កសិករអ្នកដាំម្រេចនៅកម្ពុជា កំពុងតែជួបបញ្ហាទាក់ទងទៅនឹងទីផ្សារជាពិសេសការធ្លាក់ចុះនៃតម្លៃម្រេច ដែលនៅសល់តែប្រមាណ ៨.០០០រៀលក្នុង១គីឡូក្រាម (តម្លៃនៅខែមីនា ២០១៩) គឺជាតម្លៃមួយមិនអាចឱ្យកសិករចំណេញបាន ឬពិបាកនឹងចំណេញ បើប្រៀបធៀបទៅនឹងប្រមាណ ៥ឆ្នាំមុន តម្លៃម្រេចបច្ចុប្បន្ន ទាបជាងប្រមាណ ៤ ទៅ ៥ដង។ ដោយសារបញ្ហាធ្លាក់ចុះតម្លៃរយៈពេលប្រមាណ ៣ឆ្នាំជាប់គ្នា តម្លៃធ្លាក់ចុះកាន់តែទាបទៀតនៅឆ្នាំ២០១៩ ធ្វើឱ្យកសិករប្រមាណ ២៥%បាននិងកំពុងបោះបង់ការថែទាំម្រេចចោល ក៏ប៉ុន្តែយើងខ្ញុំ យល់ឃើញថាកសិករមិនគួរបោះបង់ចោលទេ គឺគួរបន្តថែទាំម្រេចបន្តទៀត ដោយសារការដាំម្រេចកន្លងមកត្រូវការវិនិយោគទុនច្រើនណាស់ និងតម្លៃម្រេចអាចនឹងងើបឡើងវិញក្នុងរយៈពេលប្រមាណ ២ឆ្នាំខាងមុខនេះ។ ការធ្លាក់ចុះនៃតម្លៃម្រេច មិនមែនមានតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោក ហើយការធ្លាក់ចុះការឡើងថ្លៃវិញ ក៏អាស្រ័យលើកត្តាផលិត និងទីផ្សារនៅលើពិភពលោកទាំងមូលដែរ។
នៅលើពិភពលោកទាំងមូល តម្រូវការម្រេចនៅឆ្នាំ២០១៧ ប្រមាណ ៤៤៦.០០០ តោន ហើយកើនឡើងចំនួន ២,៥%ក្នុង១ឆ្នាំ គឺស្មើនឹង ១០.០០០តោនក្នុង១ឆ្នាំ។ ដោយឡែកនៅឆ្នាំ២០១៧ បរិមាណផលិតកម្មម្រេចនៅលើពិភពលោកកើនឡើងដល់ ៥២៣.០០០តោន គឺលើសពីតម្រូវការចំនួន ៧៧.០០០តោន។ បរិមាណម្រេចកើនឡើងដោយសារការកើនឡើងខ្លាំងនៃការផលិតនៅប្រទេសវៀតណាមច្រើនជាងគេ។ ក្រៅពីវៀតណាម បរិមាណផលិតកម្មម្រេចក៏កើនឡើងច្រើនដែរនៅប្រស៊ីល និងកម្ពុជា។
- នៅឆ្នាំ២០១៥ វៀតណាមផលិតម្រេចចំនួន ១២២.០០០តោន កើនដល់ ១៦៥.០០០តោននៅឆ្នាំ២០១៦ និងកើនរហូតដល់ ២៤០.០០០តោននៅឆ្នាំ២០១៧ (កើន ១១៨.០០០តោន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥។ នៅឆ្នាំ២០០៣ វៀតណាមមានផ្ទៃដីដាំម្រេចតែ ៨០.០០០ha តែនៅឆ្នាំ២០១៧ មានដល់ទៅ ១៥២.០០០ha។
- ផលិតកម្មនៅប្រទេសប្រេស៊ីល កើនពីប្រមាណ ៤៣.០០០តោននៅឆ្នាំ២០១២ ដល់ ៧៦.៧៧០តោន នៅឆ្នាំ២០១៧ (គឺកើនជាង ៤០.០០០តោន)។
- ផលិតកម្មនៅកម្ពុជា កើនពី ១.០០០តោន នៅឆ្នាំ២០១១ ដល់ ២១.០០០តោន នៅឆ្នាំ២០១៥ (គឺកើន ២០.០០០តោន)។
ដោយសារបញ្ហាតម្លៃម្រេចមានការធ្លាក់ចុះដែលទាក់ទងនៅនឹងការកើនឡើងនៃការផលិតធ្វើឲ្យស្ថានភាពការដាំម្រេចនៅប្រទេសនីមួយៗមានការប្រែប្រួល ដែលជាពិសេសការបន្ថយ និងការបោះបង់ចោលការដាំម្រេច។ ឧទាហរណ៍ រដ្ឋាភិបាល វៀតណាម បានដាក់ចេញជាគោលនយោបាយ ឲ្យមានការកាត់បន្ថយការដាំម្រេចចំនួន ៤០.០០០ha ដែលនឹងធ្វើឲ្យបរិមាណផលិតកម្មម្រេចនៅវៀតណាមមានការថយចុះប្រមាណ ៧០.