Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ / ស្វែងយល់អត្ថន័យនៃរូបសំណាកព្រះបាទស៊ីសុវត្ថិ នៅវត្តភ្នំ

ស្វែងយល់អត្ថន័យនៃរូបសំណាកព្រះបាទស៊ីសុវត្ថិ នៅវត្តភ្នំ

រមណីយដ្ឋាន​វត្ត​ភ្នំ​មាន​កេរ​ដំណែល និង​ស្លាក​ស្នាម​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​បន្សល់​ទុក​តាំង​​​ពី​ការ​កកើត​រាជធានី​ភ្នំពេញ​ដំបូង​ក្នុង​សតវត្សរ៍​ទី​១៤​មក​ម្ល៉េះ​។ ក្នុង​​នោះ រូប​សំណាកព្រះ​បាទស៊ីសុវត្ថិ ដែល​តម្កល់​នៅ​ត្រង់​ចង្កេះ​ភ្នំ​ដូនពេញផ្នែក​ខាងត្បូង ក៏​ជា​កេរតំណែលប្រវត្តិសាស្ដ្រ​មួយ​ដ៏​សំខាន់​ផង​ដែរក្នុង​​សម័យ​កម្ពុជា​ស្ថិត​នៅ​ក្រោមរាជ​ការ​អាណា​ព្យាបាល​បារាំង។ជាបន្តទៅនេះ យើងសូមរៀប​រាប់អំពី​អត្ថន័យនៃរូបសំណាកព្រះបាទស៊ីសុវត្ថិ​ នោះ។

រូបសំណាកទ្រង់​គ្រឿង​អម្ពរពស្ដ្រា​ជា​ស្ដេច​កំពុ​ងគ្រងរាជ្យគង់​ប្រថាប់នៅលើរាជបល្ល័ង្ក​ និង ក្រោម​​ព្រះស្វេតច្ឆត្រ​នោះ គឺ​​ព្រះបាទស៊ីសុវត្ថិ ដែលព្រះអង្គត្រូវ​បាន​រៀបអភិសេក ឲ្យ​ឡើង​គ្រងរាជ្យ​សម្បត្តិ​នៅ គ.ស​.១៩០៦ ​ក្នុងព្រះជន្ម ៦៤វស្សា។ រូប​សំណាក​ស៊ីម៉ងត៍ ដូច​ដែល​បាន​ឃើញ​សព្វថ្ងៃ​នេះ ពុំ​មែន​ជា​រូប​សំណាក​ដើម​ទេ គឺ​ជា​រូបសំណាក​ដែល​ទើប​នឹង​ចម្លង​ពី​រូបដើម តាម​សំណូមពរ​របស់​អាជ្ញាធររាជធានីភ្នំពេញនៅ​ពាក់កណ្តាល​​ខែមករា​ ឆ្នាំ១៩៩៨។ ចំពោះរូប​ដើមធ្វើអំពី​ល្បាយ​លោហធាតុ​មាន​ស្ពាន់​ភាគ​​ច្រើន​នៅក្នុង​ឆ្នាំ១៩០៩ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរជាតិតាំង​​​ពី​ក្រោយ​ព្រឹត្តិការណ៍​ថៃ្ង​ទី១៨ មីនា ១៩៧០​ម្ល៉េះ។ ​

ចំណែក​នៅ​ផ្នែក​ខាង​ស្តាំ​វិញ ជា​រូបនារី​បី​នាក់​មាន​សម្លៀក​បំពាក់​ខុសៗ​គ្នា និង​មាន​កាន់​ទ្រពាន​មួយ​ម្នាក់។នារី​ទី​មួយ​សម្លៀកបំពាក់​របៀប​រូបចម្លាក់​អប្សរា​នៅ ប្រាសាទអង្គរវត្ត មាន​កាន់​ពាន​មួយ​តម្កល់​រូប​សំណាក​មួយប្រហែល​ជា​រូប ប្រាសាទព្រះវិហារ។ តាម​រយៈ​នេះ​អ្នក​ជំនាញ​ខាង​បុរាណវិទ្យា បាន​សន្និដ្ឋាន​ថារូប​នារីទី១​នេះ​ជា​តំណាង​ឲ្យ​ខេត្តសៀមរាប រី​ឯ​នារី​​ទី២គឺតំណាងឲ្យ​ខេត្ត​​បាត់ដំបង និងនារីទី៣​តំណាង​ឲ្យខេត្តសិរីសោភ័ណ្ឌ (អានតាមភាសាបារាំង ស៊ីសុផុន​) ពី​ព្រោះ​ខេត្ត​ទាំង​ពីរ​នេះ នៅ​ជាប់​នឹង​ប្រទេសសៀម (ថៃ) ហើយ​សម្លៀកបំពាក់របស់​នារី​ទាំងពីរក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ស្រី​បម្រើ​ក្នុងព្រះរាជវាំងនៃ​ប្រទេស​ទាំងពីរ​ (កម្ពុជា-សៀម) នា​​សម័យ​នោះ​ដែរ។ នារី​ទី​ពីរ​មាន​កាន់​ពាន​តម្កល់​ថង់​ត្រា​ពណ៌‌បៃតង និង​ត្រា​ពណ៌‌​លឿង។ នារី​ទី​បី​កាន់​ពាន​តម្កល់​ក្លង (បំពង់​មាន​គ្រប​ខ្លី​ជាង​ក្លាក់​ធ្វើដោយ​ក្រឡឹង​ដោយ​សិត​ក្លង ស្ពាន់​ក្លង​ភ្លុក) ពណ៌‌​បៃតង សម្រាប់​ដាក់​ឯកសារ​ជា​ លាយ​ លក្ខណ៍​អក្សរ។ នារី​ទាំង​បី​នាក់ធ្វើ​កាយ​វិការ​នាំ​ដង្វាយ​ទៅ​ថ្វាយព្រះ​មហាក្សត្រ​ខ្មែរ ​ព្រះបាទស៊ីសុវត្ថិ​។

