Home / កសិកម្ម / ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ (កសិករ ឈាវ ហុង)

ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ (កសិករ ឈាវ ហុង)

លោកពូ ឈាវ ហុង មានសមាជិក​គ្រួសារ ៧នាក់ រស់នៅភូមិសំរោងត្បូង  ឃុំសំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ គាត់បានចាប់អាជីពជា​កសិករ ដែលធ្វើកសិកម្មចម្រុះតាំងពីឆ្នាំ២០០០មក ដោយសារ​លោក​ពូមានជំនាញច្បាស់លាស់ មានផ្ទៃដីធំជាកម្មសិទ្ធិ​ដែល​អំណោយ​ផលសម្រាប់ការធ្វើកសិកម្ម។ ការអនុវត្ត​បែបនេះ គឺអាចឲ្យគាត់ទទួលបាននូវប្រាក់ចំណូលជា​ច្រើន​សម្រាប់​ផ្គត់ផ្គង់គ្រួសារផងដែរ។ នៅឆ្នាំ​២០១២ លោក​​ពូ ត្រូវបាន​ដៃគូថ្នាក់ស្រុកនៃស្រុកសូទ្រនិគម ជ្រើស​រើស​​មក​ចូលរួម​ក្នុង​ការប្រកួតប្រជែង​កសិករឆ្នើម​ទូទាំង​ខេត្ត ដែល​រៀបចំ​ដោយ​គម្រោងអភិវឌ្ឍ​ន៍សេដ្ឋកិច្ច​តំបន់​ក្រវាត់បៃតង។ នៅដើមឆ្នាំ២០១៥​លោកពូបានចូល​រួម​នៅ​ក្នុង​កម្មវិធីសន្និបាត​កសិករ​លើកទី៦ ដែលរៀបចំ​ដោយ ក្រសួង​កសិកម្ មរុក្ខា​ប្រមាញ់​​ និងនេសាទ ព្រមទាំង​ទទួល​បានចំណាត់​ថ្នាក់​លេខ២ ទូទាំងប្រទេស​កម្ពុជា ផ្នែកកសិកម្មចម្រុះ។ ខាងក្រោមនេះគឺជាការអនុវត្តផ្ទាល់ និងលទ្ធផល​ដែលគាត់ទទួលបានជាពិសេសគឺប្រាក់ចំណូល៖

១. ការបែងចែកដីកសិកម្ម

លោកពូមានដីកសិកម្មចំនួន ៦ហិកតា ដោយបានបែងចែកដូចខាងក្រោម៖

  • ផ្ទៃដីធ្វើស្រែ ៤,៥ ហិកតា
  • ដីដាំបន្លែ ៧៤អារ
  • ស្រះទឹក ៣កន្លែង (ស្រះទី១ ទទឹង៨ម បណ្តោយ១០ម ជម្រៅ៥ម, ស្រះទី២ ទទឹង៨ម បណ្តោយ១២ម ជម្រៅ៥ម, ស្រះទី៣ ទទឹង១២ម បណ្តោយ៤០ម ជម្រៅ៥ម)។ ស្រះ​ទឹកនេះ​មានតួនាទីសំខាន់២គឺ ទី១ សម្រាប់​យកមកសោចស្រពដំណាំបន្លែ និងស្រូវ ទី២​សម្រាប់ទាក់​ទាញត្រីធម្មជាតិ និង​ចិញ្ចឹម​ត្រី។​ ស្រះត្រីជីកនៅទីតាំង​កណ្តាល ​មានស្រែព័ទ្ធជុំវិញ ចំណែកស្រះ​សំរាប់​យកទឹកស្រោចបន្លែជីកក្បែរផ្ទះ
  • ក្រៅពីនេះដីស្រែ ដីដាំដំណាំ និងស្រះ​ត្រី​មានប្រព័ន្ធប្រលាយ និងប្រព័ន្ធភ្លឺផ្សេងៗ។

២. ផលិតកម្ម

  • លោកពូបានជ្រើសរើសពូជស្រូវឈ្មោះផ្ការំដួលដែលជាពូជសុទ្ធល្អ ទិញមកពីវិទ្យា​ស្ថាន​ស្រាវ​ជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) សម្រាប់​​ធ្វើ​នៅលើផ្ទៃដីចំនួន ៤,៥ ​ហិកតា
  • ផលិតកម្មដំណាំ មានដូចជា ត្រសក់ស្រូវ ល្ហុង ម្ទេស ត្រប់ ក្រូចឆ្មារ ននោង​ ឱឡឹក ពោត ជាដើម
  • ត្រីដែលលោកពូដាក់ចិញ្ចឹម មានចំនួន ៣.០០០ក្បាល ជាប្រភេទត្រីឆ្ពិន
  • លោកពូមានស្រះទឹកចំនួន ៣កន្លែង ដើម្បី​យកទឹកប្រើប្រាស់ក្នុងការដាំដំណាំនិងធ្វើស្រែ
  • នៅក្នុងការដាំដំណាំ គាត់បានប្រើជី​ធម្មជាតិ​មួយចំនួន ដើម្បីដាក់ទ្រាប់បាត និង​បំប៉នដូចជា ជីកំប៉ុស្ត​គោក កំប៉ុស្តទឹក មេជីបំប៉នពីផ្លែឈើទុំ។

