Home / កសិកម្ម / បទពិសោធន៍ផ្សាំកូនក្រូចពោធិ៍សាត់

បទពិសោធន៍ផ្សាំកូនក្រូចពោធិ៍សាត់

លោកអ៊ុំ ជួប គីមយ៉េង ជាកសិកររស់នៅភូមិថ្មី ឃុំសាមគ្គី សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង។ គាត់បានសហការជាមួយអង្គការសេដាក នៅឆ្នាំ២០០៨។ ក្រោយពីសហការរួចមក គាត់តែងតែសាកល្បងនូវបច្ចេកទេស    កសិកម្ម​​ថ្មី ហើយការសាកល្បងនេះ គឺគាត់បានទទួលជោគជ័យច្រើនដូចជាបទពិសោធន៍នៃការផ្សាំក្រូចពោធិ៍ សាត់ជាដើម។ ចំពោះបទពិសោធន៍នៃការផ្សាំក្រូចមានបង្ហាញជូនដូចខាងក្រោម៖

១-ការជ្រើសរើសមែក

ការកាត់មែកយកទៅផ្សាំ

ដើម្បីផ្សាំកូនក្រូចឲ្យបានល្អ គាត់បានជ្រើសរើសមែកក្រូចមិនខ្ចីពេក មិនចាស់ពេក និងមិន​មានជំងឺ មិនមានសត្វល្អិតនៅលើសំបកមែក (នៅលើសំបកមិនមានស្នាមជាំ ឬអុច) ជាមែក​ដែល​រលោង​មិនសូវមានបន្លា ជាប្រភេទមែកនៅផ្នែកខាងក្រោម។ ត្រូវជ្រើសរើស​មែក​ទៅ​ផ្សាំ​ពីដើម​ដែល​មានអាយុចាស់ចាប់ពី ២ឆ្នាំឡើងទៅ។

២-សម្ភារៈដែលត្រូវផ្សាំ

សម្ភារៈសម្រាប់ផ្សាំមានដូចជា

  • កាំបិតមុត ១
  • ខ្សែសម្រាប់ចងរឹត (យកល្អខ្សែត្រចៀកត្នោត)
  • ស្រកីដូង (ហែកយកសំបកក្នុងដែលទន់ងាយ

ប៊ឺតទឹក)

  • ដបទឹកក្រូចសម្រាប់បន្តក់ទឹក
  • ថង់ប្លាស្ទីកសម្រាប់បន្តក់ទឹក
  • ថង់ប្លាស្ទីកសម្រប់រុំពីខាងក្រៅ។

៣-វិធីផ្សាំ

យើងយកកាំបិតដែលមុតមកចៀរក្រឡឹងជុំវិញមែកពីលើ និងពីក្រោមថ្នាំងប្រវែង ២ ទៅ ៣  សង្ទីម៉ែត្រ រួចឆ្កឹះកន្លែងចៀរហើយបកសំបកចេញ។ ក្រោយពីឆ្កឹះសំបកចេញហើយយកកាំបិតកោសសំបកពីលើចុះក្រោមថ្នមៗឲ្យអស់រំអិល បន្ទាប់មកយកក្រណាត់ទៅរូសឲ្យស្អាត រួចយកដីដែលមានលាយលាមកគោពុកផុយទៅរុំព័ន្ធជុំវិញកន្លែងដែលចៀរ រួចយកស្រកីដូងដែលបានត្រាំទឹកទុករុំជុំវិញដើម និងយកថង់ប្លាស្ទីកទៅរុំព័ន្ធពីខាងក្រៅ (ថង់ប្លាស្ទីកចោះប្រហោង ២ ទៅ ៣រន្ធ ដើម្បីកុំឲ្យដក់ទឹកនៅក្នុងថង់នាំឲ្យឫសមិនអាចដុះចេញបាន។

៤-ការកាត់មែកក្រូចពោធិ៍សាត់ដែលផ្សាំរួច

ក្រោយពីផ្សាំបានរយៈពេល ៦០ថ្ងៃ គាត់បានកាត់មែកក្រូចដោយប្រើរណាអារ។ កាត់រួចយកដើមផ្សាំទៅដាក់នៅលើថ្នាលបន្តទៀតរយៈពេល ៤៥ ទៅ ៦០ថ្ងៃ ដោយដាក់នៅក្លែងដែលបានរៀបចំរួច គឺជីកដីជំរៅមួយតឹក ត្រសុសដី រួចយកលាមកមាន់ ទា គោពុកផុយទៅដាក់នៅបាតរណ្តៅ បន្ទាប់មកយកមែកក្រូចពោធិ៍សាត់ទៅដាក់តំរៀបគ្នា និងលុបដីកៀនៗ រួចស្រោចទឹកពីលើឲ្យសើម។

