Home / កសិកម្ម / ការដាំដំណាំដំឡូងមី

ការដាំដំណាំដំឡូងមី

ការដាំដំណាំដំឡូងមី

 

ក. លក្ខណៈទូទៅដំណាំដំឡូងមី

ដំណាំដំឡូងមី ជាដំណាំដែលបន្តពូជដោយដើម គេអាចដាំដុះនៅតំបន់ដែលមានអាកាសធាតុក្តៅហើយសើម (២៥ ទៅ ៣០ អង្សាសេ) ជាដំណាំដែលត្រូវការពន្លឺ និងលូតលាស់ល្អក្នុងកំរិតទឹកភ្លៀងកំពស់ពី ១.០០០ មីល្លឺម៉ែត្រ ទៅ ១.៥០០ មីល្លឺម៉ែត្រក្នុងមួយឆ្នាំ ប៉ុន្តែវាក៏អាចដុះលូតលាស់បាននូវកម្រិតទឹកភ្លៀងលើសពី ៥០០ មីល្លីម៉ែត្រក្នុងមួយឆ្នាំបានដែរ។ ដំឡូងមីពុំសូវរើសដីទេ ប៉ុន្តែដីដែលល្អសម្រាប់ការលូតលាស់គឺដីល្បាយខ្សាច់ធូរ ហើយច្រោះ​ទឹកល្អ និងមានជីជាតិ។ ដំឡូងមីពុំសូវផ្តល់ផលខ្ពស់និងមានមើមតូចៗនៅលើប្រភេទដីឥដ្ឋ។

ខ. សារៈប្រយោជន៍

ដំឡូងមីជាដំណាំមួយប្រភេទ ដែលយើងអាចបរិភោគជំនួសបាយបាន។ ក្រៅពីធ្វើជាអាហាររបស់មនុស្ស គេអាចច្នៃយកម្សៅដំឡូងមីធ្វើជានំប័ង ម្សៅសាគូរ នំ ដំឡូងស្ងោរ ដំឡូងឆឹង។ ស្លឹកអាចធ្វើជាចំណីសត្វ ធ្វើជាបន្លែអន្លក់។ល។ នៅក្នុងរោងចក្រគេអាចប្រើជាវត្ថុធាតុដើមសម្រាប់ផលិតជាក្រដាស ជ័រ។ល។

គ. ការជ្រើរើសទីកន្លែងដាំ

⇒ រដូវប្រាំង ត្រូវជ្រើសរើសទីកន្លែងដាំនៅជិតប្រភពទឹក និងទីវាលគ្មានម្លប់

⇒ រដូវវស្សា ត្រូវជ្រើសរើសទីកន្លែងដែលមានដីខ្ពស់ មិនលិចទឹក ព្រោះដំឡូងមីជាដំណាំមិនធន់ទៅនឹងការលិចទឹកទេ។ គួរដាំនៅដើមខែឧសភា។

ឃ. ការរៀបចំដី

⇒ ភ្ជួរដីលើកទី១  ភ្ជួរដាស់ដីនិងសំអាតស្មៅឲ្យបានស្អាត រួចហាលចោល ១សប្តាហ៍។

⇒ ភ្ជួរដីលើកទី២ បន្ទាប់ពីភ្ជួរលើកទី១ ពីរសប្តាហ៌ហើយបាចជីកំប៉ុស្ត ឬលាមក​សត្វ រួចភ្ជួរលុបជី។

⇒ ក្រោយពីភ្ជួរទាំង ២លើករួចហើយរាស់បំបែក និងកៀរដីឲ្យស្មើ រួចលើកជារងដាំ។

⇒ ភ្ជួររាស់ធ្វើយ៉ាងណាឲ្យដីមានលក្ខណៈធំៗបន្តិច ដើម្បីកុំឲ្យដីឆាប់ហាប់នៅពេលមានភ្លៀងឫស្រោចទឹក។​

ង. ការដាំ

ការជ្រើសរើសដើមដាំ

  • ជ្រើសរើសដើមដែលថ្លោស មិនយកដើមខ្ចីពេក និងចាស់ពេក ​ជាពិសេសដើមដែលមានអាយុ ៦ ខែ ទៅ ១០ខែ។
  • កាត់ដើមយកផ្នែកកណ្តាលដែលប្រវែងពី ២ ទៅ ៤តឹក មានជាប់ភ្នែកពី៤ ទៅ ៦។

