Home / ចំណេះដឹងទូទៅ / ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ

ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ

វាជារឿងធម្មតានៃជាតិសាសន៍មួយដែលតែងតែព្រួយបារម្ភនឹងជាតិសាសន៍ជិតខាងអំពីការរំលោភបូរណភាពដែនដី ការទន្ទ្រានឈ្លានពាន ការដាក់នឹមត្រួតត្រា ជាពិសេសនៅពេលដែលប្រវត្តិសាស្រ្តធ្លាប់បន្សល់ទុកស្លាកស្នាមនៃរឿងទាំងនេះកន្លងមក។ ប្រទេសកម្ពុជាធ្លាប់ទទួលរងការឈ្លានពាន ជ្រៀតជ្រែកពីប្រទេសយួន ប្រទេសសៀម ក្រោយសម័យអង្គរដោយមានភ័ស្តុតាងប្រវត្តិសាស្រ្តនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅប្រទេសវៀតណាម និងខ្មែរលើទៅប្រទេសថៃ។ ដូច្នេះហើយទើបកូនខ្មែរគ្រប់ជំនាន់តែងមានការបារម្ភអំពីការបាត់បង់ទឹកដី បាត់បង់ជាតិសាសន៍របស់ខ្លួន។ ក៏ប៉ុន្តែក្តីបារម្ភរបស់ជាតិសាសន៍មួយអាចផ្តល់ផលល្អ ឬផលអាក្រក់ដល់ការកសាងសង្គមរបស់ជាតិសាសន៍នោះ។

គួរឲ្យសោកស្តាយ អ្នកនយោបាយខ្មែរមួយចំនួនដែលគ្មានគោលការណ៍ បានយករឿងព្រួយបារម្ភរបស់ជាតិខ្មែរជាឧបករណ៍នយោបាយ ដោយបណ្តុះឲ្យមានការភ័យខ្លាច និងញុះញុងប្រជាពលរដ្ឋខ្មែរឲ្យមានការស្អប់ខ្ពើម ខឹងសម្បា និងរើសអើងជាតិសាសន៍យួននិងសៀម ដើម្បីជាប្រយោជន៍នយោបាយរបស់ខ្លួន។ ភាពភ័យខ្លាច ការស្អប់ខ្ពើម និងកំហឹងគុំគួនជាផ្នែកអន់ខ្សោយ និងអវិជ្ជមាននៃចិត្តគំនិតរបស់មនុស្ស។ បើផ្នែកអន់ខ្សោយនៃចិត្តមនុស្សត្រូវបានគេធ្វើឲ្យរីកសាយភាយ វាធ្វើឲ្យការគិតរបស់សមាជិកក្នុងសង្គមសំឡឹងមើលទៅរកផ្លូវអវិជ្ជមាន ខ្មៅងងឹត អស់សង្ឃឹម និងខឹងសម្បារ។ ជាលទ្ធផល វាបង្កឲ្យមានការសង្ស័យ ចោទប្រកាន់ និងឈ្លោះប្រកែករវាងខ្មែរនិងខ្មែរ រួចហើយរងើកភ្លើងនៃអំពើហិង្សាត្រូវបានបង្កាត់ឡើង ដែលអាចឈានទៅដល់ការបែកបាក់ជាតិ។

អ្នកនយោបាយដែលដឹកនាំ ប្រជាពលរដ្ឋឲ្យគិតអវិជ្ជមានបែបនេះ ក្នុងភាពពិតជាក់ស្តែង មិនបានជួយស្រោចស្រង់ប្រទេសជាតិទេ តែភាគច្រើន បង្កើតបញ្ហា និងវិបត្តិដល់សង្គមជាតិទៅវិញ។
ប្រវត្តិសាស្រ្តថ្មីៗនាសម័យខ្មែរក្រហមបានបង្រៀនយើងហើយ។ ដោយសារតែការភ័យខ្លាចយួនខ្លាំងពេក របបខ្មែរក្រហមបង្កើតមន្ទិលសង្ស័យលើខ្មែរគ្នាឯងថាសុទ្ធតែជាខ្មាំងស៊ីរូងផ្ទៃក្នុង បង្កើតប្រព័ន្ធតាមដានភ្នែកម្នាស់ ធ្វើទារុណកម្ម និងសម្លាប់ពលរដ្ឋខ្លួនឯងជិត ២ លាននាក់។