៥-ការដាំមែកផ្សាំ

ក្រោយពីផ្សាំបានរយៈពេល ៤៥ ទៅ ៦០ថ្ងៃ គាត់យកក្រូចទៅដាក់ដាំនៅក្នុងចំការ ដោយជីករណ្ដៅដែលមានទំហំ ១ម៉ែត្រ៤ជ្រុង និងជម្រៅ ១ម៉ែត្រ។ នៅក្នុងរណ្តៅមានដាក់ជី តាមស្រទាប់ដូចជា៖

  • ស្រទាប់ទី១ ដាក់ទន្ទ្រានខែត្រស្រស់ ២០គីឡូក្រាម
  • ស្រទាប់ទី២ ដាក់ដីលាយជាមួយលាមកគោស្រស់ ៥បង្គី
  • ស្រទាប់ទី៣ ស្លឹកឈើពុកផុយ ៥បង្គី រួចរោយដីស្រទាប់លើ ២បង្គី។ បន្ទាប់មកដាក់កូនក្រូចដាំរួចលុបដីពីលើ និងដាក់ទន្ទ្រានខែត្រគ្របគល់ (ការពារកុំឲ្យឆាប់ហាប់ដី)។

៦-ការថែទាំក្រូចក្រោយពីដាំ

  • ក្រោយពីដាំរួចគាត់បានបោចស្មៅចេញពីគល់កុំឲ្យស្មៅស្រូបយកជីជាតិ រួចស្រោចទឹកនៅរដូវ​​

ប្រាំង (គាត់ជីកចង្ហូរព័ន្ធជុំវិញគល់ដោយទុកចំងាយ ០,៥ម៉ែត្រពីគល់)

  • ដាក់ទន្ទ្រានខែត្រគ្របគល់
  • ក្រោយពីដាំរហូតដល់ក្រូចអាយុ ៦ឆ្នាំ ទើបប្រមូលផល (ប្រសិនបើផ្លែនៅអាយុចន្លោះពីដាំរហូតទៅដល់ ៥ឆ្នាំ គឺត្រូវបេះផ្លែចោល។ ធ្វើដូចនេះជួយឲ្យដើមក្រូចមានអាយុវែង)។ ក្រៅពីនេះ គាត់ឧស្សាហ៍កាត់មែកងាប់ និងមែកដែលរាងចាស់ចោល ឬមែកស៊ុបទ្រុបចេញដើម្បីឲ្យ

ស្រឡះមានពន្លឺចូលដល់ ក្រូចអាចលូតលាស់បានល្អ។

៧-ចំណាប់អារម្មណ៍

ក្រោយពីការសាកល្បងគាត់សង្កេតឃើញថា ការផ្សាំដើមក្រូចពោធិ៍សាត់ អាចចូលរួមជួយជីវភាពគ្រួសារគាត់បានច្រើនពីការលក់។ចំណែកបទពិសោធន៍របស់គាត់ធ្វើគឺមិនដែលបរា​ជ័យ​ទេ។ ដូចនេះបងប្អូនអាចធ្វើការសាកល្បងបច្ចេកទេសនេះដោយខ្លួនឯង។

ការដាំមែកដែលផ្សាំ

សរុបបច្ចេកទេសផ្សាំ សំខាន់ៗ៖

  • ជ្រើសរើសមែកផ្សាំ មិនចាស់ពេក មិនខ្ចីពេក គឺរើសពីដើមដែលមានអាយុ ២ឆ្នាំ
  • យកកាំបិតមុតចៀរក្រឡឹងនៅលើមែកប្រវែង ២ ទៅ ៣សង្ទីម៉ែត្រ (ចៀរលើ-ក្រោម)
  • ឆ្កឹះសំបកចៀរចោល និងកោសឲ្យស្អាត
  • យកដីលាយជីកំប៉ុស្តមករុំកន្លែងមុខចៀរ ដោយមានរុំស្រកីដូងផ្អោបកុំឲ្យជ្រុះដី ព្រមទាំងរុំថង់ប្លាស្ទីកដែលមានចោះរន្ធពីក្រៅផង
  • កាត់មែកផ្សាំយកទៅដាំនៅថ្នាល ក្រោយពីផ្សាំបាន ៦០ថ្ងៃ
  • កាប់រណ្តៅដាំកូនក្រូចជម្រៅ ១ម៉ែត្រ និងទំហំ ១ម៉ែត្រ៤ជ្រុង ក្រោយពីដាំនៅថ្នាល ៤៥ ទៅ ៦០ថ្ងៃ
  • ដាក់ជីក្នុងរណ្តៅតាមស្រទាប់រួចដាក់កូនក្រូចដាំ
  • នៅពេលក្រូចចេញផ្លែនៅឆ្នាំដំបូងគួរបេះចោលដើម្បីក្រូចមានអាយុបានយូរឆ្នាំ៕

ស៊ិន អង្គារសាធ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។