Home / កសិកម្ម / បទពិសោធន៍ធ្វើស្រែតាមបច្ចេកទេស ប.វ.ស. (កសិករ នាង ចន្ថា)

បទពិសោធន៍ធ្វើស្រែតាមបច្ចេកទេស ប.វ.ស. (កសិករ នាង ចន្ថា)

កសិករ នាង ចន្ថា មានតួនាទីជាប្រធានក្រុមស្ត្រី នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់​បានសហការជាមួយនឹងអង្គការ​សេដាក​នៅឆ្នាំ​២០០៨។ តាមរយៈការសាក​ល្បង​អនុវត្តបច្ចេកទេស ប.វ.ស. លើផ្ទៃដី១០អារនៃផ្ទៃដីសរុប ១០០អារ ដោយ​ទទួល​បាន​ទិន្នផល​ប្រមាណជា ៣០០គីឡូក្រាម ឬ ៣តោន​ក្នុងមួយហិចតា ដែលផ្ទៃដីស្រែ ៣៩០អារ​ផ្សេង​ទៀត​ទទួល​បាន​ផលស្រូវតែ ​៧.៨០០​គីឡូ ក្រាម ឬ ២តោនក្នុងមួយ​ហិចតា​​ប៉ុណ្ណោះ។ 

នៅ​ឆ្នាំ​២០១៤ គាត់​បានធ្វើ​ស្រែ​ ប.វ.ស. ខ្លឹម​លើ​ផ្ទៃដីទំហំ ៣៥អារ ទទួល​​បានទិន្នផល​រហូត​ដល់ ២.៥៥៥គីឡូ​ក្រា​ម (ស្រូវ​ស្ងួត​ល្អ​អាចកិនបាន)ឬ  ៧.៣០០​គីឡូក្រាម ក្នុង​មួយ​ហិចតា​ដែ​ល​​ជា​ទិន្នផលមួយដ៏ខ្ពស់សំរាប់​កសិករ​ធ្វើ​ស្រូវ​​ផ្ការំដួល (ស្រូវកណ្តាល​ប្រកាន់​រដូវ)។​ ក្នុង​ពេល​​នេះ​ខ្ញុំ​សូមធ្វើការលើក​យកបទ​ពិសោធន៏​​និង​បច្ចេកទេសសំខាន់ៗដែលអ៊ំស្រីបាន​អនុវត្តកន្លងមក​បង្ហាញជូនដូចខាងក្រោម។

១. ប្រវត្តិ និងការជ្រើសរើសពូជ

១.១ ប្រវត្តិពូជ     

នៅឆ្នាំ២០១៣ អ៊ំស្រី ទទួលបានពូជស្រូវផ្ការំដួលនេះប្រមាណជា ១០គីឡូក្រាម ដើម្បី​ទុក​ធ្វើ​ពូជនៅឆ្នាំ២០១៤។ នៅក្នុងឆ្នាំនោះ អ៊ំស្រី បានយកពូជនេះមកស្ទូង ( បកសំបកគ្រាប់ដាំ)  ហើយ​ស្ទូង​លើផ្ទៃ​ដី​ប្រមាណជា ១០អារ ទទួលបានផលស្រូវ ៣០០គីឡូក្រាម ដែលត្រូវបានអ៊ំស្រី​ជ្រើស​រើស និងសំរាំង​យកតែកួរធំៗ ទុំស្រុះគ្នា គ្រាប់វែងល្អ ប្រមាណជា ១០គីឡូក្រាមប៉ុណ្ណោះមកបែន​ដាក់ក្នុង​ថង់​ក្រណាត់​ស្តើងៗ (មានខ្យល់ចេញចូល)សំរាប់ទុកពូជនៅឆ្នាំ២០១៤។

