Home / កសិកម្ម / បទពិសោធន៍ដាំខាត់ណាផ្កា (កសិករ ភើ ផា)

បទពិសោធន៍ដាំខាត់ណាផ្កា (កសិករ ភើ ផា)

បងស្រី ភើ ផា ជាកសិកររស់នៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប គាត់បានអនុវត្តបច្ចេកទេសដាំខាត់ណាផ្កា តាំងពីឆ្នាំ២០០០មក បន្ទាប់ពីបានចូលរៀនជាមួយអង្គការសេដាក តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវ៉ាត់បៃតង ដែលមានមន្ទីរកសិកម្មខេត្តជាដៃគូអនុវត្ត។ គាត់អនុវត្តលើដី ៤០០ម៉ែត្រការ៉េ ដាំអស់ពូជ៣០ក្រាម ទទួលបានផល៧០០គីឡូក្រាម និងលក់បានតម្លៃ ៣.៥០០រៀលក្នុង១គីឡូក្រាម​។ ចំពោះបច្ចេកទេសនៃការដាំមានបង្ហាញជូនដូចខាងក្រោម។

១-បច្ចេកទេសដាំដុះ

. ការរៀបចំបណ្ដុះកូន. ការរៀបចំបណ្ដុះកូនដំណាំចែកជា ២រដូវ គឺនៅរដូវវស្សា គាត់បណ្ដុះ​កូន​ក្នុងកន្ទោងស្លឹកចេក។ មុនដំបូងគាត់រៀបចំលាយដីជាមួយលាមកសត្វ និងធ្យូងអង្កាម ដោយបរិមាណ ដី៣ភាគ លាមកសត្វ១ភាគ និងធ្យូងអង្កាម​១ភាគ លាយបញ្ចូលគ្នា រួចច្រកចូលទៅក្នុងកន្ទោងស្លឹកចេក ដោយ​ដាក់១គ្រាប់ក្នុង១កន្ទោង រួចគ្របវាដោយស្បៃ ឬចំបើង ២ទៅ៣ថ្ងៃ ឲ្យវាដុះពន្លកទើបបើកវាចេញ។ ចំណែកនៅរដូវប្រាំងគាត់បណ្ដុះនៅលើថ្នាលតែម្តង។ ចំពោះការលាយដីដូចលាយដាក់ក្នុងកន្ទោងដែរ គ្រាន់តែយើងសាបវាស្តើងៗលើថ្នាលដើម្បីឲ្យកូនដំណាំ​លូតលាស់ថ្លោសល្អ បន្ទាប់មកគ្របវាដោយស្បៃ ឬចំបើង ២ទៅ៣ថ្ងៃ ឲ្យដុះពន្លកទើបបើកចេញដោយធ្វើការស្រោចទឹក១ថ្ងៃ២ដង និងធ្វើការបាញ់ថ្នាំការពារសត្វល្អិតបំផ្លាញរហូតដល់កូនដំណាំមានស្លឹក៤ឬ៥ ទើបគាត់ដកយកទៅដាំ។

ខ. ការរៀបចំដីសំរាប់ដាំ. មុនពេលដាំ គាត់បានភ្ជួររាស់ដីចំនួន៣ដង ដើម្បីឲ្យដីរាបស្មើ និងឆ្អិនល្អ បន្ទាប់មកគាត់ដាក់ខ្សែ​ទាញ រួចកាប់រណ្តៅជាជួរដាក់លាមកសត្វ១ក្តាប់ និងជីធម្មជាតិជប៉ុន១ស្លាបព្រាបាយ ក្នុង១រណ្ដៅ ដោយចន្លោះគុម្ព៣តឹក និងចន្លោះរង៦តឹក បន្ទាប់មកគាត់ដកកូនមកដាំ គឺដាំនៅពេលរសៀល ត្រជាក់ និងស្រោចទឹកជាប្រចាំ១ថ្ងៃ២ដង (ព្រឹក ល្ងាច)។