គេអាចដាំដំឡូងមីបានពីរបៀប

របៀបទី១

  • កាប់ជារណ្តៅមានទំហំកន្លះម៉ែត្របួនជ្រុង និងជម្រៅ៣តឹក ហើយក្នុងរណ្តៅត្រូវដាក់ជីកំប៉ុស្ត ឫលាមកសត្វច្របល់ឲ្យសព្វ
  • បន្ទាប់មកយកដើមដែលកាត់កង់ៗទៅកប់ក្នុងរណ្តៅរាងបញ្ឈរត្រង់ ឬរាងទ្រេត​បន្តិច ឬកប់ដីបាតរណ្តៅតែម្តង (គេច្រើនអនុវត្តរបៀបនេះនៅរដូវប្រាំង)។

របៀបទី២

  • លើកជារងដែលមានទទឹង ០,៥ ទៅ ០,៨​តឹក និងកំពស់ ២តឹក ទៅ ៣តឹក
  • កាប់ជារណ្តៅតូចៗលើរង រួចកប់ដើមដំឡូងដាំ ដូចរបៀបទី១ ដែរ។

ត្រូវទុកចន្លោះជួរ ឬចន្លោះរងមួយម៉ែត្រ និងចន្លោះគុម្ពពី ៣ ទៅ ៤ តឹក។

ច. ការថែទាំ

  • ត្រូវជំរះស្មៅជ្រោយដីឲ្យបានញឹកញាប់ពេលដំឡូងមីនៅតូច
  • ត្រូវពូនគល់ក្រោយពេលដាំរយៈពេល ២ ទៅ ៣ខែ ដើម្បីជួយទប់ដើមមិនឲ្យរលំដួល  ហើយផ្តល់មើមធំៗ
  • លួសស្លឹកខាងក្រោមចេញខ្លះ នៅពេលដំឡូងមានកំពស់ ១ម៉ែត្រ ដើម្បីឲ្យពន្លឺចាំងចូលបានគ្រប់គ្រាន់។

ឆ. ការប្រមូលផល

ការប្រមូលផលអាស្រ័យទៅតាមសេចក្តីត្រូវការ គេអាចប្រមូលផលដំឡូងមីតាំងពីនៅខ្ចី រហូតដល់ចាស់។ សម្រាប់បម្រើនៅក្នុងរោងចក្រស្សាហកម្មវិញត្រូវទុកមើមឲ្យចាស់គ្រប់អាយុពេញលេញ ទើបប្រមូលផលដើម្បីបង្កើនជាតិម្សៅបានច្រើន។​

⇒ ដំឡូងមីពូជស្រាលអាចប្រមូលផលបានរយៈពេលពី ៥ ទៅ ៦ខែក្រោយពេលដាំ។ ពូជធ្ងន់អាចរយៈពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ។

⇒ លក្ខណៈសំគាល់ក្នុងការប្រមូលផលគឺស្លឹកវាឡើងពណ៌លឿង ហើយចាប់ផ្តើមជ្រុះស្លឹកពីគល់ឡើងទៅលើ

⇒ មុនគាស់មើម ត្រូវកាប់ដើមចេញសិន ដោយទុកត្រឹមតែ ៣ ទៅ ៤តឹកពីដី។

សរុបបចេ្ចកទេសសំខាន់ៗក្នុងការដាំដំឡូងមី ដើម្បីទប់ទល់និងបម្រែបម្រួលអាកាសធាតុមានដូចខាងក្រោម៖

  1. ការជ្រើរើសទីកន្លែងដាំខ្ពស់មិនលិចទឹក និងគ្មានម្លប់
  2. ការរៀបចំដីដោយភ្ជួរដីឲ្យបាន ២ដង និងដាក់ជីកំប៉ុស្តទ្រាប់បាត
  3. ការដាំជ្រើសរើសដើមថ្លោស និងកាត់យកផ្នែកណ្តាលរាងទ្រេតជាកង់ៗ
  4. ជំរះស្មៅ ពូនគល់ និងលួសស្លឹកដំឡូងមីខាងក្រោមចេញខ្លះ៕

ប្រភព. សៀវភៅបច្ចេកទេសកសិកម្ម របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

 

 

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំស្អំ (កសិករ ប្រាជ្ញ ហៀង)

លោកពូ ប្រាជ្ញ ហៀង អាយុ ៦៣ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ គាត់ប្រកបមុខរបរដាំស្អំរយៈពេលជាយូរមកហើយ​។