Home / ការកែច្នៃកសិផល / បច្ចេកទេសធ្វើផ្អកកំពឹស (អ្នកស្រី តុង ចាន់ធាង)

បច្ចេកទេសធ្វើផ្អកកំពឹស (អ្នកស្រី តុង ចាន់ធាង)

នៅរដូវទឹកសំរក គឺជាពេលដែលសំបូរកំពឹស បងប្អូននៅតាមជនបទខ្លះរកវាបានច្រើនបរិភោគមិនអស់ ហើយអ្នកខ្លះទៀតអាចទិញវាបានក្នុងតម្លៃថោក។ក្នុងករណីសំបូរបែបនេះបងប្អូនអាចយកវាមកកែច្នៃធ្វើជាផ្អកកំពឹសដែលអាចរក្សាទុកបរិភោគ​បានរហូតដល់ ៣-៤ខែ។ ដើម្បីចូលរួមចំណែកជួយបងប្អូនកសិករក្នុង​ការកែ​ច្នៃ​ធ្វើផ្អកកំពឹសឲ្យបានឆ្ងាញ់ និងទុកបានយូរ អ្នកស្រី តុង ចាន់ធាង (នាយិការអង្គការសេដាក) គាត់មាន​ចំណេះ​ដឹងនេះនឹងសូមលើកយកមកបង្ហាញដូចខាងក្រោម។

១-វត្ថុធាតុដើម គ្រឿងផ្សំ និងសំភារៈ

  • កំពឹស ១គីឡូក្រាម, អំបិលម៉ដ្ឋ ១៧០ក្រាម (១,៧ខាំ អំបិលគ្មានជាតិអ៊ីយ៉ូត), ស្ករត្នោត ១៥០ក្រាម (១,៥ខាំ) និងអង្ករលីងប្រហែល ៥០ក្រាម (កន្លះខាំ)។
  • មើមរំដេង ១០០ក្រាម (១ខាំ) និងក្រឡកែវ ឬក្រឡ​ធ្វើ​ពី​ឥដ្ឋសំរាប់ដាក់ផ្អកកំពឹស។

២-របៀបធ្វើ

  • យកកំពឹសលាងទឹក និងរើសសំរាមកំទេចកំទី និងកូនសត្វល្អិត ដែលនៅលាយឡំជាមួយកំពឹសចេញ​ឲ្យ​ស្អាត រួចដាក់ទៅក្នុងកញ្ច្រែងឲ្យស្រស់ទឹក
  • បន្ទាប់មកយកកំពឹសមកប្រលាក់ជាមួយអំបិលឲ្យសព្វ រួចដាក់ចូលទៅក្នុងក្រឡទុកវាចោល ៥ ទៅ ៧​ថ្ងៃ ទើបយកវា​មក​ចាវ
  • យកស្ករត្នោតមកដាក់ក្នុងឆ្នាំងកូរលើភ្លើងរហូតឡើងក្រហម ហើយចាក់ទឹកកន្លះកែវកាហ្វេចូលទុក​ឲ្យវា​ពុះ ទើបលើកចុះទុកឲ្យត្រជាក់
  • យករំដេងមកចិតសំបកលាងទឹកឲ្យស្អាត ហើយបុកវាឲ្យម៉ដ្ឋ
  • យកអង្ករលីងមកកិនឲ្យម៉ដ្ឋ
  • យកកំពឹសដែលបានប្រលាក់អំបិលរក្សាទុក ៥ ទៅ ៧ថ្ងៃនោះមកចាវ ដោយចាក់ទឹកស្ករ អង្ករលីង និង​រំដេង ដែលបានរៀបចំរួចខាងលើចូល ហើយច្របល់វាឲ្យចូលគ្នាសព្វសាច់ រួចដាក់ចូលក្នុងក្រឡ​ទុក
  • រយៈពេល ១០ ទៅ ១៥ថ្ងៃក្រោយមក ផ្អកកំពឹសឡើងជូរល្មមអាចយកមក​ហូប​បានហើយ។

៣-ការប្រើប្រាស់

  • ដួសផ្អកកំពឹសចេញពីក្រឡដោយប្រើស្លាបព្រាស្ងួត ដើម្បី​ជៀសវាងការដុះផ្សិត និងឆាប់ជូរខ្លាំង
  • យើងអាចយកផ្អកកំពឹសមកហូបផ្ទាល់ដោយគ្រាន់តែ លាយជាមួយនឹងខ្ញីដែលហាន់ល្អិតៗ ថែមស្ករ និងទឹក​ក្រូច​​ឆ្មារតាមការចូលចិត្ត ហើយផ្ទាប់ជាមួយអន្លក់ដូចជា ពពាយ ត្រសក់ ត្រប់។ល។
  • ម្យ៉ាងទៀត យើងក៏អាចយកវាមកចាវជាមួយនឹងល្ហុង ដូចជាម៉ាំល្ហុងបានដែរ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍បេះធាងកំប្លោកច្រៀកលក់ (កសិករ ប្រាក់ លីណូ)

កំប្លោកជារុក្ខជាតិដុះនៅក្នុងបឹង ស្រះ ត្រពាំង ស្ទឹង ប្រឡាយ និងទន្លេ។ ក្រៅពីប្រយោជន៍ក្នុងវិស័យកសិកម្ម ​និងអាហាររបស់មនុស្ស កំប្លោក​​ត្រូវ​បានគេយកទៅធ្វើជាខ្សែចង ច្នៃធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗ និងកែច្នៃធ្វើជាគ្រឿងសង្ហារឹមជាដើម។ ប្អូនប្រុស ប្រាក់ លីណូ  អាយុ២៨ឆ្នាំ …