២-ការថែទាំ

នៅពេលដាំបាន ១សប្តាហ៍ គាត់ចាប់ផ្តើមជ្រោយដី និងដាក់ជីលាមកសត្វពុកផុយបំប៉មបន្ថែមលើកទី១ ហើយ១សប្តាហ៍ក្រោយទៀតជ្រោយដាក់ជីលាមកសត្វពុកផុយលើកទី២ រួចលុបគល់លើរង និងស្រោចទឹកជាប្រចាំ ១ថ្ងៃ២ដង (ព្រឹក ល្ងាច) ម្យ៉ាងទៀតគាត់ធ្វើការបោចស្មៅការពារកុំឲ្យវាដណ្តើមជីជាតិជាមួយដំណាំ និងបាញ់ថ្នាំការពារសត្វល្អិតបំផ្លាញចំនួន ៧ទៅ១០ថ្ងៃបាញ់ម្តង (ថ្នាំពុលផ្សំពីរុក្ខជាតិ)។

៣- ការប្រមូលផល

នៅពេលដែលស្ពៃដុះបានអាយុប្រហែល ៤៥ថ្ងៃ ស្ពៃចេញផ្កាធំគាត់ចាប់ផ្តើមប្រមូលផល ដោយប្រើកាំបិតកាត់គល់ រួចជញ្ជូនមកកន្លែងម្លប់ បន្ទាប់មកកាត់ស្លឹកវាចេញខ្លះឲ្យស្មើផ្កាទើបច្រកចូលទៅក្នុងថង់ រួចថ្លឹងលក់ឲ្យឈ្មួញដឹកទៅទីផ្សារជាការស្រេច។

៤-ការវិភាគចំណូលចំណាយ

ល.រ. រាយមុខចំណាយ ចំនួន តំលៃរាយ (រៀល) សរុប (រៀល)
ពូជ ៣ ខាំ ៣០.០០០ ៩០.០០០
ជីលាមកសត្វ ៦៩.០០០
បូមទឹក ១០០.០០០
ថ្នាំពុលធម្មជាតិ ៥០.០០០
ជួលគេ ៣០.០០០
ចំណាយសរុប ៣៣៩.០០០
លក់ខាត់ណាផ្កា ៧០០ គីឡូក្រាម ៣.៥០០ ២.៤៥០.០០០
ចំណេញ ២.៤៥០.០០០-៣៣៩.០០០=២.១១១.០០០រៀល

៥-ចំណាប់អារម្មណ៍

បន្ទាប់ពីបានដាំខាត់ណាផ្កានេះមក បងស្រីមានការចាប់អារម្មណ៍ថា ខាត់ណាផ្កានេះ គឺវាងាយស្រួលដាំនិងថែទាំ ហើយលក់បានចំណូលច្រើន ដែលអាចធ្វើឲ្យជីវភាពគ្រួសារគាត់បានប្រសើរ។ នៅពេលដាំលើកក្រោយគាត់គ្រោងទិញកំបោរសបាចសម្លាប់មេរោគ និងបាញ់ថ្នាំផ្សិតការពារជាមុនសិន ម្យ៉ាងទៀតមានអ្នកភូមិ និងក្រៅភូមិមកសួរនាំគាត់ពីបច្ចេកទេសដាំច្រើនគ្នាដែរ។

សរុបមកចំណុចសំខាន់ៗក្នុងការដាំខាត់ណាផ្កាមាន

  • ដាក់បណ្ដុះកូននៅក្នុងកន្ទោងស្លឹកចេក ឬត្រេជ័រជាមុននៅលើថ្នាល                                                                           (ដី ធ្យូងអង្កាម លាមកសត្វ)
  • ដកកូនដំណាំថ្លោសៗ យកទៅស្ទូងនៅលើរង
  • ប្រើជីធម្មជាតិបំប៉ន ២ទៅ២ដង ដកស្មៅ និងស្រោចទឹកព្រឹកល្ងាច៕

 

អ៊ា សុផល
សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំស្អំ (កសិករ ប្រាជ្ញ ហៀង)

លោកពូ ប្រាជ្ញ ហៀង អាយុ ៦៣ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ គាត់ប្រកបមុខរបរដាំស្អំរយៈពេលជាយូរមកហើយ​។