Home / កសិកម្ម / បទពិសោធន៍ដាំចេកអំបូង (កសិករ អ៊ុក ភឿន)

បទពិសោធន៍ដាំចេកអំបូង (កសិករ អ៊ុក ភឿន)

លោកអ៊ុំ អ៊ុក ភឿន ជាកសិកររស់នៅភូមិស្រែជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តកំពង់ស្ពឺ​។ គាត់មានបទពិសោធន៍ល្អក្នុងការដាំចេកអំបូងទទួលបានលទ្ធផលល្អ។ បទពិសោធន៍នេះ មានបង្ហាញ​ជូនដូចខាងក្រោម៖

១-បច្ចេកទេសដាំដុះ

គាត់ចាប់ផ្តើមដាំកូនចេកនៅដើមខែមេសា និងឧសភា ដែលជារដូវវស្សា។ រដូវនេះងាយស្រួលក្នុងការថែទាំ មិនពិបាកក្នុងការស្រោចស្រពឡើយ។

  • ការរៀបចំរណ្ដៅដាំ. រណ្តៅដាំមានទំហំកន្លះម៉ែត្របួនជ្រុង និងជម្រៅ៣តឹក ដើម្បីងាយស្រួល​ក្នុង​ការដាក់ជីធម្មជាតិ។ ក្នុងរណ្តៅនីមួយៗ គាត់ដាក់ស្លឹកឈើទុំ និងស្មៅងាប់ៗ រួចលុបដីពីលើ ហើយ​ទុកចោលរយៈពេល ៤ ទៅ ៧ថ្ងៃ ដោយឧស្សាហ៍ស្រោចទឹកពីលើ ដើម្បីជួយឲ្យស្មៅ និងសំរាម​ផ្សេង​ៗ នៅក្នុងរណ្តៅឆាប់រលួយ។ រយៈពេល៧ថ្ងៃក្រោយ គាត់បានដាក់កូន ចេកដាំនៅក្នុងរណ្តៅនោះ។
  • ការជ្រើសរើសកូនចេកដាំ និងការដាំ. គាត់ជ្រើសរើសកូនចេកថ្លោសៗល្អ យកទៅដាំដោយ​កប់​ឲ្យលិចគល់ចេករួចសង្កត់ដីឲ្យណែន (ប៉ុន្តែការដាំមិនត្រូវដាក់គល់ចេកកប់ជ្រៅពេកទេ ព្រោះអាចធ្វើ​ឲ្យ​កូនចេកលូតលាស់យឺត) និងកប់ដីពីលើមិនឲ្យពេញរណ្តៅទេ ធ្វើដូចនេះងាយស្រួលក្នុងការថែម​ជី​។ បន្ទាប់ពីដាំហើយយកស្លឹកឈើងាប់ៗគ្របពីលើគល់ចេក និងស្រោចទឹកឲ្យជោគ។

២-ការថែទាំ

ចំពោះការថែទាំកូនចេក គាត់បានយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

  • ដើម្បីឲ្យចេកដែលបានដាំមានការដុះលូតលាស់ និងមិនមានជំងឺក្រាស៊ី គាត់រៀបចំធ្វើការថែទាំចេក ដោយកាត់ស្លឹក ចេកណាងាប់ចេញ និងពូនគល់ ព្រមទាំងដោតឈើទប់ដើម្បីកុំឲ្យបាក់ស្ទង ឬដើមនៅ ពេលមានភ្លៀងខ្យល់។
  • រៀបចំកាប់ចង្អូរទឹកនៅចន្លោះគល់ ដោយមានគំលាតពីគុម្ពប្រវែង ៣-៤តឹក ។ ធ្វើដូចនេះទើបមានការ ងាយស្រួលក្នុងការស្រោចទឹកដោយឲ្យទឹកដក់នៅតាមចង្អូរ ឬចេកស្រូបយកជីជាតិបានល្អ។
  • កាប់កូនចេកមួយចំនួនដែលទើបដុះចេញខ្លះដោយទុកតែ១ដើម ទៅ២ដើមក្នុងមួយគុម្ព ដើម្បីឲ្យដើម ចេកចេញផ្លែធំ និងផ្លែថ្លោសល្អ។

៣-ការប្រមូលផល និងការបន្ទំ

ក្រោយពីដាំបានរយៈពេល ៦ខែឡើងទៅ ចេកអាចប្រមូលផលបាន ដោយនៅក្នុងមួយស្ទងមានផ្លែ ចាប់ពី ៧ទៅ១០ស្និត។ ក្រោយពីកាប់ស្ទងចេញពីដើមហើយ គាត់ដាក់ស្ទងចេកបញ្ឈរផ្អែកទៅនឹងជញ្ជាំង ឬ ព្យួរឡើងលើដោយដាក់នៅក្នុងម្លប់ដើម្បីកុំឲ្យស្រក់ជ័រ។ បន្ទាប់មកស្ទងចេកត្រូវយកទៅដាក់ចូលទៅក្នុងពាង ដែលមានដាក់ស្លឹកឈើស្រពោនពីក្រោម (ស្លឹកអំពិលទឹក ម្រុំ ទំពូង) រួចបិទគម្របទុកចោលរយៈពេល ២​ទៅ​៣ថ្ងៃ។ ធ្វើដូចនេះ ចេកទុំស្រុះគ្នាល្អ ហើយបើមិនចង់ឲ្យផ្លែចេកទុំស្រុះគ្នាទេ គាត់ យកផ្លែចេកទាំងស្ទង​ទៅ​ហាលថ្ងៃ រួចយកមកចងព្យួរតែម្តង។ ធ្វើដូចនេះចេកទុំបណ្តាក់គ្នា។ ក្នុងមួយស្និត គាត់លក់បានតម្លៃចាប់ពី ៣.៥០០រៀល ទៅ ៤.០០០រៀល។

សរុបបទពិសោធន៍សំខាន់ៗក្នុងការដាំចេកអំបូងមានដូចខាងក្រោម៖

  • កាប់រណ្តៅទំហំល្មម ដាក់សំរាម ស្លឹកឈើងាប់ៗ នៅបាតរណ្តៅ
  • ដាំឃ្លាតគ្នាពីគុម្ព១ទៅគុម្ព១ចំងាយពី ៣ទៅ៤ម៉ែត្រ ដើម្បីឲ្យចេកទទួលបានពន្លឺគ្រប់គ្រាន់
  • ថែទាំជំរះស្មៅ ពូនគល់ លះស្លឹកចេកងាប់ៗឲ្យស្រឡះ និងដោតឈើទប់កុំឲ្យបាក់ដើម
  • កាប់កូនចេកដែលដុះក្បែរគល់ចោលខ្លះ ដោយរក្សាទុក ១ទៅ២ដើមក្នុងមួយគុម្ព ដើម្បីឲ្យ មានផ្លែច្រើន និងធំ
  • ធ្វើចង្អូរទឹក និងដាក់ជី ដើម្បីងាយស្រួលក្នុងការស្រោចទឹកផង៕

ស៊ិន អង្គារសាធ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។