Home / កសិកម្ម / ការដាំដំណាំសណ្តែកសៀង

ការដាំដំណាំសណ្តែកសៀង

ក. លក្ខណៈទូទៅរបស់ដំណាំសណ្តែកសៀង

សណ្តែកសៀងជាដំណាំ ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅ វាជាដំណាំមិនប្រកាន់រដូវ ។ ជាដំណាំដែលត្រូវការពន្លឺ និងសីតុណ្ហភាពសមស្របចន្លោះ ២២ ទៅ ៣០ អង្សាសេ។ ហើយត្រូវការទឹកចាំបាច់ ចាប់ពីពេលចេញផ្ការហូតដល់ផ្លែ ហើយលូតលាស់ល្អលើដីល្បាយខ្សាច់។

ខ. សារៈប្រយោជន៍

សណ្តែកសៀងជាដំណាំដែលសំបូរដោយសារធាតុប្រូតេអ៊ីន (នៅក្នុងគ្រាប់ផ្ទុកទៅដោយ​សារធាតុប្រូតេអ៊ីនពី ៣៥-៤០ភាគរយ)។ សណ្តែកសៀងអាចកែច្នៃធ្វើជាប្រេងសណ្តែក ទឹកស៊ីអ៊ីវ សៀង តៅហ៊ូ។ល។ ដើមនិងស្លឹកខ្ចីៗ អាចប្រើធ្វើជាចំណីសត្វ ឬប្រើធ្វើជា ជីសម្រាប់កែលំអគុណភាពដី។

គ. ជ្រើសរើសទីកន្លែងដាំ

ការដាំនៅរដូវប្រាំង. ត្រូវជ្រើសរើសទីកន្លែងនៅជិតប្រភពទឹក និងទីវាលគ្មានម្លប់

ការដាំនៅរដូវវស្សា. ត្រូវជ្រើសរើសទីកន្លែងដែលមានដីខ្ពស់ មិនលិចទឹក ព្រោះសណ្តែកសៀងជាដំណាំមិនធន់និងការលិចទឹកទេ។ គួរដាំនៅដើមខែឧសភា។

ឃ. ការរៀបចំដី និងការដាំ 

ភ្ជួរលើកទី១ ដាស់ដី និងសំអាតស្មៅឲ្យបានស្អាត រួចហាលចោល ១សប្តាហ៍។

ភ្ជួរដីលើកទី២ បន្ទាប់ពីភ្ជួរលើកទី១ ពីរសប្តាហ៌ហើយបាចជីកំប៉ុស្ត ឫលាមកសត្វរួចភ្ជួរលុបជី។

គេអាចដាំសណ្តែកសៀងបានពីររបៀប៖

១. របៀបដាំជាជួរ

– ប្រើខ្សែចងបង្គោលទាញឲ្យត្រង់ ដោយទុកចន្លោះជួរ ៤ ទៅ ៥តឹក និងចន្លោះគុម្ព ៣តឹក

ដាំពីរគ្រាប់ក្នុងមួយរណ្តៅ ជម្រៅកប់គ្រាប់ ៣ ទៅ ៤ សង្ទីម៉ែត្រ។

២. របៀបដាំលើករង

លើករងដែលមានទទឹង ១ម៉ែត្រ កំពស់ ២ ទៅ ៣តឹក

ក្នុងរងដាំពីរជួរ ដោយចន្លោះពីជួរមួយទៅជួរមួយ៥តឹក និងចន្លោះគុម្ព ១,៥ ទៅ ២តឹក ដាក់គ្រាប់ដាំ២គ្រាប់ក្នុងមួយរណ្តៅ។

ង. ការថែទាំ    

សណ្តែកសៀងត្រូវការទឹកជាមធ្យមនៅវគ្គលូតលាស់ដើមស្លឹក វគ្គចេញផ្កា និងដាក់គ្រាប់ (មិនអាចខ្វះបាន)

ការបញ្ចូលទឹកតាមចន្លោះជួរធ្វើឡើង ១ ទៅ ២លើក ក្នុងមួយសប្តាហ៌ ទៅតាមអាកាសធាតុ

ជ្រំជ្រោយបំផុសដី ដកស្មៅដើម្បីបំបាត់ជម្រកសត្វល្អិត ជំងឺ និងការប្រកួតប្រជែងដណ្តើមជីជាតិពីដី

ការជ្រំជ្រោយដីត្រូវជ្រំឲ្យផុសស្រទាប់លើ ហើយកាយប្រមូលដី ពូនគល់សណ្តែកសៀង ក្រោយពីដាំបាន ១៥ ទៅ ២០ថ្ងៃ។

ច. ការប្រមូលផល  

ក្រោយពីដាំបានរយៈពេល ៣ ទៅ ៤ខែ (អាស្រ័យតាមពូជ) យើងអាចធ្វើការប្រមូលផលបាន ដោយពិនិត្យទៅលើការប្រែប្រួលដើមស្លឹកដូចខាងក្រោម៖

ដើម ស្លឹក មានពណ៌លឿងប្រហែល ៩០ភាគរយ

ស្លឹកផ្នែកខាងក្រោមមានពណ៌លឿង ជ្រុះធ្លាក់បន្តបន្ទាប់

សំបកផ្លៃរលុង ហើយគ្រាប់ភ្លីណែនរលោង។ ការប្រមូលផលយឺត ធ្វើឲ្យផ្លែរបើកសំបកជ្រុះគ្រាប់ចោល

ការប្រមូលផលត្រូវប្រើកណ្តៀវ ឬកាំបិតច្រូតកាត់ដើម ដាក់រាយហាលថ្ងៃឲ្យស្ងួតល្អ រួចយកដំបងគោះបំបែកយកគ្រាប់។

ឆ. ការរក្សាទុកពូជ

គ្រាប់សំរាប់ទុកពូជ ត្រូវអុំរែងឲ្យស្អាត ហាលថ្ងៃស្រទន់លើកន្ទេលរយៈពេល ៣ ទៅ ៤ថ្ងៃ រហូតដល់សំណើមក្នុងគ្រាប់ធ្លាក់ចុះនៅសល់ ១៣ ទៅ ១៤ភាគរយ។

ច្រកទុកដាក់ក្នុងថង់ ឬបាវរក្សាទុកកន្លែងស្ងួតមានខ្យល់ចេញចូលល្អ។​

សរុបបចេ្ចកទេសសំខាន់ៗក្នុងការដាំសណ្តែកសៀង ដើម្បីទប់ទល់និងបម្រែបម្រួលអាកាសធាតុមានដូចខាងក្រោម៖

  1. ­­ជ្រើសរើសទីកន្លែងនៅជិតប្រភពទឹក និងគ្មានម្លប់      
  2. រៀបចំដីឲ្យបានស្អាតនិងភ្ជួរចំនួន ២ដង ដើម្បីសម្លាប់ស្មៅ និងការដាំដោយលើកជារង ជីកជាកូនរណ្តៅតូចៗ  
  3. ថែទាំសណ្តែកសៀងដោយធ្វើការបញ្ចូលទឹកតាមចន្លោះជួរ
  4. ជ្រោយដីការពារស្មៅដុះដណ្តើមជីជាតិ និងបំបាត់ជម្រកសត្វល្អិត
  5. ពូនគល់ក្រោយពីដាំបាន ១៥ ទៅ ២០ថ្ងៃ៕

ប្រភព. សៀវភៅបច្ចេកទេសកសិកម្ម របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

 

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។