០០០តោន។ ចំណែកនៅកម្ពុជាវិញ រដ្ឋាភិបាលមិនមានគោលនយោបាយអ្វីច្បាស់លាស់ទាក់ទងទៅនឹងដំណាំម្រេចទេ តែកសិករខ្មែរកាន់តែច្រើនទៅចាប់ផ្តើមបោះបង់ចោលដំណាំម្រេច គឺអាចស្មើនឹងប្រហែល ២៥% ឬ អាចកើនឡើងបន្ថែមទៀត ដែលធ្វើឲ្យបរិមាណផលិតកម្មម្រេចនៅកម្ពុជាថយចុះបន្ថែមទៀត។ ទន្ទឹមនិងកត្តារាំងស្ងួតដែលកំពុងកើតមានឡើងនៅកម្ពុជា និងប្រទេសមួយចំនួនទៀត ក៏នឹងធ្វើឲ្យបរិមាណផលិតកម្មម្រេចមានការថយចុះ។ ការកាត់បន្ថយ និងការថយចុះនៃផ្ទៃដីដាំម្រេចរួមផ្សំនិងការលែងហ៊ានវិនិយោគដាំម្រេចបន្ថែម នឹងរួមចំណែកឲ្យបរិមាណផលិតកម្មម្រេចមកនៅប្រហាក់ប្រហែល ឬក្រោមតម្រូវការម្រេចពិភពលោកដែលបន្តកើនប្រមាណ ១០.០០០តោនក្នុង១ឆ្នាំ។
យោងទៅតាមការវិភាគខាងលើនេះ យើងយល់ឃើញថា កសិករខ្មែរគួរតែបន្តថែទាំដំណាំម្រេចបន្តទៀត។ តែការខ្វះខាតទុន ដើម្បីបន្តការថែទាំ និងសងបំណុលធនាគារជាបញ្ហាប្រឈមរបស់កសិករភាគច្រើន។
ទន្ទឹមនឹងនេះ កសិករគួរដាំដំណាំផ្សេងៗទៀតនៅចន្លោះម្រេច ឬជាមួយម្រេច ដើម្បីទទួលបានផលបន្ទាប់បន្សំ និងអាចឈានទៅជំនួសដំណាំម្រេចបាន។ ដំណាំដែលអាចដាំចន្លោះម្រេច និងក្រោមម្លប់ឧទាហរណ៍ដូចជាខ្ញី ការ៉ុត កាហ្វេ ទុរេន ឬល្ហុងជុំវិញចម្ការម្រេច។
ដោយសារវិស័យម្រេចជាវិស័យសំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ ហើយពាក់ព័ន្ធនិងជីវភាពរស់នៅរបស់កសិករ រាប់ពាន់គ្រួសារ រាជរដ្ឋាភិបាលគួរតែមានគោលនយោបាយគាំទ្រដល់កសិករអ្នកដាំម្រេចដូចជា៖
- ការឧបត្ថម្ភធនលើការបន្តថែទាំម្រេច ជាពិសេសការបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈ ដែលប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំម្រេច។
- ការៀបចំឲ្យមានទុនសម្រាប់សង្គ្រោះម្រេចខ្មែរ តាមរយៈពេលការផ្តល់ប្រាក់កម្ចីការប្រាក់ទាបដោយស្មើនឹង ០,២% ក្នុង១ខែ ឬ២ភាគរយក្នុង១ឆ្នាំ (ដោយមានរយៈពេលអនុគ្រោះការបង់ដើមរយៈពេល ៣ឆ្នាំ) ដើម្បីឲ្យកសិករប្រើប្រាស់ជាដើមទុនបន្ថែមក្នុងការបន្តថែទាំម្រេច។
- រៀបចំឲ្យមានឃ្លាំង ដែលកសិករអាចយកម្រេចមកបញ្ចាំ ដោយបរិមាណប្រាក់ ដែលកសិករទទួលបាន អាចស្មើនឹង ឬប្រហាក់ប្រហែល ឬទាបជាងតម្លៃម្រេចលើទីផ្សារ។ ការមានឃ្លាំងបញ្ចាំម្រេច ក៏អាចជួយកាត់បន្ថយបរិមាណម្រេចនៅលើទីផ្សារ ដែលនឹងជួយឲ្យតម្លៃម្រេចមានភាពល្អប្រសើរដែរ និងផ្តល់ចំណេញបន្ថែមទៀត ដល់កសិករករណីដែលលក់ម្រេចបានក្នុងតម្លៃខ្ពស់ជាងពេលបញ្ចាំ។
- គាំទ្រដល់សិប្បកម្ម និងក្រុមហ៊ុនក្នុងស្រុកក្នុងការកែច្នៃ និងនាំម្រេចចេញដោយផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ។
- លើកស្ទួយនូវយុទ្ធសាស្ត្រទិញ និងបរិភោគម្រេចខ្មែរ ក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋ និងទេសចរបរទេស។
- គាំទ្រដល់ការបង្កើតសមាគម និងសហគមន៍អ្នកដាំម្រេច និងទីផ្សារម្រេចដូចជាបង្កភាពងាយស្រួលក្នុងការចុះបញ្ជីដោយគ្មានការចំណាយក្រៅប្រព័ន្ធ ការផ្តល់អ្នកជំនាញជួយធ្វើការនៅដំណាក់កាលដំបូង និងសម្របសម្រួលឲ្យមានការសហការគ្នាល្អរវាងសហគមន៍ និងក្រុមហ៊ុនទីផ្សារម្រេច៕