១.២ ការត្រៀមពូជដាំ

គាត់បានសំរាំងពូជ ១០គីឡូក្រាមមកដាស់ដំណេកដោយដាក់ហាលថ្ងៃរយៈពេល ៣ ម៉ោង ចាប់ពីម៉ោង  ៨ព្រឹក រហូតដល់ម៉ោង ១១ ព្រឹក។ យកទៅ​ត្រាំ​ទឹក​ស្អាត ដើម្បីជ្រើសរើសយក​គ្រាប់ស្រូវដែលមានគ្រាប់​ពេញ​ល្អ ( ត្រាំ ១យប់ និងផ្អាប់ ២យប់ ទើបយកទៅសាប)។​

២. បច្ចេកទេសរៀបចំដី ថ្នាលសំណាប និងការស្ទូង

២.១ ការរៀបចំដី និងថ្នាលសំណាប

គាត់ចាប់សាបគ្រាប់នៅខែមិថុនា ឆ្នាំ២០១៤ ថ្នាល​សាប​ត្រូវ​បានភ្ជួរ​ដាស់ជាលើកទី១ ហើយ ១០​ថ្ងៃក្រោយមកដី​ស្រែក៏​ត្រូវ​បាន​រាស់​ពង្រាបដីឲ្យរាបស្មើ។ រយៈពេល ៥ថ្ងៃ​បន្ទាប់​ចាប់ភ្ជួររាស់លើក​ទី២ ហើយ៣​ថ្ងៃក្រោយមក ក៏ធ្វើ​ការ​ពង្រាបដី​ជាថ្មី​ រួចលើកជាថ្នាលសំណាបចំនួន ៥​រង (ធ្វើដូច​រងស្ពៃ) ដែល​ក្នុង​មួយ​រងៗ មានបណ្តោយ ១០ម៉ែត្រ ទទឹង ១ម៉ែត្រ និងកំពស់​ប្រមាណជា ១តឹក ។ នៅលើថ្នាល ៥រង គាត់បានប្រើជីកំប៉ុស្តចំនួន ៤រទេះ​គោ ( ៣០០គីឡូក្រាម​ក្នុង​មួយ​​រទេះគោ) ប្រមាណជា ១.២០០គីឡូក្រាម ។ បន្ទាប់មក​គាត់បានយក​គ្រាប់ពូជ​​ដែល​បាន​ត្រៀម​ទុកខាងលើ មកសាប​ស្តើងៗពីលើរងដែលបាន​លាយនិង​បានក្រាល​​ជីកំប៉ុស្ត​​រួចជា​ស្រេច​នោះ​។​ គាត់ថែទាំ​សំណាប​ជាប្រចាំដើម្បី​ធ្វើឲ្យ​សំណាបថ្លោសល្អ។ បន្ទាប់ពីសាបបាន ៧ថ្ងៃ​គាត់បាន​បញ្ចូលទឹកដាក់ថ្នាល​​សំណា​ប​តិចៗ​ដើម្បីធានាការលូតលាស់របស់សំណាប​ឲ្យថ្លោសល្អ រហូតដល់​សំណាប​អាយុ ១៨ថ្ងៃ ទើបបានដក​យក​ទៅ​​ស្ទូង​។

២.២ ការស្ទូង

ស្រែប្រកួតនេះ អ៊ំស្រីនិងក្រុមគ្រួសារចំនួន​ ៥នាក់ បាន​ចំណាយពេល ២ថ្ងៃ សំរាប់ដកស្ទូងដោយ៖

  • ភ្ជួររាស់-ដាស់ដីចំនួន២ដង និងបាចជីកំប៉ុស្ត ១០រទេះ
  • ដកភ្លាម រួចយកទៅស្ទូងភ្លាម (ដក​ដាក់ចានដែក)
  • ជ្រើសរើសយកតែសំណាបថ្លោសៗ
  • ដកថ្នមៗ ដើម្បីឲ្យមានជាប់ដីខ្លះ និង​កុំឲ្យដាច់ឬស
  • ស្ទូងតែ ១​ ដើម ក្នុងមួយគុម្ព និង​ស្ទូង​ជាជួរ
  • ស្ទូងរាក់ៗ ហើយមានគំលាតគុម្ព ៣តឹក
  • ស្ទូងលើដីសើមៗ មិនឲ្យមានទឹកដក់ខ្លាំង
  • ស្ទូងពេលល្ងាចចាប់ពីម៉ោង ៤​រសៀលទៅ (កុំឲ្យសន្ទូងសន្លប់)។

