប្រសិនបើអ្នកអាចផ្លាស់ប្តូរការគិតចេញពីភាពអវិជ្ជមាន ភាពខ្វះខាត និងអាក្រក់ៗ ទៅសម្លឹងមើលលើភាពសម្បូរណ៍ឥតខ្វះ ភាពរីករាយ ភាពលូតលាស់ អ្នកនឹងមើលឃើញពិភពលោកមួយថ្មីស្រឡាងដែលសម្បូរណ៍បែប និងពោរពេញដោយឱកាស។

ប្រសិនបើអ្នកពុំទាន់ទទួលបានជោគជ័យ ចូរគិតពិចារណាលើមូលហេតុទាំង៥យ៉ាងខាងលើ រួចហើយធ្វើការផ្លាស់ប្តូរត្រង់កន្លែងដែលអ្នកនៅខ្សោយ ឬគិតខុស។

“ការគិតខុសរបស់យើងជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យរបស់យើង។”

— ដកស្រង់ពីអត្ថបទរបស់ Joseph Lalonde, December 2016, in the Success Magazine, , “5 Reasons You Aren’t Successful”

— ប្រែសម្រួលដោយ សាម អ៊ីន, កុម្ភៈ ២០១៧

 

@អត្ថបទទាក់ទង ៖

១. ទម្លាប់ប្រចាំថ្ងៃ៥ប្រការរបស់បុគ្គលជោគជ័យ

២. បុគ្គលិកលក្ខណៈ៥យ៉ាងដែលបុគ្គលជោគជ័យចៀសឆ្ងាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។