Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើស្ករត្នោតម្សៅ (កសិករ គឹម សុខ)

បទពិសោធន៍ធ្វើស្ករត្នោតម្សៅ (កសិករ គឹម សុខ)

លោកពូ គឹម សុខ  ជាកសិកររស់នៅភូមិអាឡែក ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់ក៏ជាកសិករដែលសហការជា មួយអង្គការសេដាក ក្នុងគំរោងបក្សីភ្នំរីករាយ មានតួនាទីជាអ្នកសម្របសម្រួលផ្នែកអប់រំមូលដ្ឋានប្រចាំភូមិថែមទៀតផង។ គាត់មានបទពិសោធន៍ល្អ និងប៉ិនប្រសប់ក្នុងការកែច្នៃស្ករត្នោត ធ្វើជាស្ករម្សៅបានយ៉ាងល្អ ហើយមានគុណភាពខ្ពស់ និងមានរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងអាចរក្សាទុក បរិភោគបានរយៈពេលយូរថែមទៀតផង។ បទពិសោធន៍នេះ លោកពូចេះធ្វើតាម រយៈអង្គការ DATE បាន អញ្ជើញគាត់ និងអ្នកភូមិឲ្យចូលរួមរៀនវគ្គបណ្ដុះបណ្តាលនេះកាលពីខែសីហា ឆ្នាំ២០០៧។ បច្ចេក ទេសនៃ​ការរៀបចំធ្វើស្ករត្នោតម្សៅនេះមានបង្ហាញជូនដូចខាងក្រោម។

១-ឧបករណ៍ ឬសំភារៈប្រើប្រាស់

វែកដែករហាត់ (ប្រដាប់វាយស្ករ) ឈើសំរាប់វាត់ស្ករ ត្រឡោកដូង កញ្ច្រែងសំរាប់រែង ចង្អេរ និង​ខ្ទះ​ទឹកឆ្នោត។

២-វិធីសាស្ត្រនៃការធ្វើស្ករម្សៅ

យកទឹកត្នោតដែលត្រងបានទៅចាក់រំងាស់នៅក្នុងខ្ទះទឹកត្នោតរយៈពេលប្រហែល ៥ម៉ោង រហូត​ទឹក​ត្នោតក្លាយ​ទៅ​ជាស្កររងូនិងបន្តរំងាស់ទៀតរយៈពេលពី ៣០ ទៅ ៥០នាទី​។យកស្ករត្នោតមកវាយដោយ​រហាត់​ទាល់តែត្រជាក់ និងគោក​។ បន្ទាប់មកយកឈើវាត់ទៅមកៗរហូតដល់បែកជាម្សៅ ក្នុង​ពេលដំណាល​គ្នានេះ យើងត្រូវយកវែកដែកមកចូកស្ករ​ជា​បណ្ដើរៗ។ ការធ្វើបែបនេះធ្វើឲ្យស្ករចាប់ផ្តើមបែកជាដុំធំៗ។ ពេល​នោះឈើវាត់មិនអាចប្រើការបានទៀតទេ ហើយយើង​ត្រូវប្រើត្រឡោកមកធ្វើការកិនបំបែកស្ករនោះម្តងវិញ។ យក​កញ្ច្រែងដែលយើងបានត្រៀមរួចជាស្រេចមកធ្វើការរែងស្ករ ហើយចំពោះស្ករដែលនៅជាដុំធំ យើងត្រូវ​យក​មកធ្វើការកិនបំបែកដោយត្រឡោកបន្តទៀត ហើយធ្វើការរែងរហូតទាល់តែអស់។ យកស្ករដែលរែងរួច​ទៅ​ហាលនឹងពន្លឺថ្ងៃរយៈពេល ៣ ទៅ ៤ម៉ោង ដោយវីឲ្យបានសព្វស្មើសាច់រហូតស្ករមានការស្ងួតល្អ។ ប្រមូល​ស្ករច្រកក្នុងថង់ប្លាស្ទិក ឬកែវមានគ្របឲ្យបានត្រឹមត្រូវ។

៣-ចំណាប់អារម្មណ៍

ក្រោយពីបានធ្វើស្ករម្សៅនេះរួចមក គាត់មានការ​សប្បាយរីករាយណាស់ ពីព្រោះគាត់គិតថា បច្ចេកទេស​ធ្វើ​ស្ករ​ត្នោតម្សៅនេះ មិនសូវមានអ្នកធ្វើទេ ព្រោះចំណាយពេល​យូរ តែអាចទទួលបានប្រាក់កំរៃខ្ពស់និង​មានផលប្រយោជន៍​​ច្រើនដូចជា៖

  • អាចរក្សាទុកបានរយៈពេលយូរជាងស្ករធម្មតា
  • ឆុងជាមួយកាហ្វេ ទឹកដោះគោ ទឹកតែ និងយកទៅដាក់នំ ធ្វើបង្អែមបានដូចស្ករស
  • សំរាប់នាំចេញទៅលក់នៅក្រៅប្រទេសបាន
  • មានតម្លៃក្នុងទីផ្សារ (១គីឡូក្រាមមានតម្លៃ ៣.០០០ ទៅ ៤.០០០រៀល)។

ក្នុងមួយរដូវកាល គាត់អាចរកប្រាក់ចំណូលពីការធ្វើស្ករត្នោតម្សៅបានប្រមាណពី ៣លានរៀល ទៅ ៣,៥លានរៀលបន្ថែមទៀត។ គាត់សំណូមពរកសិករដែលមានអាជីពឡើងត្នោត គួរតែចាប់ផ្តើមសាក​ល្បង​ធ្វើការកែច្នៃស្ករត្នោតធម្មតាឲ្យប្រែទៅជាស្ករម្សៅដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារឲ្យបានប្រសើរឡើង៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។