Home / កសិកម្ម / បទពិសោធន៍ដាំពពាយខុសរដូវ (កសិករ ប៉ាវ សុក)

បទពិសោធន៍ដាំពពាយខុសរដូវ (កសិករ ប៉ាវ សុក)

កសិករ ប៉ាវ សុក រស់នៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ គាត់បានសហការជាមួយ អង្គការសេដាក  នៅឆ្នាំ២០១៥។ គាត់មានបច្ចេកទេសដាំពពាយខុសរដូវមកបង្ហាញជូនដូចខាងក្រោម។

១-ការជ្រើសរើសពូជ

ប្រភេទពូជដែលគាត់បានជ្រើសរើសមកដាំ គឺមកពីខេត្តបាត់ដំបង ហើយពូជនេះបាននាំចូលពីប្រទេសថៃឆ្នាំ២០១២ បានរក្សាទុករហូតដល់បច្ចុប្បន្ន។ ពូជដែលគាត់យកមកដាំ ជាពូជទំនើបដែលមានតម្រូវការទីផ្សារខ្ពស់ ពូជនេះមានទិន្នផលខ្ពស់ និងអាច​ដាំខុសរដូវបានហើយមានអាយុកាលខ្លីឆាប់បានប្រមូលផល។

២-ការបណ្ដុះកូន

មុនដាក់កូនបណ្ដុះត្រូវយកពូជហាលថ្ងៃយ៉ាងតិច៣ម៉ោង និងត្រាំក្នុងទឹកក្តៅល្មមរយៈពេល ១៥ ទៅ ២០នាទី ហើយស្រង់ដាក់ក្នុងធុងទឹកកកខ្ចប់ក្រណាត់ទុក១យប់។ បន្ទាប់មកគាត់បានលាយដីបណ្ដុះដូចខាងក្រោម៖

  • លាមកគោស្ងួតពុកផុយ ១ភាគ
  • ដីដំបូក ឬដីដែលមានកំទេចស្លឹកឈើ ឬដីបាតបឹង ១ភាគ​។ យកល្បាយដីខាងលើទៅលីងក្នុងខ្ទះឲ្យឆ្អិនល្អ
  • យកអង្កាមដែលបានដុត (ធ្យូងអង្កាម) ទៅត្រាំទឹក១យប់ (បន្ថយជាតិប្រៃ) ចំនួន ២ភាគទៀត។ បន្ទាប់មកយកលាមកគោ ដីដំបូក និងធ្យូងអង្កាមច្របល់ចូល​គ្នាឲ្យសព្វ ហើយយកទៅដាក់ក្នុងថាសបណ្ដុះ ដោយដាក់មួយរន្ធមួយគ្រាប់។ ហើយយកថាសបណ្ដុះកូននេះ ទៅដាក់នៅក្នុងរោងថ្នាលបណ្ដុះកូន ការពារទឹកភ្លៀង និងកុំឲ្យត្រូវកំដៅថ្ងៃខ្លាំងពេក។

ការរៀបចំដីដាំនិងរៀបចំរង

ដើម្បីកុំឲ្យមានស្មៅ និងដំណាំដុះបានល្អ គាត់បានភ្ជួរដី២ដង និងរាស់ម្តង។ នៅពេលភ្ជួរលើកទី២ គាត់បានដាក់ដីទ្រាប់បាតដូចជា កាកសំណល់ឡ បន្ទាប់មកលើករងដាំដែលមាន កំពស់៣តឹក ទទឹង១ម៉ែត្រ បណ្តោយប្រមាណ៦០ម៉ែត្រ គម្លាតពីរងមួយទៅរងមួយ ១ម៉ែត្រ។ គាត់បានរៀបចំប្រព័ន្ធស្រោចស្រពតាមដំណក់ទឹក និងគ្របប្លាស្ទិកទៅតាមរងនីមួយៗ។