“ការស្អប់យួន ខឹងសៀម និងសង្ស័យខ្មែរគ្នាឯងបង្កការបែកបាក់ជាតិខ្មែរ”។

ព្រះពុទ្ធបានទូន្មានយើងឲ្យចេះគិតត្រូវ និយាយត្រូវ និងធ្វើត្រូវ ទើបយើងរស់នៅបានសុខ និងជាតិយើងរីកចំរើនជឿនលឿន។ យើងជាកូនខ្មែរត្រូវបំប្លែងការព្រួយបារម្ភរបស់យើងអំពីបូរណភាពដែនដីនិងអធិបតេយ្យភាពជាតិ ទៅជាការគិតបែបវិជ្ជមាន ប្រឹងប្រែងអភិវឌ្ឍខ្លួន ចូលរួមក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីឲ្យខ្លួនឯងរីករាយ ជោគជ័យ និងសង្គមជាតិរុងរឿងថ្កុំថ្កើន។ យើងត្រូវយល់ឲ្យច្បាស់ថា ជាតិខ្មែរអាចមានអធិបតេយ្យពេញលេញ ទាល់តែជាតិយើងមានសេដ្ឋកិច្ចខ្លាំង មានយោធាមួយដែលមានវិន័យ និងសាស្រ្តាវុធទំនើប និងមាននយោបាយការបរទេសដែលឈ្លាសវៃ។ ភាពខ្លាំងទាំងបីនេះអាចកើតឡើងបានវាទាល់តែជាតិមួយនេះមានប្រជាពលរដ្ឋដែលឧស្សាហ៍ព្យាយាម មានវិន័យ មានគំនិតច្នៃប្រឌិត និងមានអ្នកដឹកនាំល្អ មានទស្សនវិស័យវែងឆ្ងាយក្នុងការកសាង និងការពារជាតិ។

ដូច្នេះតើអ្នកត្រូវធ្វើអ្វីខ្លះបើអ្នកមិនចង់ឲ្យសង្គមខ្មែរបែកបាក់ ដីខ្មែរត្រូវគេឈ្លានពាន អ្នកដឹកនាំខ្មែរត្រូវគេត្រួតត្រា និងជាតិខ្មែរត្រូវបាត់បង់?
ខាងក្រោមនេះជាការគិត និងសកម្មភាពបែបវិជ្ជមានដែលអ្នកត្រូវត្រិះរិះពិចារណា បើអ្នកពិតជាស្រឡាញ់ជាតិ និងចង់ជួយមាតុភូមិកំណើតរបស់អ្នក ៖

ទីតាំងដែលអ្នកកំពុងឈរ

ការគិត និងសកម្មភាពវិជ្ជមាន

បើអ្នកជាសិស្សនិស្សិត
សូមជាសិស្សនិស្សិតដែលប្រឹងប្រែងសិក្សារៀនសូត្រ បង្វឹកខ្លួនឲ្យមានវិន័យ ឧស្សាហ៍ព្យាយាម ចំណាយពេលអាន ស្តាប់ និងរៀនពិភាក្សាឲ្យបានច្រើន។ អភិវឌ្ឍខ្លួនក្លាយជាបុគ្គលល្អ បុគ្គលមានគុណតម្លៃ បុគ្គលមានប្រយោជន៍សម្រាប់គ្រួសារ មិត្តភ័ក្តិ និងអ្នកដទៃ។
បើអ្នកជាកសិករ
សូមជាកសិករដែលឧស្សាហ៍ព្យាយាម យល់ដឹងអំពីបច្ចេកទេសកសិកម្ម និងទីផ្សារ។
បើអ្នកជាកម្មករ និងនិយោជិក
ជាកម្មករ និយោជិក ដែលគោរពម៉ោងពេលធ្វើការ គោរពវិន័យការងារ ចេះជួយគ្នាក្នុងក្រុម បំពេញតាមផែនការការងារឲ្យម៉ត់ចត់។
បើអ្នកជាគ្រូបង្រៀន
សូមជាគ្រូបង្រៀនផ្តល់គំរូល្អ គោរពម៉ោងពេលបង្រៀន សិក្សារៀនសូត្របន្ថែម ជំរុញ និងលើកទឹកចិត្តកូនសិស្ស។
បើអ្នកជាគ្រូពេទ្យ
សូមជាគ្រូពេទ្យដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ធ្វើការព្យាបាល និងផ្តល់ប្រឹក្សាជំងឺដោយសំដីទន់ភ្លន់។
បើអ្នកជាមន្រ្តីរាជការ
សូមជាមន្រ្តីរាជការដែលមានឥរិយាបទជាអ្នកបម្រើពលរដ្ឋ គោរពក្រមប្រតិបត្តិ  គោរពម៉ោងធ្វើការ មិនពុករលួយ ។
បើអ្នកជាទាហាន ប៉ូលីស
សូមជាទាហាន ប៉ូលីសដែលមានទឹកចិត្តបម្រើជាតិ បម្រើប្រជាជន ស្ថិតនៅអព្យាក្រិតពីគណបក្សនយោបាយ។
បើអ្នកជាសហគ្រិន
សូមជាសហគ្រិនដែលមានគំនិតច្នៃប្រឌិត គំនិតផ្តួចផ្តើម មានភាពឈានមុខ មានភាពមោះមុត មានទឹកចិត្តបម្រើ និងដោះស្រាយបញ្ហាអតិថិជន។
បើអ្នកជាពលរដ្ឋទូទៅ
សូមធ្វើជាពលរដ្ឋល្អដោយចាប់ផ្តើម គោរពច្បាប់ចរាចរណ៍ កុំចោលសំរាមផ្តេសផ្តាស និងចេះឈរតម្រង់ជួរ។
ចេះជួយឈឺឆ្អាលបញ្ហាសង្គម ចេះតាមដានបញ្ហានយោបាយ ទៅបោះឆ្នោតរើសគណបក្សនយោបាយនិងតំណាងរាស្រ្តល្អ និងចូលរួមចំណែកកសាងសង្គមជាតិ។
បើអ្នកជាអ្នកដឹកនាំ
សូមជាអ្នកដឹកនាំដែលមានទស្សនវិស័យ មានការទទួលខុសត្រូវ ផ្តល់គំរូល្អ លើកទឹកចិត្តសហការី ស្មោះត្រង់នឹងប្រជាពលរដ្ឋ បណ្តុះអ្នកបន្តវេន និងបន្សល់មរតកល្អប្រពៃសម្រាប់អ្នកជំនាន់ក្រោយ។