៣. ការវិភាគចំណូលចំណាយក្នុងការអនុវត្តប្រព័ន្ធកសិកម្មចម្រុះ (រយៈពេល ១ឆ្នាំ)

ការវិភាគចំណាយ

ល.រ.

ផលិតកម្ម

ចំណាយ ​(៛)

ចំណូល​ (៛)

ចំណេញ ​(៛)

ស្រូវ ៣.៦៧០.០០០

ភ្ជួរដី ៥០០.០០០

ជីសរីរាង្គ ១០ ការ៉ុង ៧៥០.០០០

ជីកំប៉ុស្តទឹក ៨០.០០០

ថ្លៃច្រូត ១.០៥០​.០០០

ថ្លៃបោក និងដឹក ២២០.០០០

ថ្លៃអ៊ំសំអាតគ្រាប់ ៣០០.០០០

ផ្សេងៗ ១៥០.០០០

ត្រសក់ស្រូវ ៥.៧៣៤.០០០ ១៥.៤៣១.៧០០

១០

ឳឡឹក ១.១៩៥.០០០ ៤.៦៧០.០០០

១១

ពោត ២៣៨.០០០ ៧៨០.០០០
១២ ត្រប់ ៣៣០.០០០ ១.១២០.០០០

១៣

សណ្តែកកួរ ២៣០.០០០ ៧២០.០០០

១៤

ម្ទេស ២២០​.០០០ ១.២៥០.០០០

១៥

ស្វាយ ១.២៥០.០០០

១៦

ននោង ២០.០០០ ៣៥០.០០០

១៧

ស្រូវ ៣.៦៧០.០០០ ៣៣.៧៥០.០០០ (១៦.៨៧៥ គីឡូ​ក្រាម x ២.០០០រៀល)

១៨

ត្រីទាក់ទាញ ១.៣៥០.០០០ ១.៣៥០.០០០
  សរុប ១៨.៧៦២.០០០ ៦០.៦៧១.៧០០ ៤១.៩០៩.៧០០ រៀល

៤. ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីបានរៀបចំកសិដ្ឋានចំរុះ ( កសិដ្ឋានពហុប្រយោជន៍ ) លោកពូមានប្រសាសន៍​ថា កសិដ្ឋាន​នេះពិតជាធ្វើឲ្យ​កសិករ​អាចទទួលបានចំណីអាហារ​ហូបគ្រប់គ្រាន់​ពេញមួយ​ឆ្នាំនៅក្នុងគ្រួសារ ហើយលក់​បានប្រាក់​ចំណូលច្រើនទៀតផង។ ជាក់ស្តែងនៅ​ក្នុងឆ្នាំ​នេះ​គាត់​អាចទទួល​បាន​ប្រាក់ចំណេញ ៤៩.០៣៤.៧០០ រៀល គឺច្រើនជាងការអនុវត្តផលិតកម្ម​តែមួយ​មុខនៅ​លើ​ផ្ទៃ​ដីទាំង​មូល។ បើកសិករមានផ្ទៃដី​ចាប់​ពី ៥០អារឡើងទៅ ក៏អាច​រៀបចំជាកសិដ្ឋាន​ចម្រុះ​បានដែរ មិន​ចាំបាច់មាន​ដល់​រាប់ហិក​តា​នោះទេ សំខាន់គឺយើងត្រូវចេះ​បែងចែក​ប្លង់ឲ្យបានល្អ ធ្វើ​យ៉ាងណាឲ្យផលិតកម្មនិមួយៗងាយ​ស្រួលក្នុងការទំនាក់ទំនងគ្នា ហើយត្រូវមាន​ស្រះទឹក​ឲ្យបានគ្រប់​គ្រាន់​សម្រាប់ផ្គត់ផ្គង់ ជា​ពិសេស​​សម្រាប់​ដំណាំ និងផលិតកម្មស្រូវ។ បច្ចេកទេស​ជាក់​លាក់ការ​ថែទាំ ការយកចិត្ត​ទុកដាក់ ការ​គ្រប់​គ្រងបានល្អ ការ​ដឹងពីតម្រូវការទីផ្សារ គឺជាកត្តាគន្លឹះនាំ​ឲ្យមានភាពជោគជ័យ៕

សយ សុភត្រា

សហគមន៍សម្បូសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។