Home / កសិកម្ម / បទពិសោធន៍ដាំត្រឡាច (កសិករ ស៊ុម ម៉ុន)

បទពិសោធន៍ដាំត្រឡាច (កសិករ ស៊ុម ម៉ុន)

កសិករ ស៊ុម ម៉ុន  រស់នៅភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ គាត់មានបទពិសោធន៍ដាំត្រឡាចបានផលល្អសំរាប់បរិភោគក្នុងគ្រួសារ និងសល់សំរាប់លក់យកថវិកាផ្គត់ផ្គង់គ្រួសារ។ គាត់ដាំត្រឡាចតាំងពីឆ្នាំ២០០៨មកម្លេះ។ គាត់បានទទួលបច្ចេក​ទេសពីអង្គការសេដាក នៅឆ្នាំ២០១៣ យកមកកែលំអបច្ចេក​ទេសរបស់គាត់។ ចំពោះបទពិសោធន៍នៃការដាំ​ មានបង្ហាញជូនដូចខាងក្រោម។

១-ការបណ្ដុះកូន

ដំបូងគាត់បណ្តុះកូនក្នុងថ្នាលផ្សេងមួយសិន ដោយកាប់ដីឲ្យម៉ដ្ឋលាយជាមួយជីលាមកគោហើយច្របល់ចូលគ្នាឲ្យសព្វរួចពង្រាយវាឲ្យស្មើ បន្ទាប់មកពង្រាយគ្រាប់លើដីនោះ រួចរោយដីពីលើគ្រាប់ ហើយស្រោចទឹក។ ក្រោយពីការសាបនេះហើយគាត់ថែទាំជាប្រចាំ និងការពារកុំឲ្យមាន់កាយហើយស្រោចទឹកក្នុង១ថ្ងៃ១ដងនៅពេលព្រឹក ឬល្ងាច។ រយៈពេល២០ថ្ងៃទើបអាចដកយកកូនទៅដាំបាន។

២-ការរៀបចំដី និងការដាំ

លោកពូបានភ្ជួររាស់ដី ២ ទៅ ៣ដង រួចហាលរយៈពេល១សប្តាហ៍ បន្ទាប់មកបាចជីលាមកសត្វពុកផុយលើដីទើបលើកជារងដែលមានបណ្តោយ ៨ម៉ែត្រ ទទឹង១,៥ម៉ែត្រ កំពស់២តឹក។ នៅលើរងគាត់បានជីករណ្តៅដែលមានទំហំ ១តឹក៤ជ្រុង ជំរៅ១តឹក។ ចន្លោះពីរណ្តៅមួយទៅមួយចំងាយ ៤ម៉ែត្រ និងចន្លោះពីរងមួយទៅមួយ ១,៥ម៉ែត្រ។ បន្ទាប់ពីរៀបចំរណ្តៅរួចរាល់ហើយគាត់បានដកកូនត្រឡាចមកដាំក្នុងរណ្តៅដោយដកយកតែកូនថ្លោសៗ។ ក្នុងមួយរណ្តៅដាំ១ដើម។ នៅពេលជ្រុំដីដាំគាត់បានដាក់ជី​កំប៉ុស្ត​១កំបង់ក្នុង១រណ្តៅ។

៣-ការថែទាំ

បន្ទាប់ពីដាំរួចគាត់យកធាងដូងគ្របវាឲ្យមានម្លប់កុំឲ្យត្រូវពន្លឺថ្ងៃនាំឲ្យស្រពោនដើម។ ក្រោយពីដាំបានរយៈពេល១០ថ្ងៃ ធ្វើការជ្រោយដី រួចស្រោចទឹកមួយថ្ងៃ១ដងនៅពេលល្ងាច។ នៅពេលវាចេញត្រួយគាត់ក្តិចត្រួយឲ្យវាឆាប់បែកមែក។ ក្រោយពេលវាលូតលាស់បានរយៈពេល៣០​ថ្ងៃទើបដាក់ជីដោយកាប់កន្លុកសងខាងគុម្ពប្រហែលជាមួយតឹកពីគុម្ព រួចដាក់ជីចូលនិងស្រោចទឹក។ ការដាំកន្លងមកមានបញ្ហាមួយចំនួនដូចជា ដង្កូវ ចៃ ឬកណ្តាំង ហើយវិធីការពារគាត់ដើរបេះដង្កូវនោះចេញនៅពេលព្រលឹមស្រាងៗ។

៤-ការប្រមូលផល

ក្រោយពីដាំបានរយៈពេល៣ខែកន្លះ ទើបអាចប្រមូលផលបានមក​ហូប និងយកទៅលក់នៅទីផ្សារឈូកដែលមានតម្លៃ ១.០០០រៀលក្នុង​១គីឡូក្រាម។ ហើយគាត់អាចបេះ១ថ្ងៃបាន ១០០គីឡូក្រាម សរុបចំណូលដែលគាត់ទទួលបាន ១០០.០០០រៀល។ ការបេះផ្លែមានរយៈពេល ១៥ ទៅ ២០ថ្ងៃ ទើបអស់ផ្លែ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំត្រឡាចមាន៖

  • បណ្តុះកូនក្នុងថ្នាលរយៈពេល២០ថ្ងៃ ហើយស្រោចទឹកមួយថ្ងៃម្តង
  • ភ្ជួរដី ២ ទៅ ៣ដង បន្ទាប់មកបាចជីលាមកសត្វ ទើបលើកជារង និងជីករណ្តៅលើរង
  • ដកកូនត្រឡាចថ្លោសៗយកមកដាំនៅក្នុងរណ្តៅដោយ១រណ្តៅដាំ១ដើម
  • យកធាងដូងគ្របឲ្យវាម្លប់រយៈពេល១០ថ្ងៃ និងជ្រោយដី ស្រោចទឹក១ថ្ងៃម្តង
  • ក្រោយពីដាំបានរយៈពេល៣០ថ្ងៃ ទើបដាក់ជីលាមកគោបន្ថែមដោយកាប់កន្លុកសងខាងគុម្ព៕

ឃុន ចាន់ថន

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។