Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើក្រឡាន (អ្នកស្រី រឿន រ៉េត)

បទពិសោធន៍ធ្វើក្រឡាន (អ្នកស្រី រឿន រ៉េត)

បងស្រី រឿន រ៉េត  រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គាត់មានបទពិសោធន៍ល្អក្នុងការ​ធ្វើក្រឡានមានរសជាតិឆ្ងាញ់ ដែលបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម។

១-ធាតុផ្សំ និងសំភារៈ

  • អង្ករដំណើប ១០កំប៉ុង
  • ដូង ២ផ្លែ និងសណ្តែកអង្គុយ ១កំប៉ុង
  • ស្ករស ០,៧គីឡូក្រាម, អំបិល ១ស្លាបព្រាបាយ និងបំពង់ឫស្សី
  • ក្រកីដូង និងស្លឹកចេកសំរាប់ខ្ចប់មាត់លើ។

២-របៀបផ្សំ

  • យកអង្ករដំណើប ១០កំប៉ុង ទៅត្រាំទឹក ២ ទៅ ៣ម៉ោង រួចលាងសំអាតឲ្យស្អាតស្រង់សម្រស់ទឹកឲ្យ​ស្រស់
  • ដូងកោសរួច ច្របាច់យកខ្ទិះ
  • លាងសំអាតសណ្តែកអង្គុយឲ្យស្អាតទុកឲ្យស្រស់ទឹក
  • កាប់បំពង់ឫស្សីជាកង់ដុតរួចជួតសំអាតឲ្យស្អាត
  • ខ្ចប់ស្រកីដូងជាមួយស្លឹកចេករក្សាទុកដោយឡែក ដើម្បីប្រើជាឆ្នុកញុកមាត់បំពង់។

៣-របៀបធ្វើ

  • យកអង្ករដំណើបដែលស្រស់ទឹក ខ្ទិះដូង អំបិល ស្ករស សណ្តែកអង្គុយ ទៅចាក់ចូលក្នុងចានដែក ច្របល់ចូលគ្នាឲ្យសព្វ
  • យកអង្ករដែលលាយស្រេចច្រកចូលក្នុងបំពង់ឫស្សី រួចត្រូវបញ្ឈរវាដើម្បីកុំឲ្យទឹកហៀរចេញ
  • យកស្រកីដូងដែលខ្ចប់ជាមួយស្លឹកចេកញុកចូលបំពង់ឫស្សី
  • តម្រៀបបំពង់ឫស្សីដាក់អាំងឲ្យឆ្អិននៅលើភ្លើង (របៀបអាំងគឺដំបូងរៀបបញ្ឈរ បន្ទាប់ពីអាំងបាន ២៥នាទី ត្រូវប្តូរវាដោយក្រឡាប់ក្បាលចុះក្រោមវិញ)។
  • ក្រឡានឆ្អិនត្រូវយកមកសកសំបកឫស្សីខាងក្រៅវិញ ដោយរក្សាសំបកខាងក្នុងឲ្យស្តើង ដើម្បីងាយស្រួលបក​បរិភោគ។

ក្រោយពីធ្វើក្រឡាននេះរួច អ្នកមីងមានប្រសាសន៍ថា គាត់អាចលក់ក្រឡានបានក្នុងមួយតម្លៃចាប់ ១.០០០​រៀល រហូតដល់ ៣.០០០រៀល ទៅតាមក្រឡានតូច និងធំ។ ក្នុងការធ្វើម្តងគាត់ចំណាយដើមទុនអស់ចាប់ពី ៥ ទៅ ៦ម៉ឺនរៀល គាត់លក់វិញបាន ៧ ទៅ ៨ម៉ឺនរៀល ក្នុងនោះគាត់អាចចំណេញបាន ២ ទៅ ៣ម៉ឺនរៀល។ តាមរយៈលទ្ធផលដែលគាត់ទទួលបានខាងលើ គាត់គិត ថា ការធ្វើក្រឡានលក់នេះពិតជាអាចចូលរួមជួយដោះស្រាយជីវភាពគ្រួសារគាត់បានច្រើន ទោះបីការងារនេះមិនសូវមានពេលទំនេរក៏ដោយ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍បេះធាងកំប្លោកច្រៀកលក់ (កសិករ ប្រាក់ លីណូ)

កំប្លោកជារុក្ខជាតិដុះនៅក្នុងបឹង ស្រះ ត្រពាំង ស្ទឹង ប្រឡាយ និងទន្លេ។ ក្រៅពីប្រយោជន៍ក្នុងវិស័យកសិកម្ម ​និងអាហាររបស់មនុស្ស កំប្លោក​​ត្រូវ​បានគេយកទៅធ្វើជាខ្សែចង ច្នៃធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗ និងកែច្នៃធ្វើជាគ្រឿងសង្ហារឹមជាដើម។ ប្អូនប្រុស ប្រាក់ លីណូ  អាយុ២៨ឆ្នាំ …