តាំងម៉ែស្រូវ គឺជាប្រភេទស្ករដែលច្នៃអំពីស្រូវ និងអង្ករ ដែលដូនតាខ្មែរពីជំនាន់មុនតែងតែនិយមធ្វើ។ បច្ចុប្បន្ន កសិករមិនសូវនិយមធ្វើដោយសារមានការចំណាយពេលយូរ ចំណែកស្ករត្នោតងាយស្រួលធ្វើជាង។ ប៉ុន្តែអ្នក មីង កាន់ សុគុន ជាគ្រូបង្រៀនរស់នៅភូមិកងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ គាត់បានរៀនធ្វើតាំងម៉ែស្រូវតាមម្តាយរបស់គាត់។ ស្ករនេះអាចរក្សាទុកបានយូរ ហើយបរិភោគទៅមានរសជាតិឆ្ងាញ់។
១-ធាតុផ្សំ និងសំភារៈប្រើប្រាស់
ដើម្បីផលិតជាតាំងម៉ែស្រូវនេះ យើងត្រូវការធាតុផ្សំសំខាន់ចំនួនពីរមុខ គឺស្រូវបណ្ដុះចំនួន ៥គីឡូក្រាម និងអង្ករដំណើប ១២គីឡូក្រាម ដើម្បីផលិតបានជាស្ករដែលមានទំងន់ ១០គីឡូក្រាម។
សំភារៈ ដែលយើងចាំបាច់ត្រូវប្រើសម្រាប់ការផលិតនេះរួមមាន ខ្ទះត្នោត ចង្ក្រានធំ (គុក) ឈើកូរ កញ្ច្រែង ក្រណាត់ប្រវែង២ម៉ែត្រ ពាងទឹក ធុងទឹក វែកដួស ឬស្កាបព្រា កូនកញ្ជើ ត្បាល់ និងអង្រែ។
- ស្ករនេះគាត់ច្រើនធ្វើនៅរដូវក្តៅ ដើម្បីងាយស្រួលហាល។ ដំបូងយកស្រូវទំងន់ ៥គីឡូក្រាម ទៅបណ្តុះឲ្យចេញពន្លកដោយទុករយៈពេល ៦យប់ ព្រោះរយៈពេលនេះ ស្រូវមិនទាន់បែកសន្លឹក បើស្រូវបែកសន្លឹក នាំឲ្យស្ករមានរសជាតិល្វីង។
- បន្ទាប់មកយកស្រូវដែលបានបណ្ដុះហើយនោះ មកបេះប្រឡេះឲ្យបែកចេញពីគ្នា រួចហាលថ្ងៃរយៈពេល៣ថ្ងៃ ដើម្បីធ្វើឲ្យស្រូវស្ងួតល្អងាយស្រួលក្នុងការបុក។ ស្រូវដែលបុកហើយ គាត់យកត្រឹមបរិមាណ ២,៥គីឡូ ក្រាមប៉ុណ្ណោះ ព្រោះបរិមាណនេះវាសមស្របជាមួយអង្ករដំណើបទំងន់ ១២គីឡូក្រាម។ ស្រូវដែលបុករួចហើយត្រូវយកវាច្រកចូលក្នុងថង់ទុកមួយឡែក។
- ក្រោយមកទៀតត្រូវដាំបាយដំណើប (ដាំជ្រាយ) ទុកនៅពេលល្ងាចថ្ងៃដដែល ព្រោះនៅពេលព្រឹកបាយនឹងត្រជាក់ល្អ។
- នៅពេលព្រឹកឡើង គាត់ចាប់ផ្តើមយកស្រូវដែលបានបុកហើយ និងបាយដំណើបដែលដាំពីល្ងាចចាក់ ចូលគ្នានៅក្នុងខ្ទះត្នោត ដោយច្របាច់ពង្រាយគ្រាប់បាយ និងស្រូវឲ្យចូលគ្នាសព្វហើយចាក់ទឹកប៉ិៗ បន្ទាប់មកចាប់ផ្តើមដុតភ្លើង។ នៅពេលកំពុងដាំនោះត្រូវឧស្សាហ៍កូរបាយ និងស្រូវ ដើម្បីកុំឲ្យវាខ្លោចនៅបាតក្រោម។ រយៈពេលប្រមាណជា ៣ ទៅ ៤ ម៉ោងក្រោយ វានឹងរលាយចូលគ្នាសព្វល្អ (លក្ខណៈសំគាល់ គឺនៅពេលយើងយកមកច្របាច់វាមិនស្អិតជាប់ដៃ ច្របាច់ទៅមានជាតិអង្កាមច្រើន) ពេលនោះយើងអាចពន្លត់ភ្លើងបានហើយ។
