កសិករ និងអ្នកដាំដំណាំជាលក្ខណៈគ្រួសារ តែងតែជួបនូវសត្វល្អិតចង្រៃ មកបំផ្លាញដំណាំឈើហូបផ្លែ និងបន្លែគ្រប់ប្រភេទដូចជា ចៃ ស្រមោច និងសត្វល្អិតផ្សេងៗទៀត។ ដើម្បីកំចាត់សត្វល្អិតចង្រៃទាំងនោះ គឺគេយកមេទឹកផេះលាយជាមួយទឹក (បានជាទឹកផេះចង្ក្រាន) មានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ បាញ់ទៅលើដំណាំ។ វិធីធ្វើថ្នាំទឹកផេះចង្ក្រាននេះ មានបង្ហាញជូនដូចខាងក្រោម។
១- វត្ថធាតុដើម និងសំភារៈ
- ផេះចង្ក្រាន ១ គីឡូក្រាម
- ទឹក ៣ លីត្រ
- កាធុនជ័រ ឬធុងជ័រ ២
- ឈើរ ឬជ័រសំរាប់កូរ (ហាមយកដែក)
- កាសំរាប់ដួសមេទឹកផេះ ១
- ស្បៃ និងជីឡៅ ១។
២-វិធីធ្វើមេទឹកផេះចង្ក្រាន
យកទឹក ៣លីត្រចាក់ចូលក្នុងកាធុនជ័រ រួចដាក់ផេះចង្ក្រាន ១គីឡូក្រាមចូលក្នុងកាធុនជ័រនោះទៀត ឬ (ផេះសុទ្ធ៥គីឡូក្រាមលាយទឹក១០លីត្រ) ។ បន្ទាប់មកយកឈើ ឬជ័រកូរល្បាយនោះឲ្យរលាយចូលគ្នាល្អ (ហាមយកដែកកូរព្រោះវាប្រតិកម្ម) រួចទុកចោលមួយយប់។ ក្រោយទុចោលមួយយប់យកកា ឬអ្វីផ្សេងក៏បាន មកដួសយកតែទឹកថ្លាៗនៅខាងលើ (កំទេចធ្យូងធ្លាក់នៅបាតក្រោម) ចាក់ទៅក្នុងកាធុន ឬធុងជ័រមួយទៀតដោយមានស្បៃពាសពីលើដើម្បីត្រងយកកំទេចសំរាមចេញ។ រួចយកទឹកដែលត្រងរួចនេះទៅប្រើប្រាស់ក្នុងពេលនោះក៏បាន ឬច្រកចូលក្នុងដប ឬប៊ីដុងជ័រទុកសំរាប់ប្រើនៅពេលក្រោយក៏បាន។ សូមទុកឲ្យឆ្ងាយពីដៃក្មេង ឬប្រាប់ក្មេង ក៏ដូចមនុស្សចាស់កុំឲ្យយកទឹកផេះនេះផឹក ព្រោះវាជាថ្នាំកំចាត់សត្វល្អិតចង្រៃ គឺមិនមែនទឹកសំរាប់ផឹកទេ។ មេទឹកផេះនេះអាចទុកបានរយៈពេលមួយឆ្នាំ។
យកមេទឹកផេះ ១៥០សេសេ (កន្លះលីត្រចែកជាពីរ) លាយនឹងទឹកធម្មតា១០លីត្រ (បានជាទឹកផេះចង្ក្រាន)។ បាញ់រៀងរាល់៣ថ្ងៃម្តង គឺបាញ់នៅពេលព្រឹក ឬពេលល្ងាចដែលអាកាសធាតុត្រជាក់។ បើយើងចង់ប្រើផេះសុទ្ធយកទៅ រោយជុំវិញគល់ដំណាំ ឬបាចពីលើស្លឹកដំណាំក៏បានដែរ សំរាប់កំចាត់ចៃ និងស្រមោចគ្រប់ប្រភេទ៕
តាក់តែងជាអត្ថបទលំអិត ដោយលោក ប៉ោ សេដ្ឋា
ប្រភពពី Facebook របស់លោក Nak Ny (ជាវីដេអូខ្លី)
សហគមន៍សម្បូរសប្បាយ