បច្ចេកទេសដាំ

  • ក្រោយពីដាំបានអាយុ១៥ថ្ងៃ គាត់ដកកូនពពាយណាដែលថ្លោសៗទៅដាំ។ មុនដកកូនយក​ទៅដាំត្រូវផ្តាច់ទឹកមួយថ្ងៃសិន។ មុនដាំត្រូវចោះរន្ធប្លាស្ទិកដោយឃ្លាតពីគ្នាប្រមាណ ៧ ទៅ ៨តឹក​ដោយដាំមួយដើមៗក្នុង១រន្ធ។
  • ធ្វើការដាំដុះនៅពេលល្ងាចត្រជាក់ ដើម្បីឲ្យ​កូនពពាយមិនស្វិត។
  • ពេលដាំបានរយៈពេល ១០ថ្ងៃ គាត់បានយកទ្រើងសំណាញ់ទៅដាក់ដើម្បីឲ្យពពាយបោះដៃតោង។

៣-ការថែទាំ

ក្រោយពេលដាំដុះរួច គាត់បានថែទាំពពាយដូចខាងក្រោម៖

  • ធ្វើការដកស្មៅនៅពេលកូនដំណាំអាយុបាន ១៥ថ្ងៃ
  • ស្រោចទឹក ២ដងក្នុងមួយថ្ងៃ
  • ស្រោចជីបំប៉ន (ជីកំប៉ុស្តទឹក) ៣ ទៅ ៤ថ្ងៃម្តង នៅពេលព្រលឹមឡើងស្រោចទឹកធម្មតាលាង។

៤-ការប្រមូលផល

ក្រោយពេលដាំបាន ៤៥ថ្ងៃ គាត់អាចប្រមូលផលបាន ហើយគាត់បេះពពាយបានរហូតដល់រយៈពេល ៧ខែ ទៅ ៨ខែ ដោយបេះរយៈពេល៣ថ្ងៃម្តង។ គាត់បេះពពាយនៅពេលព្រឹក ហើយរើសផ្លែដាក់ចំណាត់ថ្នាក់ ល្អ អន់ រួចច្រកដាក់ថង់ដែលមានទំងន់ ១០គីឡូក្រាមមួយថង់សំរាប់លក់។

៥-ការវិភាគចំណូល ចំណាយ

មុខទំនិញ

តំលៃសរុប

  • ពូជ ២៥ កញ្ចប់
                   ២០០.០០០រៀល
  • លាមកមាន់
                      ៧៥.០០០រៀល
  • ប្រេង (បូមទឹក និងភ្ជួរដី)
                    ៨០០.០០០រៀល
  • ពលកម្ម (៤នាក់)
              ១២.៦០០.០០០រៀល
  • ទ្រើងសំណាញ់ (ប្រើបាន៣ដង)
                     ៤១៨.០០០រៀល
  • ប្រព័ន្ធដំណក់ទឹក (ប្រើបាន៣ដង)
                     ២០៤.០០០រៀល
  • ថង់គំរបប្លាស្ទិក (ប្រើបាន ១ដង)
                     ២៦០.០០០រៀល

ចំណាយសរុប

                    ១៤.៥៥៧.០០០រៀល

ចំណូលសរុប (៨,៨១០គីឡូក្រាម)

                    ៤២.០០០.០០០រៀល

ចំណេញក្នុងមួយវគ្គ

                   ២៧.៤៤៣.០០០រៀល

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំដំណាំពពាយ

  • ជ្រើសរើសទីតាំងសំរាប់ដាំជាដីទួលមិនលិចទឹកនៅរដូវវស្សា
  • រៀបចំថ្នាល និងថ្នាលបណ្ដុះកូន
  • ដកកូនពពាយដាំនៅអាយុ ១៥ថ្ងៃ
  • ប្រើកៅស៊ូគ្របលើរង ដើម្បីការពារស្មៅដុះ និងរក្សាសំណើម
  • ស្រោចស្រពដោយប្រើប្រព័ន្ធដំណក់ទឹកទឹក ដើម្បីចំណេញកម្លាំងពលកម្ម៕

ណែម ណេត

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។