Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើត្រសក់ចាវ (កសិករ លឹម ថេង)

បទពិសោធន៍ធ្វើត្រសក់ចាវ (កសិករ លឹម ថេង)

ក្រៅពីធ្វើជាអន្លក់ឬ​ញាំ ផ្លែត្រសក់ស្រូវខ្ចីត្រូវបានកសិករនិយមកែច្នៃធ្វើជាត្រសក់ចាវ​ ឬហៅទៀតថា​ ផ្អកត្រសក់ ដើម្បីទុកធ្វើជាម្ហូបអាហារ។​ មានបច្ចេកទេសផ្សេងៗក្នុងការធ្វើផ្អកត្រសក់នេះឲ្យមានរសជាតិឆ្ងាញ់ ​ប៉ុន្តែដោយឡែក​អ្នកមីង លឹម ថេង  ជាកសិកររស់នៅភូមិទី១​ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា​​ ខេត្តត្បូងឃ្មុំ គាត់មានបទ​ពិសោធន៍ធ្វើផ្អកត្រសក់ស្រួយឆ្ងាញ់ដែ​លបទពិសោធន៍នេះ គាត់ចេះតៗគ្នាពីអ្នកជិតខាង​ យើងសូមបង្ហាញជូនដូចខាងក្រោម។

១-គ្រឿងផ្សំ

  • ផ្លែត្រសក់ស្រូវខ្ចីស្រស់ចំនួន ១០គីឡូក្រាម
  • អំបិល ៩ខាំ (ប្រើអំបិលគ្រាប់)
  • ស្ករសចំនួន ១គីឡូក្រាម
  • ទឹកមិនកំណត់ច្បាស់លាស់ គឺល្មមត្រឹមត្រាំត្រសក់លិចផ្លែ។

២​-ឧបករណ៍សំរាប់ធ្វើ

  • ឆ្នាំងដាំទឹក
  • ពាង ឬក្រឡសំរាប់ដាក់ត្រសក់ចាវ
  • កញ្ច្រែង​ ឬចង្អេរសំរាប់ដាក់ត្រសក់ហាលថ្ងៃ
  • កូនកាំបិត។

