ការដាំដំណាំពោត
ក. លក្ខណៈទូទៅរបស់ដំណាំពោត
ដំណាំពោតអាចលូតលាស់នៅតំបន់ដែលមានអាកាសធាតុក្តៅហើយសើម សីតុណ្ហភាពដែលសមស្របចន្លោះពី ២៥ ទៅ ៣០ អង្សាសេ វាក៏ជាដំណាំដែលត្រូវការពន្លឺផងដែរ។ ដើម្បីទទួលបានទិន្នផលខ្ពស់ ពោតត្រូវការទឹកគ្រប់គ្រាន់ពេញមួយវដ្តនៃការលូតលាស់របស់វា។ ពោតជាដំណាំដែលមិនប្រកាន់រដូវអាចលូតលាស់លើដីគ្រប់ប្រភេទ។
ខ. សារៈប្រយោជន៍
ពោតផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់រាងកាយមនុស្សនិងសត្វ ក្រៅពីធ្វើជាចំណីអាហារ ដូចជា ប្រេងចម្អិនអាហារ អាំង ស្ងោរ លីង ចៀន និងផលិតជានំផ្សេងៗ គេក៏អាចកែច្នៃធ្វើជាចំណីសត្វផងដែរ។ ពោតអាចប្រើធ្វើជាវត្ថុធាតុដើមក្នុងឧស្សាហ៍កម្ម ដូចជា គ្រឿងតម្បាញ សារធាតុអេតាណុល។ល។
គ. ការរៀបចំដី
- ដើម្បីឲ្យដំណាំពោតដុះលូតលាស់ល្អនិងបានទិន្នផលខ្ពស់ត្រូវជ្រើសរើសដីផុសមិនហាប់ ដីដែលមានជីជាតិច្រើន ហើយគ្មានជាតិជូឬប្រៃខ្លាំង
- ភ្ជួរលើកទី១ ឲ្យបានជំរៅពី ១៥ ទី ២៥សង្ទីម៉ែត្រ (១,៥ ទៅ ២,៥តឹក)
- បន្ទាប់ពីភ្ជួរហើយត្រូវរាស់បំបែកដីឲ្យម៉ដ្ឋល្អ
- ភ្ជួលើកទី២ រយៈមួយអាទិត្យក្រោយភ្ជួរលើកទី១ រួចបាចជីលាមកសត្វ ឬកំប៉ុស្តទ្រាប់បាត
- រាស់បំបែកដីឲ្យម៉ដ្ឋ និងលុបជីចូលទៅក្នុងដី រួចលើករងដាំឬបុកដាំ។
ឃ. ពេលវេលាដាំដុះ
យោងទៅតាមលក្ខណៈអាកាសធាតុ គេអាចដាំពោតបានពីររដូវក្នុងមួយឆ្នាំ
- រដូវដើមឆ្នាំ ចាប់ពីខែមេសា មិថុនា
- រដូវចុងឆ្នាំ ជារដូវទឹកសម្រកចាប់ពីខែវិច្ចិការដល់ខែមករា។
ង. ការដាំ
- គេអាចដាំពោតតាមពីររបៀប បុកដាំ និងលើករងដាំ
- បុកដាំឬកប់គ្រាប់ពូជដាំអាស្រ័យទៅតាមរដូវ រដូវវស្សាកប់ជម្រៅ ៣ ទៅ ៥សង្ទីម៉ែត្រ រដូវប្រាំង ៥ ទៅ ៨សង្ទីម៉ែត្រ។ ដាំពីរគ្រាប់ក្នុងមួយរណ្តៅ
- ទុកចន្លោះជួរ ៥តឹក និងចន្លោះគុម្ព ២តឹក ទៅ ៣តឹក។
ច. ការថែទាំ
- ការដាក់ជីមានសារៈសំខាន់បំផុត ធ្វើឲ្យដំណាំដុះលូតលាស់ល្អ ជាពិសេសជីធម្មជាតិមាន ជីកំប៉ុស្ត លាមកសត្វ កំទេចកំទី សំរាមផ្សេងៗ
- ជីបំប៉នត្រូវដាក់ក្រោយពីដាំបានរយៈពេល ១០ថ្ងៃ ដាក់នៅឆ្ងាយពីគល់ ១តឹក រួចពូនដីលុបឲ្យជិតកុំឲ្យទឹកហូរច្រោះ និងទប់ដើមផង។
- ត្រូវសំអាតស្មៅក្នុងចំការឲ្យបានស្អាត រហូតដល់ពេលចេញផ្ការួច
- ជំរះស្មៅលើកទី១ ពេលពោតអាយុ១៥ថ្ងៃក្រោយពីដាំ ត្រូវជំរះស្មៅលើកទី២ ពោតអាយុ៣០ថ្ងៃបន្ទាប់ពីដាំ លើកទី៣ ពោតមានអាយុ៥០ ទៅ ៦០ថ្ងៃ បន្ទាប់ពីដាំ
- ការជំរះស្មៅមួយលើកក៏ត្រូវការពូនគល់ផងដែរ
- ការដកបំបែកកូន ធ្វើឡើងក្រោយពីពោតដុះបាន ១០ ឬ ១៥ថ្ងៃ ដោយទុកតែមួយដើមក្នុងមួយគុម្ព គឺទុកដើមណាដែលមានសភាពរឹងមុំាល្អជាងគេ។
- ដំណាំពោតអាចប្រមូលផលខ្ចី និងទុំតាមសេចក្តីត្រូវការ
- ក្រៅពីអាយុគេអាចសំគាល់លើការប្រែប្រួលលក្ខណៈដងដើមដូចខាងក្រោម៖
១. សំបកផ្លែ ដើម ស្លឹក ស្ងួតក្រៀម
២. គ្រាប់រឹងភ្លឺរលោងសំណើមក្នុងគ្រាប់នៅសល់ប្រមាណ ២៥ភាគរយ
- ជាទូទៅគេប្រមូផលដោយដៃ ហើយដឹកជញ្ចួនមកផ្ទះ បកសំបក និងដាក់ផ្លែពោតនោះហាល។
ជ. ការទុកដាក់ពូជ
- ដើម្បីទុកពូជដាំបានល្អ ត្រូវជ្រើសរើសដើមដែលល្អ មិនខ្ពស់ពេក ឬទាបពេក ពុំមានជំងឺនិងសត្វល្អិតបំផ្លាញ ពូជផ្តល់ទិន្នផលខ្ពស់
- គ្រាប់ពូជត្រូវហាលឲ្យស្ងួតដល់សំណើមក្នុងគ្រាប់នៅសល់ ១៣ ដល់ ១៤ភាគរយ
- រក្សាទុកកន្លែងដែលមានខ្យល់ចេញចូល។
សរុបបចេ្ចកទេសសំខាន់ៗក្នុងការដាំពោត ដើម្បីទប់ទល់និងបម្រែបម្រួលអាកាសធាតុ មានដូចខាងក្រោម៖
១. រៀបចំដីឲ្យបានល្អដោយភ្ជួរាស់ចំនួន ២សា
២. ជ្រើសរើសពេលវេលាដាំដុះ និងទុកដាក់ពូជបានល្អ
៣. មានការគ្រប់គ្រង និងប្រើប្រាស់ទឹកសមស្រប
៤. ថែទាំ ពូនគល់ និងដកស្មៅជាប្រចាំ៕