Home / កសិកម្ម / បទពិសោធន៍ដាំម្រះបានផលច្រើន (កសិករ អាន សំអុល)

បទពិសោធន៍ដាំម្រះបានផលច្រើន (កសិករ អាន សំអុល)

បងប្រុស អាន សំអុល  មានសមាជិកគ្រួសារ ៦នាក់ ជាកសិកររស់នៅភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ គាត់បានសហការជាមួយកម្មវិធីអភិ វឌ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវាត់បៃតងនៅឆ្នាំ២០១២។ ក្នុងនេះដែរគាត់បានចាប់យកបច្ចេកទេសដាំម្រេះមកអនុវត្តជារៀងរាល់ឆ្នាំដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ផ្ទៃដីដាំម្រេះមានទំហំ ២០អារ។ ចំពោះបច្ចេកទេសសំខាន់ៗមានបង្ហាញជូនដូចខាងក្រោម។

១-ការអនុវត្តបច្ចេកទេស

១.១. ការរៀបចំថ្នាលបណ្ដុះ.  បងប្រុសបានរៀបចំថ្នាលបណ្ដុះកូនដោយសង់ជារោងដែលមានទទឹង ៣ម៉ែត្រ បណ្តោយ ៤ម៉ែត្រ កំពស់២ម៉ែត្រ ធ្វើជាធ្នើរកំពស់០,៥ម៉ែត្រ សំរាប់ដាក់គ្រាប់បណ្ដុះកូន និងមានស្បៃព័ន្ធជុំវិញរោងបណ្ដុះសំរាប់ការពារសត្វល្អិត និងកណ្ដុរ។

១.២. ការបណ្ដុះ និងថែទាំកូនដំណាំ.  គាត់បានលាយដីមានដូចជា ដីដំបូក១ភាគ ធ្យូងអង្កាម២ភាគ លាមកគោពុក ផុយ២ភាគ។ លីងដីឲ្យក្តៅខ្លាំងដើម្បីសំលាប់មេ រោគ បន្ទាប់មកទុកឲ្យត្រជាក់រួចដាក់ចូលត្រេ (ឧបករណ៍បណ្តុះកូនដំណាំ) ហើយដាក់គ្រាប់ពូជក្នុង១ត្រេ១គ្រាប់។ ស្រោចទឹករៀងរាល់ពេលព្រឹក និងថែទាំដកស្មៅជាប្រចាំ។

១.៣. ការរៀបចំដី និងដាំដុះ.  គាត់ភ្ជួរដី៤ដង ភ្ជួរលើកទី១ហាលដីរយៈពេល១៥ថ្ងៃ ភ្ជួរលើកទី២ហាលដីរយៈពេល១០ថ្ងៃ ភ្ជួរលើកទី៣រាស់ឲ្យស្អាត បាចកំបោរសទុក៧ថ្ងៃ រួចបាចជីលាមកគោ និងជីកំប៉ុស្តទ្រាប់បាត។ ភ្ជួរលើកទី៤គប់ធ្វើជារងចំនួន ២០ រង ដែលមានទទឹង១ម៉ែត្រ បណ្តោយ៥០ម៉ែត្រ កំពស់១តឹក។ រៀបចំប្រព័ន្ធស្រោចស្រព រួចគ្របប្លាស្ទិកលើរង។ បញ្ចូលទឹកទុក១៥ថ្ងៃ ទើបចោះប្លាស្ទិកធ្វើជាប្រហោងសំរាប់ដាំ។

ក្នុងការដាំគាត់បានយកកូនម្រេះទៅដាំតាមប្រហោងដែលបានចោះរួចជាស្រេច ចន្លោះគុម្ព៦តឹកក្នុងមួយរង ដាំជា២ជួរ និងប្រើអស់កូនចំនួន៨៣ដើម ហើយបញ្ចូលទឹកតាមប្រព័ន្ធ១៥នាទី រក្សាទុក៣ថ្ងៃ បញ្ចូលទឹកម្តងទៀតតែមើលលើភាពជាក់ស្តែង។

១.៤. ការថែទាំ.  ក្រោយដាំបានអាយុ១៤ថ្ងៃ គាត់កាត់ស្លឹកក្រោមចេញ ២១ថ្ងៃក្រោយកាត់ខ្នែង៥ទៅ៩ខ្នែង។ ពេលផ្លែដំបូងបេះផ្លែថ្នាំងទី១ និងទី២ចោល។ ចំពោះវិធីសាស្ត្រការពារដំណាំ គាត់បានដាំដំណាំពោត និងដំណាំដែលមានក្លិនឈួលដូចជា ផ្កាស្បៃ រឿង ជីគ្រប់ប្រភរទដើម្បីការពារចាប់សត្វល្អិត និងជ្រុំជើងឲ្យដីផុស។

២-ការវិភាគចំណូលចំណាយ

ល.រ.

មុខទំនិញ តំលៃសរុប (រៀល)

ពូជ ២០ កញ្ចប់ ៣២០.០០០៛

ជីកំប៉ុស្តគោក + លាមកគោ ៤០ ការ៉ុង ២៤០.០០០៛

ប្រេង (បូមទឹក និងភ្ជួរដី) ៥០លីត្រ ១៧៥.០០០៛

ជីបំប៉ន និងជីធម្មជាតិ ១២០.០០០៛
ចំណាយផ្សេងៗ ៣.៨១២.០០០៛
ចំណាយសរុប ៥.០៧៣.០០០៛
ចំណូលសរុប (២១.០០០ គ.ក្រ.) ២៥.២០០.០០០៛
ចំណេញ ២០.១២៧.០០០៛

៣-ចំណាប់អារម្មណ៍

ក្រោយពីបានទទួលទិន្នផលជាទីគាប់ចិត្ត បងប្រុសមានភាពសប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះវាជាប្រភពចំណូលមួយសំខាន់សំរាប់គ្រួសារគាត់ក្រៅពីការងារផ្សេងៗ ដែលអាចឲ្យគាត់បញ្ជូនកូនទៅរៀនបានគ្រប់គ្នា។ គ្រួសារគាត់មិនបានធ្វើចំណាកស្រុករកការងារខាងក្រៅទេ។ គាត់ក៏បានផ្សព្វផ្សាយដល់កសិករជាច្រើននាក់តាមរយៈទស្សនកិច្ចសិក្សានៅក្នុងកសិដ្ឋានរបស់គាត់ផ្ទាល់ទាំងក្នុង និងក្រៅខេត្ត។

សរុបបទពិសោធន៍សំខាន់ៗក្នុងការដាំដំណាំម្រេះមាន

  • បណ្តុះកូននៅក្នុងត្រេ (ឧបករណ៍បណ្តុះកូន) ដោយតម្រៀបដាក់លើធ្នើរ
  • លាយដីសំរាប់ដាក់បណ្តុះមាន ដីដំបូក ធ្យូងអង្កាម និងលាមកគោ
  • ដាំនៅលើរងដោយមានគ្របប្លាស្ទិកពីលើ
  • ថែទាំស្រោចទឹក គាត់ស្លឹកក្រោម និងកាត់ខ្នែងចេញខ្លះ៕

ឡូញ ឡាយ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។