Home / កសិកម្ម / បទពិសោធន៍ផ្សំជីកំប៉ុស្តគោក (កសិករ សាំង យ៉េន)

បទពិសោធន៍ផ្សំជីកំប៉ុស្តគោក (កសិករ សាំង យ៉េន)

អ្នកមីង សាំង យ៉េន  ជាកសិកររស់នៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គាត់មានបទពិសោធន៍ល្អក្នុងការផ្សំជីកំប៉ុស្តគោក​។ ជីកំប៉ុស្តរបស់គាត់មានគុណភាពល្អ ឆាប់កាច់ ដែលបទពិសោធន៍នៃការធ្វើជីនេះមានបង្ហាញជូនដូចខាងក្រោម។

១-ការជ្រើសរើសទីតាំង

គាត់បានជ្រើសរើសទីតាំងដែលមិនលិចទឹកនៅក្បែរកន្លែងចងគោ។ ទ្រុងសាងសង់ពីឥដ្ឋប្រហោង (ពាសស៊ីម៉ង់ត៍ខាងក្នុងកាន់តែល្អ) ដំបូលប្រក់ស្លឹកដែលមានទំហំបណ្តោយ៤ម៉ែត្រ ទទឹង៣ម៉ែត្រ កំពស់១,២ម៉ែត្រ។ ចំណាយថវិកាអស់ ៨០០.០០០រៀល។

២-សារធាតុផ្សំ

  • លាមកគោ ៣០ បង្គី
  • ធ្យូងអង្កាម ៣០ បង្គី
  • ទន្ទ្រានខែត្រ ៣០បង្គី
  • អង្កាមស្រស់ ២ ការ៉ុង
  • ស្លឹកស្តៅ ៣០ បង្គី
  • សំរាម (ស្លឹកឈើងាប់ កំទេចចំបើង និងកាកសំណល់ផ្ទះបាយមិនកំណត់)។

៣-របៀបធ្វើ

យកអង្កាមស្រស់ចាក់ទ្រាប់បាតអាង។ ទន្ទ្រានខែត្រចិញ្ច្រាំឲ្យតូចៗ ស្តៅ បូតយកតែស្លឹក។ បន្ទាប់មកគាត់យកធាតុផ្សំទាំងអស់នេះលាយច្របល់បញ្ចូលគ្នា រួចយកទៅចាក់ចូលក្នុងអាងមានអង្កាមទ្រាប់បាតដែលបានរៀបចំទុកនោះ។ បាន១សប្តាហ៍ គាត់កាយត្រឡប់និងស្រោចទឹកម្តង។ រយៈពេល១ខែ កំប៉ុស្តកាច់អាចប្រើបាន។

៤-ចំណាប់អារម្មណ៍

អ្នកមីងសប្បាយចិត្តដែលបានចូលរៀនជាមួយអង្គការសេដាក ព្រោះធ្វើឲ្យគាត់ចេះបច្ចេកទេសជាច្រើនដែលពីមុនគាត់ពុំបានដឹង។ គាត់យល់ថា ការធ្វើជីកំប៉ុស្តមិនបានចំណាយថវិកាអស់ច្រើននោះទេ ប៉ុន្តែអត្ថប្រយោជន៍របស់វាគឺមានច្រើនចំពោះដំណាំ។ ម្យ៉ាងវិញទៀតការប្រើប្រាស់ជីកំប៉ុស្តមិនធ្វើឲ្យខូចគុណភាពដី និងមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វឡើយ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការធ្វើជីកំប៉ុស្តគោកនេះ

  • សង់រោងនៅលើដីទួលមិនលិចទឹក
  • ប្រមូលធាតុផ្សំកាប់ចិញ្ច្រាំច្របល់ចាក់ចូលក្នុងទ្រុងដោយដាក់អង្កាមស្រស់ទ្រាប់បាត
  • ថែទាំស្រោចទឹក និងកាយត្រឡប់រយៈពេលមួយសប្តាហ៍ម្តង ១ខែប្រើបាន៕

គុយ ស៊ីវណ្ណថា

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

រដូវដាំដុះដំណាំផ្សេងៗនៅលើវាលស្រែនឹងមកដល់ បន្ទាប់ពីការច្រូតកាត់ស្រូវរដូវវស្សារួចហើយ​។ ដើម្បីជាជំនួយដល់កសិករ ដែលមានគំរោងធ្វើការដាំដុះនៅដើមរដូវប្រាំង យើងមានជាគំនិតមួយចំនួនជូន​ដូចខាងក្រោមនេះ៖