Home / កសិកម្ម / បច្ចេកទេសចិញ្ចឹមជ្រូកបានជោគជ័យ (កសិករ តុន ប៊ុនសិទ្ធ)

បច្ចេកទេសចិញ្ចឹមជ្រូកបានជោគជ័យ (កសិករ តុន ប៊ុនសិទ្ធ)

លោកពូ តុន ប៊ុនសិទ្ធ  ជាកសិករ​ជោគជ័យម្នាក់ក្នុងការចិញ្ចឹមជ្រូក រស់នៅភូមិ​ក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀម​រាប។ មូលហេតុ​ដែលលោកពូចាប់អាជីពជាអ្នក​ចិញ្ចឹមជ្រូក ដោយសារ​គាត់​បានរៀន​មានចំណេះដឹងបច្ចេកទេសពិតប្រាកដ ហើយ​ចិញ្ចឹមទៅ​កាក់​កបទទួលបានប្រាក់​ចំណូល​​ច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ​។ បើគិតទៅក្នុងឆ្នាំ២០១៥  លោក​ពូ​អាច​រកប្រាក់ ចំណេញ​បាន ៨៦.១៤៩.០០០រៀល។ ចំពោះបច្ចេកទេសលម្អិតនៃការចិញ្ចឹមរបស់លោកពូមានបង្ហាញជូនដូចខាងក្រោម៖

១. ការសាងសង់ទ្រុង

  • ទ្រុងជ្រូកដេកមានទំហំទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ
  • ទ្រុងកូនជ្រូកមានចំនួន ៣០ទ្រុង ទ្រុងនិមួយៗ​មាន​ទំហំ ទទឹង ១,៨ម៉ែត្រ បណ្តោយ ២,២ម៉ែត្រ
  • ទ្រុងជ្រូកសាច់មានចំនួន២ ទ្រុងនិមួយៗមានទំហំទទឹង៥ម៉ែត្រ បណ្តោយ៥ម៉ែត្រ។

២. ការជ្រើសរើសពូជជ្រូកចិញ្ចឹម

  • គាត់ជ្រើសរើសពូជប្រភេទ ភីទ្រៀន ឡាតវ៉ាយ ឡែនរេស (ពូជនាំចូល)
  • មានឆ្អឹងធំៗ
  • កែងជើងត្រង់
  • ខ្លួនវែង ហើយខ្ពស់
  • មានដោះច្រើនពី ១៤ឡើងលើហើយត្រង់ជួរ​គ្នា​​។

៣. ការផ្តល់ចំណី និងទឹក

កូនជ្រូក. ផ្តល់ចំណីប្រភេទពិសេសទិញពីទីផ្សារដោយនៅ​ពេលកូនជ្រូកអាយុបាន ១០ថ្ងៃ គឺ​ផ្តល់ចំណី​ដែល​​គេ​ហៅថា អាហារទឹក​ដោះ។ ពេលអាយុបាន ២៥ ទៅ ៣០ថ្ងៃ គឺចាប់ផ្តើម​ផ្តាច់ដោះ និងបំបែកពីមេ ហើយ​ឲ្យ​វាស៊ី​ចំណី​គ្រាប់សម្រេចរហូតដល់ទំងន់​២០គីឡូក្រាម។

ជ្រូកសាច់

  • ទំងន់ចាប់ពី ២០ ទៅ ៣០គីឡូក្រាម ឲ្យចំណី​លាយ​​មានដូចជា កន្ទក់ ៧០គីឡូក្រាម ចុង​អង្ករ ៣០គីឡូក្រាម មេចំណី ៣០ គីឡូក្រាម និងម្សៅជំនួយកូនជ្រូកមួយកញ្ចប់
  • ជ្រូកទំងន់ចាប់ពី ៣០ ទៅ ៦០គីឡូក្រាម ឲ្យស៊ី​កន្ទក់ ៦០គីឡូក្រាម ចុងអង្ករ ៦០គីឡូ​ក្រាម មេចំណី ៣០គីឡូក្រាម ម្ស៉ៅជំនួយ​កូនជ្រូកមួយកញ្ចប់
  • ជ្រូកទំងន់៦០គីឡូក្រាម ចាប់ពីចិញ្ចឹម​រហូត​ដល់​លក់​ឲ្យ​​ស៊ី​កន្ទក់៧៥គីឡូក្រាម ចុង​អង្ករ៧៥គីឡូក្រាម មេចំណី ៣០គីឡូ​ក្រាម ម្ស៉ៅជំនួយកូនជ្រូកមួយកញ្ចប់ និងវីណូ​រ៉ាតស៊ី៣ខាំ ដើម្បីឲ្យកូនជ្រូក​កើត​មកស្មើ​គ្នាល្អ។ ចំពោះការផ្តល់ទឹក គឺលោក​ពូ បាន​រៀបជា​ប្រព័ន្ធ​ចំរោះ ដោយដាក់ក្បាលបឺតនៅ​តាម​ជញ្ជាំង​ទ្រុងនិមួយៗ​តែម្តង។ ដូច្នេះ​ជ្រូកអាចបឺតផឹកដោយខ្លួន​ឯង​បាននៅពេលដែលវាត្រូវការ មិនចាំបាច់​អ្នក​ចិញ្ចឹម​ដងទឹកដាក់ឲ្យនោះទេ នេះជាគំនិត​ច្នៃប្រឌិត​ផ្ទាល់របស់គាត់។

