កន្លងមកកសិករជួបនឹងភាពក្រីក្រដោយសារគាត់អាស្រ័យលើការធ្វើស្រែតែមួយមុខ ហើយការធ្វើស្រែទៀតសោតក៏បានទិន្ន ផលទាប និងលក់មិនបានថ្លៃ។ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ មានចំណីអាហារបរិភោគគ្រប់គ្រាន់ និងធានាបានការងារគ្រប់រដូវនៅលើកសិដ្ឋាន គ្រួសារកសិករគួរតែបំប្លែងដីស្រែឲ្យក្លាយជា កសិដ្ឋានពុហុប្រយោជន៍ (ប្រយោជន៍ចំរុះ) ឬពហុផលតាមគោលការណ៍ «ស៤»។ នៅពេលដែលកសិករបំប្លែងដីស្រែជាកសិដ្ឋានពហុប្រយោជន៍ ផ្ទៃដីធ្វើស្រែមានទំហំតូចជាងមុន តែប្រាក់ចំណូលសរុបកើនឡើងច្រើនដងជាងពេលធ្វើតែស្រែមួយមុខ។ ម្យ៉ាងវិញទៀតនៅលើដីតូចកសិករអាចទទួលបាន ផលស្រូវខ្ពស់តាមរយៈការអនុវត្ត ប.វ.ស. ឲ្យបានល្អ ប្រើពូជសុទ្ធល្អ និងមានប្រព័ន្ធបញ្ចេញបញ្ចូលទឹកល្អ (ពេលអត់ទឹកយកទឹកពីស្រះ ពេលមានទឹកច្រើនរំដោះទឹកចូលមកស្រះវិញ)។ ដើម្បីឲ្យបានចំណូលខ្ពស់ថែមទៀតពីការធ្វើស្រែនៅលើដីតូច កសិករគួរធ្វើស្រូវដែលលក់បានតម្លៃថ្លៃ ឬផលិតពូជស្រូវលក់។ ការមានស្រះទឹកដែលមានទឹកគ្រប់គ្រាន់ និងមានដីទួលអាចបង្កលក្ខណៈងាយស្រួលដល់កសិករក្នុងការដាំបន្លែសរីរាង្គសំរាប់លក់មកកាន់ទីផ្សារ ដែលជាមុខរបរមួយឆាប់ទទួលបានប្រាក់ចំណូលខ្ពស់ ស្របពេលនឹងស្ថានភាពបច្ចុប្បន្នទីផ្សារបន្លែកាន់តែធំទៅៗដោយសារប្រជាជនរស់នៅទីក្រុង និងទីប្រជុំជនកាន់តែកើន និងអ្នកទេស ចរណ៍បរទេសកាន់តែកើនឡើងជាប់ជានិច្ច។
ការផលិតស្រូវ បន្លែ ឈើហូបផ្លែ និងផលិតផលដំណាំផ្សេងៗបានជោគជ័យទាមទារឲ្យមានជីធម្មជាតិគ្រប់គ្រាន់ ជី លាមកសត្វ (គោ ក្របី មាន់ ទា…) ជាពិសេសកាកសំណល់ឡជីវឧស្ម័ន។ ជីធម្មជាតិមិនត្រឹមតែជួយឲ្យយើងផលិតបានផលខ្ពស់ទេ គឺថែមទាំងជួយឲ្យដីមានជីជាតិយូរអង្វែង និងកាត់បន្ថយនូវចំណាយច្រើនដែលនាំឲ្យកសិករទទួលបានប្រាក់ចំណេញខ្ពស់ និងយូរអង្វែង។
ដើម្បីទទួលបានជោគជ័យយូរអង្វែងក្នុងការអភិវឌ្ឍកសិដ្ឋាន យើងគួរយកចិត្តទុកដាក់លើទ្រឹស្តី «ស៤» ដែលមានដូចខាងក្រោម៖
ស១-ស្រះ. មានស្រះទឹកសំរាប់ស្តុកទឹកស្រោចស្រពគ្រប់រដូវ ជួយរំដោះទឹក និងជាកន្លែងចិញ្ចឹមត្រី។
ស២-សួន. សួនដំណាំបន្លែ ឈើហូបផ្លែ សួនដំណាំធ្វើចំណីសត្វ សួនដើមឈើពហុប្រយោជន៍ ដំណាំឱសថ។
ស៣-ស្រែខ្លឹម. ជាស្រែផលិតស្រូវតាម ប.វ.ស. (ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោល ការណ៍ធម្មជាតិ) បានទិន្នផលខ្ពស់ និងមានដាំដំណាំផ្សេងៗមុន និងក្រោយពេលធ្វើស្រូវ ឬបើមានទឹកគ្រប់គ្រាន់អាចធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំ។ ស្រែក៏អាចជាកន្លែងចិញ្ចឹមកង្កែប និងត្រីនាំមកនូវចំណូលខ្ពស់ផងដែរ។
ស៤-សត្វ. ជាពិសេសសត្វគោ ក្របី ចិញ្ចឹមយកកូនលក់ និងលាមកសំរាប់ធ្វើជាជី និងផលិតជាជីជីវឧស្ម័ន។ កាកសំណល់ឡជាជីធម្មជាតិដ៏ល្អបំផុត ហើយបើប្រើលាយជាមួយធ្យូងអង្កាមធ្វើឲ្យដីមានជីជាតិល្អយូរអង្វែង។
- ការចិញ្ចឹមគោក្របី៖ លក់សត្វ + ជីបង្កើនផលដំណាំ
- ការចិញ្ចឹមជ្រូក៖ លក់ជ្រូក កូនជ្រូក + ជីបង្កើនផលដំណាំ
- ការចិញ្ចឹមមាន់ទា៖ លក់សត្វ លក់កូន លក់ស៊ុត + ជីបង្កើនផលដំណាំ៕
បណ្ឌិត យ៉ង សាំងកុមារ
សហគមន៍សម្បូរសប្បាយ