- បន្ទាប់មកយើងចាប់ផ្តើមដួសយកកាកស្រូវលាយបាយដំណើបនោះដាក់ទៅក្នុងធុង ឬកាធុន ដែលមានដាក់ទឹកត្រជាក់នៅខាងក្នុងឲ្យរាវល្មម ដើម្បីងាយស្រួលក្នុងការពូតយកជាតិទឹកស្ករបន្ថែមទៀតដែលមាននៅក្នុងកាកស្រូវ និងបាយ ដំណើបនោះ។ ចំពោះទឹកដែលនៅសល់ក្នុងខ្ទះត្នោតត្រូវយកទៅច្រោះក្នុងក្រណាត់ស ដោយដាក់ពាងទ្រនៅពីក្រោម ដើម្បីត្រងយកតែទឹកស្ករដែលស្អាតថ្លាល្អ។ ក្រៅពីនេះយើងត្រូវយកកាកស្រូវ និងបាយដំណើបដែលនៅក្នុងធុង ឬកាធុនទឹកត្រជាក់នោះមកពូតយកទឹកចេញឲ្យអស់ ហើយកាកដែលនៅសល់យើងអាចយកវាទៅធ្វើជាចំណីសត្វដូចជា គោ ជ្រូក មាន់ជាដើម។
- នៅដំណាក់កាលនេះគឺយើងត្រូវយកទឹកដែលយើងច្រោះ និងពូតបានទាំងអស់ទៅដាំរម្ងាស់នៅក្នុងខ្ទះត្នោត ដូចជារម្ងាស់ស្ករត្នោតម្តងទៀតរយៈពេល ៤-៥ម៉ោង ដើម្បីឲ្យទឹកនោះក្លាយទៅជាស្ករតាំងម៉ែ។ ដើម្បីបញ្ជាក់ថាវាក្លាយទៅជាស្ករល្អ គឺយើងត្រូវដួសស្ករបន្តិចដាក់ចូលក្នុងទឹកត្រជាក់ បន្ទាប់មកយើងយកដៃពូតលុញស្ករនោះឲ្យវាមូលចូលគ្នា។ បើយើងអាច លុញវាឲ្យមូលចូលគ្នាបានមានន័យថា ស្ករឆ្អិនល្អ តែបើមិនអាចលុញចូលគ្នាបានទេ បញ្ជាក់ថា ស្ករនៅមានជាតិទឹកត្រូវរម្ងាស់បន្ថែមទៀត។
- ត្រូវរក្សាស្ករទុកឲ្យត្រជាក់មុនចាក់ចូលទៅក្នុងកំប៉ុង ឬកែវ។
អ្នកមីងបញ្ជាក់ប្រាប់ថា ការធ្វើតាំងម៉ែស្រូវនេះ គាត់ចំណាយពេលអស់ ៨-៩ថ្ងៃ។ បណ្ដុះស្រូវ ៦ថ្ងៃ ហាលស្រូវ២-៣ថ្ងៃ។ ហើយស្ករនេះគាត់បានធ្វើទុកអស់រយៈពេល១ឆ្នាំមកហើយ ទុកគ្រាន់បរិភោគ ដូចជាបង្អែមនៅពេលអស់កម្លាំង។ ប៉ុន្តែនៅពេលដួសស្ករមកទទួលទាន ត្រូវប្រើស្លាបព្រាស្ងួតល្អ ជៀសវាងធ្វើឲ្យស្ករដុះផ្សិត។ ក្រៅពីការហូបចុកនៅក្នុងគ្រួសារ អ្នកមីងបានលក់ស្ករតាំងម៉ែនេះខ្លះក្នុងតម្លៃ ១០.០០០រៀលក្នុងមួយគីឡូក្រាម៕
ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក
សហគមន៍សម្បូរសប្បាយ