ក្នុងការដាំដុះ កសិករភាគច្រើនបានទិញគ្រាប់ពូជពីទីផ្សារមកដាំដែលមានតម្លៃថ្លៃ។ ក៏ប៉ុន្តែជួនកាលគ្រាប់ពូជទាំងនោះច្រើនមិនសូវមានគុណភាពល្អ កម្រិតដុះទាប និងអាចនាំមកនូវជំងឺផ្សេងៗ មកជាមួយផង។ល។ អាស្រ័យដោយការទិញគ្រាប់ពូជដែលមានគុណភាពអន់នេះហើយដែលធ្វើឲ្យការដាំដុះទទួលបរាជ័យ។ ដូច្នេះដើម្បីចៀសវាង នូវបញ្ហាខាងលើ បងប្អូនកសិករត្រូវចេះដាំនិងថែរក្សាគ្រាប់ពូជដោយខ្លួនឯង។ ខាងក្រោមនេះជាយោបល់ណែនាំខ្លះៗ ដើម្បីជាជំនួយដល់បងប្អូនកសិករក្នុងការផលិតគ្រាប់ពូជ៖
ដំណាក់កាលទី១
ត្រូវពិនិត្យរកមើលតើដើម ឬគុម្ពមួយណាដែលយើងជ្រើសរើសធ្វើពូជ ហើយដាក់សញ្ញាចំណាំដើម្បីចៀសវាងការច្រឡំ ឬប្រមូលផល។ រីឯការជ្រើសរើសត្រូវអនុវត្តតាមកត្តាខាងក្រោម៖
- ត្រូវជ្រើសរើសដើមណាដែលមានសុខភាពល្អ (គ្មានសត្វល្អិត និងជំងឺបំផ្លាញ)
- ត្រូវជ្រើសរើសដើមណាដែលផ្តល់ទិន្នផលល្អ និងពណ៌ល្អ។
ជ្រើសរើសផ្លែណាដែលមានរូបរាងល្អ។ យកល្អចៀសវាងកុំបេះផ្លែទី១ គឺចាំបេះផ្លែទី២ ឬទី៣ ពីព្រោះយើងត្រូវចាំមើលសិនតើ ដើមនោះអាចផ្តល់ផ្លែល្អបានច្រើនដែរឬទេ? ជួនកាលដើមខ្លះ មានតែផ្លែដំបូងល្អតែផ្លែក្រោយៗសុទ្ធតែអន់ ឬដើមជួបនូវការបំផ្លាញផ្សេងៗ។ នៅពេលផ្លែដែលយើងបានជ្រើសរើសនោះទុំល្អហើយត្រូវបេះទុក តែបេះនៅពេលដែលមេឃស្រឡះល្អ ចៀសវាងបេះនៅពេលមានភ្លៀង។
ដំណាក់កាលទី៣
ផ្លែដែលបេះបាន ត្រូវប្រឡេះយកគ្រាប់ហាលថ្ងៃឲ្យស្ងួតយ៉ាងឆាប់រហ័ស។ គ្រាប់ខ្លះត្រូវលាងទឹកជាមុនសិន (ឧទាហរណ៍ ប៉េងប៉ោះ ល្ហុង…) មុននឹងហាល។ ការហាលនេះគឺដើម្បីឲ្យគ្រាប់មានគុណភាពល្អគ្មានជំងឺ។ ការហាលគឺត្រូវហាលក្រោមពន្លឺព្រះអាទិត្យនៅពេលព្រឹករហូតដល់ថ្ងៃជិតត្រង់។ ការហាលចោលនៅពេលថ្ងៃត្រង់ និងថ្ងៃរសៀលមិនល្អទេ ពីព្រោះវាក្តៅពេកហើយអាចបណ្តាលឲ្យប៉ះពាល់ដល់ជីវិតរបស់គ្រាប់។ បទពិសោធន៍កន្លងមកគេច្រើនចំណាយពេលហាលពី ៣ ទៅ ៥ម៉ោង នៅពេលព្រឹក។ សូមបញ្ជាក់ផងដែរ ការ ហាលគឺធ្វើយ៉ាងណាឲ្យមានខ្យល់ចេញចូលបានល្អ។ បន្ទាប់ពីបានហាលគ្រាប់ស្ងួតល្មមហើយ ត្រូវសំអាតឲ្យស្អាតដោយរើសគ្រាប់ខូចចោលយកតែគ្រាប់ល្អៗ តែប៉ុណ្ណោះ។
ដំណាក់កាលទី៤
ត្រូវយកគ្រាប់ពូជទុកដាក់នៅកន្លែងស្ពាត ស្ងួត ងងឹត និងកំដៅទាប (ត្រជាក់)។ ក្នុងការទុកដាក់គ្រាប់ពូជត្រូវរក្សាទុកក្នុងដប ឬប្រដាប់ច្រក ដែលគ្មានខ្យល់ចូល។ គ្រាប់ត្រូវរក្សាទុកដោយលាយជាមួយសារធាតុមួយចំនួន ដែលអាចជួយស្រូបសំណើមនិងជួយបណ្តេញខ្មូត។ សារធាតុទាំងនោះមានដូចជា ផេះស្តួត ធ្យូងស្ងួតជាដើម។
ដំណាក់កាលទី៥
ប្រសិនបើយើងត្រូវការទុកគ្រាប់ពូជយូរ យកល្អយើងចាក់គ្រាប់ពូជចេញ ដើម្បីយកមកហាលហើយឧស្សាហ៍ប្តូរផេះ ឬធ្យូងដែលដាក់លាយជាមួយគ្រាប់ ពូជ។ រយៈពេលហាលម្តងៗ គឺមួយព្រឹកគ្រប់គ្រាប់ហើយ។
ត្រូវបិទស្លាកលើដប ឬកំប៉ុង ដើម្បីងាយស្រួលក្នុងការចំណាំទុក។ អ្វីដែលគួរសរសេរ លើស្លាកនោះមានឈ្មោះដំណាំ ឬឈ្មោះពូជថ្ងៃខែឆ្នាំនៃការប្រមូលផល។ ដូច្នេះបងប្អូនកសិករគួរតែអនុវត្តនូវដំណាក់កាលទាំង៦ខាងលើឲ្យបានល្អ ដើម្បីថែរក្សាទុកគ្រាប់ពូជដោយខ្លួនឯងសម្រាប់ដាំនៅរដូវក្រោយទៀត៕