នៅលើបង្អស់​ផ្នែក​ខាង​ឆ្វេងនៃ​ផ្ទាំង​រូបសំណាក​នេះមាន​​សរសេរ​អក្សរ​បារាំង​ពីរ​តួ RF (Republique Francaise) ប្រែថា សាធារណរដ្ឋបារាំង។ នៅ​ពី​លើ​តួអក្សរ​នេះ​ មាន​ចុង​ដង​ទង់ជាតិ​​១តូច ​ធ្លាក់​ជា​រាង​ផ្កា​ម្លិះ ​(ដើម​រុក្ខជាតិ​តូច​មាន​ផ្កាស​ និង​ក្លិន​ក្រអូប ដើម​វា​ជា​និមិត្តរូប​នៃ​ភាពបរិសុទ្ធ និង​ផ្កា​វា​ជា​និមិត្ត​រូប​នៃ​រាជាធិបតេយ្យ​នៅ​ប្រទេសបារាំង) ពណ៌‌​បៃតង។ ភ្ជាប់​នឹង​​ដង​នេះ គឺ​ជា​ទង់ជាតិ​ប្រទេសបារាំង​មាន​ ពណ៌‌​ខៀវ ស ក្រហម ​ត្រូវ​បាន​ពលថ្មើរ​​ជើង​ម្នាក់កំពុង​ឈរ​វន្ទនាការ ដោយដៃ​ស្តាំ​កាន់​​កាំ​ភ្លើង​បឈ្ឈរ​ស្រប​នឹង​ជើ​ង និង​ដៃ​ធ្វេង​ទាញ​ទង់ជាតិ​នោះ​ឲ្យ​លាត​សន្ធឹង​ពី​លើ​។ នៅ​ពី​លើ​ទង់​នេះ ​ជា​រូប​នាគ​ពណ៌‌​បៃតង​ និង​ខាង​ក្រោម​មាន​ផ្ទាំង​ថ្ម​រាងចតុកោណ​ចំនួន​៣ ត្រួត​ពី​លើ​គ្នា​លំអដោយ​ក្បាច់​បុរាណ​ខ្មែរ។ នៅ​ពី​លើ​ផ្ទាំង​ថ្ម​ មាន​ឆ្លាក់​អក្សរ​បារាំង​ថា “Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon” ប្រែ​ជា​ខ្មែរ​ថា សន្ធិសញ្ញា​បារាំង​សៀម ចុះ​ថ្ងៃ​ទី១៥ មីនា ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ខាង​ក្រោម​អក្សរចារឹកនេះ ​មាន​រូបសំណាក​ជនជាតិបារាំង​ដូរូសូ ដឺ គុលសង់ ដែល​​ជា​កុងស៊ុល​ប្រចាំ​នៅខេត្តបាត់ដំបង នា​ឆ្នាំ១៩០៣ (តាម​ឯកសារ​លោក តូច ឈួង)។

សរុបមក រូបសំណាកនេះ គឺអ្នករាជការជំនាន់មុន បានកសាងឡើងជា​និមិត្តរូប ដើម្បីរំលឹកគុណដល់ព្រះបាទស៊ីសុវត្ថិ ក្នុងការពឹងបារាំងឲ្យជួយទាម​ទារខេត្តសៀមរាប បាត់ដំបង និង​សិរីសោ-ភ័ណ្ឌដែលសៀមបានរំលោភយក ឲ្យ​មក​ស្ថិត​នៅ​ក្រោមការគ្រប់គ្រង​របស់​ព្រះមហាក្សត្រខ្មែរ​វិញ​៕

ដោយលោក ប៉ោ សេដ្ឋា

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

និស្សិតជប៉ុន ចុះកម្មសិក្សានៅអាជ្ញាធរជាតិអប្សរា

តាមហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា និស្សិតជប៉ុនចំនួន៦រូប បានចាប់ផ្តើមចុះកម្មសិក្សានៅអាជ្ញាធរជាតិអប្សរា។ សាកលវិទ្យាល័យកាណាហ្សាវ៉ា និងសាកលវិទ្យាល័យកូម៉ាត្សឹ បានបញ្ជូននិស្សិតរបស់ខ្លួនដើម្បីចុះកម្មសិក្សារយៈពេល​២សប្តាហ៍នៅអាជ្ញាធរជាតិអប្សរារៀងរាល់ឆ្នាំ។