Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមមាន់លើអាកាស (កសិករ ជី ហ៊ាន)

បទពិសោធន៍ចិញ្ចឹមមាន់លើអាកាស (កសិករ ជី ហ៊ាន)

លោកពូ ជី​ ហ៊ាន ជាកសិកររស់នៅភូមិខ្លែង ឃុំពេល ស្រុកសូតនិគម ខេត្តសៀមរាប គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមមាន់លើអាកាស ទទួលបានលទ្ធផលល្អ។ មូលហេតុដែលធ្វើឲ្យគាត់សំរេចចិត្ត​ និងជ្រើសរើសយកវិធីចិញ្ចឹមមាន់លើអាកាសដោយ សារបានមកទស្សនកិច្ចសិក្សានៅផ្ទះពូ រស់ ម៉ៅ​ ខេត្តតាកែវ។ ចំពោះបទពិសោធន៍​ និងបច្ចេកទេសនៃការចិញ្ចឹមមាន់លើអាកាសរបស់គាត់បង្ហាញជូនដូចខាងក្រោម។

១-បច្ចេកទេសនៃការរៀបចំទ្រុង

គាត់បានរៀបចំទ្រុងមាន់ចំនួនបី​គឺ ទ្រុងខ្ពស់ ទ្រុងទាបល្មម និងទ្រុងស្នួរសំរាប់ឲ្យមាន់ដើរឆ្លងពីទ្រុងមួយទៅទ្រុងមួយ។

ទ្រុងមាន់អាកាស

  • ទ្រុងនេះគាត់លើកផុតពីដីកំពស់១,៦​ម៉ែត្រ​ មានទំហំទទឹង១ម៉ែត្រ បណ្តោយ១,៦ម៉ែត្រ
  • ដំបូលប្រក់ស្លឹក សង់ឡើងពីឫស្សី និងកូនឈើដែលមានទំហំប៉ុនកំភួនដៃ។ ទ្រុងព័ទ្ធជុំវិញដោយសំណាញ់ទាំងលើ និងក្រោម
  • រានសំរាប់ឲ្យមាន់ដើរឆ្លងពីទ្រុងមួយទៅមួយ ធ្វើឡើងពីឫស្សីនិងព័ទ្ធជុំវិញដោយសំណាញ់ដើម្បីកុំឲ្យកូនមាន់ផុងជើងសំណាញ់
  • យកស្បៃខៀវដាក់ពីក្រោមទ្រុងសំរាប់ត្រងលាមកមាន់កុំឲ្យធ្លាក់មកក្រោម។

ទ្រុងទាបល្មមសំរាប់ដាក់ដីនិងខ្សាច់. ទ្រុងធ្វើឡើងពីឫស្សី  និងកូនឈើតូចៗមានទំហំប៉ុនកដៃ​ អត់ប្រក់ដំបូល។ យកសំណាញ់ខៀវប្រក់ពីលើទ្រុងមានទំហំបណ្តោយ​០,៦ម៉ែត្រ ទទឹង១ម៉ែត្រ កំពស់ផុតពីដី២,៥តឹក។

រានពីក្រោម. សំរាប់មាន់ជាន់ពីលើធ្វើឡើងពីឫស្សី​  ក្រាលបាវពីលើ ដើម្បីដាក់ដីលាយជាមួយដីខ្សាច់ ដោយលាយបរិមាណស្មើគ្នា។

​​​ទ្រុងស្នួរសំរាប់មាន់ដើរ.  អត់ប្រក់ដំបូល រានពីក្រោមសំរាប់មាន់ជាន់ពីលើធ្វើឡើងពីឫស្សី ក្រាលសំណាញ់ពីក្រោមទ្រុងមានកំពស់២តឹក​ ទំហំ២តឹកបួនជ្រុង និងបណ្តោយ១២ម៉ែត្រ ទ្រុងនេះធ្វើឡើងសំរាប់មាន់ដើរឆ្លងពីទ្រុងមួយទៅទ្រុងមួយ។