៤. ការថែទាំ

កូនជ្រូក

  • នៅពេលកូនជ្រូកកើតមកគាត់បានដាក់​អំពូល​កំដៅនៅពេលយប់និងពេល​ថ្ងៃ ករណីមេឃ​ត្រជាក់រហូតវាលែងត្រូវការកំដៅទើបដកចេញ
  • មើលថែមេ និងកូន ជាប់ជានិច្ចធ្វើយ៉ាងណាកុំឲ្យមេដេកសង្កត់ពីលើកូន
  • កាត់កន្ទុយ និងកាត់ធ្មេញចេញពេល​វា​កើត​​បាន ១ ទៅ ៣ថ្ងៃ
  • សំអាតទ្រុងជាប្រចាំកុំឲ្យសើម
  • ចូកលាមកចេញពីក្នុងទ្រុង។

ជ្រូកសាច់

  • ផ្តល់ចំណី១ថ្ងៃ ៣ដង
  • ផ្តល់ទឹកស្អាតឲ្យផឹក
  • ដាក់មុងការពារនៅពេលយប់ជាប្រចាំ។

ជ្រូកមេ

  • ត្រូវលាងទឹកជ្រូកមួយថ្ងៃ ១ដង
  • ចូកលាមកចេញជាប្រចាំ
  • ផ្តល់ចំណី១ថ្ងៃ ២ដង
  • ដាក់មុងការពារសត្វផ្សេងៗ។

ជ្រូកបា

  • ដាក់ជ្រូកបាដាច់ដោយឡែកពីគ្នាជៀសវាងខាំគ្នាដែលអាចបណ្តាលឲ្យមាន​គ្រោះថ្នាក់។

៥. ការការពារ និងព្យាបាល

  • ពេលកូនជ្រូកកើតបាន ៣ថ្ងៃ ចាក់ វីតាមីន បេឌូ
  • ពេលជ្រូកអាយុ ២០ថ្ងៃ ចាក់វ៉ាក់សាំងប៉េស្ត
  • ពេលកូនជ្រូកផ្តាច់ដោះបាន ១០ ទៅ ១៥ថ្ងៃ ចាក់វ៉ាក់សាំង អូហ្សេស្គី (ចាក់វ៉ាក់សាំងរស់)
  • នៅពេលផ្តាច់ដោះនោះដែរចាក់ថ្នាំទំលាក់ព្រូន
  • ចំពោះជ្រូកមេ និងបា ត្រូវធ្វើវ៉ាក់សាំង ៦ខែម្តង គឺវ៉ាក់សាំងប៉េស្ត និងអូហ្សេស្គី (ប្រើវ៉ាក់​សាំងងាប់)
  • ការពារកុំឲ្យសត្វផ្សេងៗ រួមជាមួយមនុស្សប្លែកចូលទៅក្នុងកន្លែងចិញ្ចឹម
  • បាញ់ថ្នាំសំលាប់មេរោគនៅក្នុង និងជុំវិញកន្លែងចិញ្ចឹម ១ខែ ៣ដង។

លក្ខណៈពិសេសនៃការចិញ្ចឹម

ចំពោះលោកពូផ្ទាល់ គឺមានគំនិតក្នុងការច្នៃឧបករណ៍សម្រាប់​ចំរោះទឹកឲ្យបានស្អាត​ឲ្យជ្រូក​ផឹក ព្រមទាំងចេះបង្កើតក្បាលរ៉ូប៊ីនេ ដាក់ជាប់ជញ្ជាំងសម្រាប់ឲ្យជ្រូកបឺតដោយខ្លួនឯងទៀតផង។ ចំពោះអត្រានៃការ​ស្លាប់វិញគឺត្រឹមកូនជ្រូក ២ប៉ុណ្ណោះ ក្នុង១ឆ្នាំ។

៧. ការផ្សព្វផ្សាយបន្ត

ដោយសារភាពជោគជ័យរបស់គាត់ បានធ្វើឲ្យគាត់ក្លាយជាកសិករល្បីម្នាក់ក្នុងការចិញ្ចឹមជ្រូក តែគាត់​មិនដែលលាក់ទុកចំណេះដឹងទាំងនេះទេ គឺតែងតែចែក​រំលែក និងជួយពន្យល់ណែនាំបន្ថែ​មដល់កសិករ​ដទៃទាំងនៅក្នុងភូមិ និងអ្នកមកទិញកូនជ្រូក​ពីគាត់ផ្ទាល់។ បន្ថែមពីលើនេះ​គាត់​បានក្លាយទៅជាគ្រូកសិករ​របស់​គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ទៀតផង ហើយបានទទួល​ទស្សនកិច្ចសិក្សាពីកសិករប្រមាណ ១២០នាក់ មកពីខេត្តសៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

៨. លទ្ធផល និងការវិភាគសេដ្ឋកិច្ច (រយៈពេល ១ឆ្នាំ)

ល.រ.