៣-របៀបធ្វើ

  • ជ្រើសរើសយកផ្លែត្រសក់ស្រូវខ្ចីល្អ​ ទើបឆ្ងាញ់ជាងត្រសក់ចាស់
  • យកត្រសក់មកលាងទឹកសំអាត រួចស្រង់​យកមកឆូត​សំបក​វាបណ្តោយផ្លែ​៣-៤កន្លែង​​​​​ឃ្លាត​ពី​គ្នា​ប្រហែលពីរធ្នាប់ដៃ ប៉ុន្តែជៀសវាងកុំឆូតជ្រៅដល់បណ្តូលត្រសក់ ពីព្រោះ​វានាំឲ្យ​ធ្លាយ​គ្រាប់​ចេញ​មក​ក្រៅ​។ ការឆូតនេះ ដើម្បីងាយនៅពេលដាក់អំបិល និងស្ករជ្រាបចូល​ទៅក្នុង​សាច់
  • ដាក់អំបិលចូលទៅក្នុងឆ្នាំងទឹក​ រួចដាក់ដាំលើចង្ក្រានរហូតទឹកអំបិលពុះមួយសន្ទុះទើបលើកចុះ
  • ទុកទឹកអំបិលដាំរួចនោះឲ្យត្រជាក់បន្តិច (ក្តៅឧណ្ហៗ)​ ហើយចាក់ត្រសក់ចូលត្រាំ​ទឹកមួយយប់ ​ប៉ុន្តែចាក់​ទឹក​កុំឲ្យលិច​ត្រសក់ ព្រោះត្រសក់អាចចេញទឹកថែមទៀតនៅពេលត្រាំទឹកអំបិល
  • បន្ទាប់មកស្រង់ត្រសក់ដាក់ហាលថ្ងៃរហូតទល់ល្ងាចទើបយកវាមកដាក់ត្រាំទឹកអំបិលម្តងទៀត ប៉ុន្តែមុននឹង​ដាក់ត្រសក់ត្រាំ ត្រូវដាំទឹកអំបិលនោះឲ្យពុះឡើងវិញដើម្បីកុំឲ្យវាផ្អូម។ ធ្វើបែបនេះរយៈពេល ៤-៥ដង​ រហូត​ទាល់តែផ្លែត្រសក់ស្វិតនៅតូចទើបឈប់ត្រាំទឹកអំបិល និងហាលថ្ងៃ។
  • យកត្រសក់ដែលបានរៀបចំដូចខាងលើមកដាក់ត្រាំទឹកក្តៅឧណ្ហៗប្រហែល ២ថ្ងៃ​​បន្ថែមទៀត (ទឹកសាប​គ្មាន​អំបិល) ធ្វើបែបនេះឲ្យវារីកដើម្បីឲ្យស្ករអាចជ្រាបចូលក្នុងសាច់បានល្អ និងឆាប់បរិភោគបាន។ ​បន្ទាប់មក​ស្រង់យកត្រសក់ដាក់តំរៀបក្នុងក្រឡ​ហើយចាក់ស្ករសចូលដោយមិនចាំបាច់ដាក់ទឹកទេ ព្រោះវានឹងចេញ​ទឹកពីស្ករសនៅពេលក្រោយ។
  • ទុកត្រសក់ត្រាំទឹកស្ករសរួចនេះនៅក្នុងម្លប់ និងហាលថ្ងៃម្តងម្កាលដើម្បីកុំឲ្យដុះផ្សិត រយៈពេលកន្លះខែ ទៅ​មួយខែ​គឺយើងអាចយកមកបរិភោគបាន
  • យើងអាចបរិភោគដោយផ្ទាល់តែម្តង បើចង់ធ្វើឲ្យមានរសជាតិឆ្ងាញ់ថែមទៀត​ គឺយើងអាចយកត្រសក់ចាវមកចិតជាចំណិតស្តើងល្មម​ ហើយដំខ្ទឹមស ហាន់ម្ទេស ដាក់ទឹកក្រូចឆ្មា ឬទឹកខ្មេះចូល បើចង់បានផ្អែម ថែម​ស្ករសឬស្ករត្នោតចូលរួចទុកចោលមួយថ្ងៃសឹមយកមក​ហូប នោះនឹងឆ្ងាញ់ពិសា។

៤-ការរក្សាទុក

ត្រសក់ចាវនេះអាចរក្សាទុកបានរយៈពេលយូរដល់ទៅមួយឆ្នាំ ឬលើសពីមួយឆ្នាំ ប៉ុន្តែត្រូវឧស្សាហ៍ដាក់វា​ត្រូវ​ថ្ងៃម្តងម្កាលដើម្បី​កុំឲ្យដុះផ្សិត។  គេអាចបរិភោគវាផ្ទាល់ជាមួយបបរស  ឬបាយដោយ​ផ្ទាប់​ជាមួយត្រីអាំង​ ឬពោត​ស្ងោរ​ក៏បានដែរ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោក ប៉ោ សេដ្ឋា បង្ហាញវិធីធ្វើក្រូចឆ្មារង៉ាំង៉ូវដោយប្រើអំបិល

ផ្លែក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេក៏អាចកែច្នៃធ្វើក្រូចង៉ាំង៉ូវ (ជ្រក់ក្រូច) បាន​យ៉ាង​ឆ្ងាញ់​ពិសា។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈដោយលាយជាមួយស្ករសនិងទឹកកក ឬជ្រក់ស្ងោរមាន់-ទា ស្ងោរជើងជ្រូក…។​ លោក ប៉ោ សេដ្ឋា  បានចេះពីរបៀបធ្វើក្រូចង៉ាំង៉ូវដ៏សាមញ្ញ ចំណាយអស់តិចនេះ​ពីអ្នកធ្វើការងារជា​មួយគ្នា ហើយលោកបង្ហាញពីរបៀបធ្វើដូចខាងក្រោម។