៣. ការថែទាំ និងការតាមដាន

ចាប់តាំងពីស្ទូងរួច​ រហូតដល់សន្ទូងអាយុបាន១៤ថ្ងៃ ទឹកក្នុងស្រែត្រូវបានតំកល់ទុកតិចៗ ស្របតាម​គោល​ការណ៏បច្ចេកទេស ប.វ.ស. ក្នុងដំណាក់កាល​លូត​លាស់ គាត់មិនចុះស្រែឡើយគឺទុកពេលឲ្យសន្ទូងមាន​ឱកាស និងលទ្ធភាពចាប់ឬស និងបែកកូន។ក្រោយពីស្ទូងបាន ១៥ថ្ងៃ  គាត់​និងក្រុមគ្រួសារបានធ្វើការបំផុស​ដី​តាមចន្លោះរងនិមួយៗ រួចរាយជីកំប៉ុស្តនៅតាមចន្លោះរងទាំងនេះអស់ប្រមាណជា ៥០០គីឡូក្រាមបន្ថែមទៀត។ រយៈពេល ៣០ថ្ងៃក្រោយគាត់​បាន​ធ្វើការដក​ស្មៅ​បំផុសដី រួចបាចជីកំប៉ុស្តបន្ថែមចំនួន៥០០គីឡូក្រាម។ នៅវគ្គចេញផ្លែគាត់តែងតែយកជីទឹកប្រមាណជា ៦០០លីត្រ មកស្រោច​តាម​ចន្លោះរងជារៀង​រាល់​១៥​ថ្ងៃម្តង ដែលជាហេតុធ្វើឲ្យស្រូវ​ប្រកួត​របស់គាត់មានការ​បែកគុម្ព​ល្អ​ប្រសើរផងដែរ។

៤. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ៣ខែ គាត់សង្កេតឃើញដើមទង់ជ័យមានពណ៌លឿងកួរ  និង​គ្រាប់គល់កួរ ឡើងម្សៅរឹង ដែលមាន​អត្រា​ទុំប្រមាណជា ៨០ ទៅ ៩០ ភាគរយ គាត់នឹងធ្វើការ​ប្រមូលផលដោយហាលដៃ ២ថ្ងៃនៅនឹងវាលស្រែហើយបន្ទាប់មក​ហាលគ្រាប់ចំនួន ១ថ្ងៃបន្ថែម​ទៀត​មុននឹងធ្វើការច្រកទុកក្នុងបាវស្តើងៗឬបាវ​ក្រចៅ។

៥. ការប្រើប្រាស់ដី មុននិងក្រោយប្រមូលផល

មុននិងក្រោយពេលប្រមូលផលស្រូវ អ៊ំស្រីតែងតែដាំដំណាំមួយចំនួន​នៅលើ​ដីស្រែ​ទាំង ៣៥អារ ដូចជា ល្ពៅ សណ្តែកបាយ  ត្រសក់  ជីស្រស់​ ដើម្បីបង្កើន និងកែលំអរ​គុណភាពដី។ ការធ្វើ​របៀបនេះប្រមាណជា ១០ឆ្នាំកន្លងមកហើយ​។ តារាងខាងក្រោមនេះបង្ហាញ​អំពីប្រភេទដំណាំ និង​ចំណូលដុល​ លើផ្ទៃដី ៣៥អារ៖

ល.រ.