ចំណាយ/ចំណូល/ចំណេញ

ទឹកប្រាក់ចំណាយ (រៀល)

សាងសង់ទ្រុង (កាត់រំលោះ ៣ឆ្នាំ) ៤.០០០.០០០

ចំណីជ្រូកសាច់ ១៨០ក្បាល ៧២.៩០០.០០០

ចំណីកូនជ្រូក ២៤០ក្បាល ៩២៤.០០០

ចំណីមេជ្រូក ១២ក្បាល និងបាជ្រូក ២ក្បាល ១៤.០១៦.០០០

ថ្លៃបង្កាត់ស្ពែម ១២ក្បាល ៣៦០.០០០

ថ្នាំបាញ់ទ្រុង TH4 (១ខែ ៤ដង) ៣៣៦.០០០

ថ្នាំវីតាមីន និងថ្នាំ ១១៥.០០០

វ៉ាក់សាំង ៣.៦០០.០០០
ចំណាយសរុប ៩៦.២៥១.០០០
លក់មេ ៤ក្បាល ៤.៨០០.០០០
លក់កូន ២៤០ក្បាល ៤៨.០០០.០០០
លក់ជ្រូកសាច់ ១៨០ក្បាល ១២៩.៦០០.០០០
  ចំណូលសរុប ១៨២.៤០០.០០០ រៀល
  ចំណេញ ៨៩.៧៤៩.០០០​ រៀល

ចំណាប់អារម្មណ៍

ក្រោយពីបានរៀនសូត្រមុខជំនាញបច្ចេកទេសច្បាស់លាស់ពីអង្គការសេដាកមក លោកពូ​បាន​​យល់​​ដឹងកាន់​តែច្រើនពីការចិញ្ចឹមជ្រូក ធ្វើយ៉ាងណាឲ្យជ្រូកសាច់ធំលឿន ចិញ្ចឹមមេយ៉ាងណា​ឲ្យបានកូនច្រើន ហើយនេះ​ជាមុខ​របរមួយដែលអាចចិញ្ចឹមនៅផ្ទះបាន មិនចាំបាច់ធ្វើចំណាកស្រុក​ទៅធ្វើការនៅក្រៅប្រទេស។

១០សន្និដ្ឋាន

លោកពូចិញ្ចឹមជ្រូកក្នុងទ្រុងជារួមការចិញ្ចឹមរបស់គាត់គឺមានទ្រុងទ្រាយធំគួរសម ហើយ​ទទួល​បាន​​ជោគជ័យច្រើន មិនសូវជួប​ប្រទះបញ្ហាទេ ដោយសារគាត់បានប្រើប្រាស់បច្ចេកទេស​ច្បាស់​លាស់ មានការ​ការពារ និងថែទាំបានល្អ មានការចាក់វ៉ាក់សាំងត្រឹមត្រូវតាមអាយុ និងទំងន់ជ្រូក។ តួយ៉ាងក្នុងឆ្នាំ២០១៥ គាត់អាចរក​ប្រាក់​ចំណេញ​បាន​រហូតដល់ ៨៦.១៤៩.០០០រៀល។ តែ​គាត់បញ្ជាក់​ទៀត​ថាការចិញ្ចឹមកូនជ្រូក​សម្រាប់លក់​គឺងាយស្រួលនិងទទួល​បានប្រាក់ចំណេញ​ច្រើន​ជាងការចិញ្ចឹមជ្រូកសាច់។

សរុបបទពិសោធន៍សំខាន់ៗក្នុងការចិញ្ចឹមជ្រូកមាន៖

  • សង់ទ្រុងសមស្របតាមចំនួនជ្រូកដែលដាក់ចិញ្ចឹម
  • ជ្រើសរើសពូជជ្រូកចិញ្ចឹមបានល្អឆាប់ធំធន់នឹងជំងឺ
  • ថែទាំកូនជ្រូក មេជ្រូក លាងសំអាតជ្រូក និងមេជ្រូកជាប្រចាំ
  • បោស លាងសំអាតកើបលាមកជារៀងរាល់ថ្ងៃ និងបាញ់ថ្នាំសំលាប់មេរោគ ១ខែ ៣ដង
  • ផ្តល់ចំណីចំរុះឲ្យបានទៀងទាត់មួយថ្ងៃ ២ ទៅ ៣ដង
  • ការពារជ្រូកឈឺដោយចាក់វាក់សាំងមួយខែ ៣ដង៕

សយ សុភត្រា

សហគមន៍សម្បូរសប្បាយ

 

 

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។