 

“បើអ្នកចង់ឲ្យជាតិខ្មែរថ្លៃថ្នូរ អ្នកត្រូវដឹងថាខ្លួនត្រូវធ្វើអ្វីនៅទីតាំងដែលខ្លួនកំពុងឈរ។”

បើអ្នកអាចអភិវឌ្ឍខ្លួនអ្នកឲ្យក្លាយជាបុគ្គលមានគុណតម្លៃ មានវិន័យ មានភាពឧស្សាហ៍ព្យាយាម មានគំនិតច្នៃប្រឌិត មានភាពក្លាហាន អ្នកនឹងរួមចំណែកបង្កើតជាតិខ្មែរមួយដែលមានពលរដ្ឋចេះដឹង និងសកម្ម មានសេដ្ឋកិច្ចជឿនលឿន មាននយោបាយការបរទេសឈ្លាសវៃ និងមានយោធាដែលខ្លាំង។ នៅពេលនោះតើមានបរទេសណាអាចមកឈ្លានពានប្រទេសខ្មែរ ត្រួតត្រាជាតិខ្មែរ លេបត្របាក់ទឹកដីខ្មែរបាន។ វានឹងមានតែបរទេសដែលចង់រៀនពីខ្មែរ សហការជាមួយខ្មែរ ធ្វើពាណិជ្ជកម្មជាមួយខ្មែរ និងគោរពខ្មែរប៉ុណ្ណោះ។

ការខឹងយួន ស្អប់សៀម ប្រៀបបាននឹងការសុំអង្វរកុំឲ្យគេមកឈ្លានពានខ្មែរ កុំឲ្យគេមាក់ងាយខ្មែរ។ ជាតិខ្មែរមិនអាចរស់រានបានដោយសារតែការសុំអង្វរគេទុកឲ្យយើងរស់ទេ។ ជាតិខ្មែរអាចរស់បានទាល់តែកូនខ្មែរមានស្មារតីប្រយុទ្ធ។ ជាតិខ្មែរអាចរុងរឿងបាន ទាល់តែកូនខ្មែរមានស្មារតីទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន និងជាតិរបស់ខ្លួន។ ជាតិខ្មែរអាចថ្កុំថ្កើនបានទាល់តែកូនខ្មែរមានវិន័យ ឧស្សាហ៍ព្យាយាម​និងប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន។ ជាតិខ្មែរអាចលូតលាស់បានទាល់តែកូនខ្មែរអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំល្អ ជាអ្នកដឹកនាំផ្តល់គំរូដល់សមាជិកសហគមន៍ សហការីក្នុងស្ថាប័ន អង្គការ សមាគម និងសហជីព។ ជាតិខ្មែរអាចមានអធិបតេយ្យភាពពេញលេញទាល់តែកូនខ្មែរអាចអភិវឌ្ឍខ្លួនឲ្យមានស្មារតីមោះមុត អង់អាច ស្វិតស្វាញ មិនព្រមបោះបង់ ហើយមានទឹកចិត្តជួយអ្នកដទៃ និងជួយជាតិ។ ជាតិខ្មែរមិនអាចថ្លៃថ្នូរបានទេ បើអ្នកដឹកនាំខ្មែរមានមោទនភាពក្នុងការទទួលជំនួយ និងការគាំទ្រពីប្រទេសដទៃ និងប្រជាពលរដ្ឋខ្មែរបន្ត​រស់នៅជាមួយស្មារតីពឹងអាស្រ័យលើបរទេស។

“ជាតិខ្មែរនឹងមិនអាចថ្លៃថ្នូរទេ បើយើងបន្តរស់នៅដោយមានស្មារតីជាអ្នកសុំទាន។”

— រៀបរៀងដោយ សាម អ៊ីន, ខែមេសា ឆ្នាំ២០១៧
— អត្ថបទទាក់ទង ៖

១) តើអ្នកកើតមកជាកូនខ្មែរដើម្បីអ្វី?

 

២) នយោបាយ និងប្រជាធិបតេយ្យ

៣) ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរ

 

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផ្លូវបំបែកជា៣មានសញ្ញាសម្គាល់សិទ្ធិអាទិភាពដូចនេះ តើរថយន្តណាមានសិទ្ធិអាទិភាពទៅមុន និងទៅបន្តបន្ទាប់, សូមចុចមើលចម្លើយ

ប្រភព គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន សហគមន៍សម្បូរសប្បាយ