ប្រភេទដំណាំ

ការចំណាយ

ចំណូលដុល

ត្រសក់ ល្ពៅ សណ្តែកខៀវ ៣០.០០០រៀល ១.៥០០.០០០ រៀល

ត្រកួន ១៥.០០០ រៀល ៣៦០.០០០ រៀល

ឪឡឹក ២៨០.០០០ រៀល ៧០០.០០០ រៀល

ស្រូវវស្សា (ផ្ការំដួល) អត់ចំណាយ ៣.៩៦០.០០០ រៀល
ការវិភាគចំណូលចំណាយសរុប ៣២៥.០០០ រៀល .៥២០.០០០ រៀល

៦. លើការធ្វើស្រែប្រកួត

តាមយៈការវិភាគស៊ីជំរៅទៅលើការធ្វើស្រែប្រកួតនេះ ចំណុចសំខាន់ៗនឹងធ្វើការបង្ហាញជូន​នៅក្នុងតារាងវិភាគ​ខាងក្រោម ដើម្បីសរុបនូវការចំណាយដោយរួមបញ្ចូលទាំងខ្លួនឯង និងការ​ជួលគេ ពិសេសគឺការសំដៅទៅលើទំហំនៃ ប្រាក់ចំណេញសុទ្ធ។ រាល់ការចំណាយទាំងអស់ បើទោះ​បីជាធ្វើដោយខ្លួនឯងក្តី ក៏គិតនៅក្នុងក្របខណ្ឌតំលៃជួលគេផងដែរ ហើយតំលៃឈ្នួលនោះ គឺគិត​តាម​ស្ថានភាពជាក់ស្តែង។

តារាងចំណាយ លើកំលាំងពលកម្មខ្លួនឯង

ល.រ.

អធិប្បាយ

ខ្លួនឯង

សរុប

ថ្លៃពូជ ៣៥.០០០ រៀល ៣៥.០០០ រៀល

ថ្លៃភ្ជួរ-រាស់ ៨៧.០០០ រៀល ៨៧.០០០ រៀល

ថ្លៃដក-ស្ទូង ២៤០.០០០ រៀល ២៤០.០០០ រៀល

ថ្លៃជីកំប៉ុស្ត និងកាក​ឡជីវ​ឧស្ម័ន ៥០០.០០០ រៀល ៥០០.០០០ រៀល

ថ្លៃដឹកជញ្ជូន-ច្រូតកាត់-បោកបែន ១៤០.០០០ រៀល ១៨០.០០០ រៀល
ចំណាយសរុប ១.០០២.០០០ រៀល ១.០០២.០០០ រៀល
ចំណូលពីការលក់ស្រូវ ២.៥៥៥ គីឡូក្រាម x ១.៥៥០ រៀលក្នុង​មួយគីឡូក្រាម ៣.៩៦០.២៥០ រៀល
ចំណេញសុទ្ធ ២.៩៥៨.២៥០ រៀល

៧. ចំណាប់អារម្មណ៏

អ៊ំស្រីបានបង្ហាញអំពីភាពរីករាយយ៉ាងខ្លាំង ចំពោះការកើនឡើងទិន្នផលស្រូវពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ។ លើសពីនេះ​គុណ​ភាព​ដីស្រែរបស់គាត់កាន់តែមានជីជាតិនិង​សារធាតុ​ចិញ្ចឹម ដោយសារការដាំដំណាំ​គម្រប​ដី និង​ដំណាំជី​ស្រស់​ជារៀងរាល់ឆ្នាំ រួមផ្សំនឹង​ភាព​យកចិត្តទុក​ដាក់ ភាពច្នៃ​ប្រឌិតរបស់គាត់ ការ​អនុវត្ត​បច្ចេកទេសនិមួយៗ ​ជាកត្តាចូល​រួម​ចំណែកនៅក្នុងការធ្វើឲ្យ​កើនឡើងនូវ​ទិន្នផល​​ស្រូវ និងទទួលបាននូវប្រាក់​ចំណូលបានកាន់តែ​ច្រើន​ពីដីស្រែដោយចំណាយអស់តិច និងចំណេញ​បានកាន់​តែច្រើន៕

ឡូញ ឡាយ

សហគមន៍សម្បូរសប្បាយ

 

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។