២-ការថែទាំ

  • អនាម័យទ្រុង. គាត់រៀបចំសំអាតទ្រុងជាប្រចាំ ដើម្បីការពារមាន់កើតជំងឺ។
  • ការផ្តល់ចំណី. ចំពោះមាន់ចំនួន ៥០ក្បាល​ គាត់បានផ្តល់ចំណីដូចជា អង្ករ សាច់ និងបន្លែ
  • ប្រភេទអាហារសាច់. មានដូចជា កូនត្រី កំពឹស ជន្លេន កណ្តៀរ សត្វល្អិត
  • ប្រភេទបន្លែ. មានដូចជា ត្រកួន ស្ពៃ​ ឆៃយ៉ា ជាដើម
  • ប្រភេទអង្ករ​​. គាត់ដាក់ចុងអង្ករ និងមានលាយជាមួយកន្ទក់ និងពេលខ្លះក៏មានត្រាំស្រូវឲ្យស៊ីផងដែរ
  • ចំពោះអាហារ. គាត់បានឲ្យស៊ី​មួយថ្ងៃ ២ ទៅ ៣ដង​។​ គាត់មានដាក់ដូចជាអង្ករ​ ស្រូវត្រាំឲ្យរីក ដោយត្រាំពីព្រឹកសម្រាប់ឲ្យស៊ីល្ងាច ត្រាំពេលល្ងាចសម្រាប់ឲ្យស៊ីព្រឹក  ព្រោះត្រាំបែបនេះ​ អាចឲ្យមាន់ស៊ីចំណីបានទាំងតូចទាំងធំ។

វិធីសាស្រ្តរៀបចំចំណីឲ្យមាន់ស៊ីគឺ  អង្ករមុនយកទៅដាំបាយ គាត់យកទៅដាក់ត្រាំជាមួយទឹករយៈពេល ៣០នាទី ទើបយកទៅដាំ និងបន្លែហាន់ឲ្យល្អិតចំនួន០.៥គីឡូក្រាម កន្ទក់​​​៤គីឡូក្រាមនិងដាក់ចំណីទីផ្សារ០,៥ គីឡូក្រាម

ទឹក.  គាត់ដាក់ទឹកក្នុងស្នូកជាប្រចាំ​ និងប្តូរទឹករាល់មួយថ្ងៃម្តង​ ហើយជាពិសេសនៅរដូវក្តៅគាត់បានដាក់ត្រាំ        ​​      សំបកស្តៅ ដោយដាំទឹកឲ្យពុះ រក្សាទុកឲ្យមាន់ផឹក។

វិធីទី១.  សំបកគ  មួយចំណិតក្នុងទឹក ៤ ទៅ ៥ផ្តិល ព្រោះធ្វើឲ្យត្រជាក់ ហើយមាន់ឈ្នះជំងឺផងដែរ។

វិធីទី២.  ពកត្នោតនៅក្បែរគល់ត្នោត០.៥គីឡូក្រាម ​​ វល្លិ៍ដកគុណ០.៥ គីឡូក្រាម​ ឫសត្រាច០.៥គីឡូក្រាម  ​ទឹកចំណុះ ៥០លីត្រ។ វត្ថុធាតុដើមខាងលើ​ ត្រូវហាលឲ្យស្ងួតសិនទើបយកទៅដាក់ដាំឲ្យពុះ​រួចយកទៅដាក់ឲ្យមាន់ផឹក និងត្រូវប្តូរមួយថ្ងៃម្តង​ ដើម្បីកុំឲ្យទឹកផ្អូម។

គត់សំគាល់. ការចិញ្ចឹមមាន់លើអាកាស គឺគេអនុវត្តចំពោះទីធ្លាចិញ្ចឹមមិនអំណោយផលដូចជា នៅខាងក្រោមមានសួនបន្លែ ឬរណ្តៅចិញ្ចឹមត្រីស្ទើរតែពេញដីអស់ទៅហើយ។ ដូច្នេះគេត្រូវចិញ្ចឹមលើអាកាសដើម្បីកុំឲ្យមាន់ទៅបំផ្លាញដំណាំ និងបានមាន់បរិភោគ ក៏ដូចអាចលក់បានចំណូលបន្ថែមទៀត។

សរុបបច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមមាន់លើអាកាស

  • រៀបចំទ្រុងជាបីផ្សេងគ្នា មានដូចជាទ្រុងមាន់សំរាប់លើអាកាស ទ្រុងមាន់សំរាប់ដាក់    ដីនិងខ្សាច់ និងទ្រុងស្នួរសំរាប់មាន់ដើរឆ្លងពីទ្រុងមួយទៅមួយ
  • រៀបចំថែទាំមាន់ដោយផ្តល់ចំណីចំរុះគ្រប់គ្រាន់សំរាប់មាន់
  • ប្រើថ្នាំបុរាណសំរាប់ដាក់ក្នុងទឹកនិងចំណីដល់មាន់ជាប្រចាំ៕

ពាន សុខា​ និងស៊ិន អង្គារសាធ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។