Home / កសិកម្ម / បទពិសោធន៍ផ្សំជីទឹកពីជីឡជីវឧស្ម័ន (កសិករ ង៉ែត សុវណ្ណារី)

បទពិសោធន៍ផ្សំជីទឹកពីជីឡជីវឧស្ម័ន (កសិករ ង៉ែត សុវណ្ណារី)

បងស្រី ង៉ែត សុវណ្ណារី  គាត់មានបទពិសោធន៍ល្អក្នុងការផលិតជីទឹក ផ្សំឡើងពីជីឡ​ជីវឧស្ម័នជាមួយ សារធាតុផ្សេងទៀតដូចជា ទន្ទ្រានខែត្រ ស្លឹកស្តៅ។ល។ ជាលទ្ធផលក្រោយពេលប្រើទៅលើដំណាំ គាត់ សង្កេតឃើញថា ដំណាំលូតលាស់លឿន មិនសូវជួបប្រទះសត្វល្អិតបលំផ្លាញ ទិន្នផលដំណាំមានការកើនឡើង។ ចំពោះវិធីសាស្ត្រនៃការផ្សំ ជីទឹកនេះមានបង្ហាញជូនដូចខាងក្រោម។

១-វត្ថុធាតុផ្សំ

  • ទឹកជីឡជីវឧស្ម័ន ១៥ធុងស្ពេត្រូ
  • ទន្ទ្រានខែត្រ ១០គីឡូក្រាម
  • ស្លឹកស្តៅ ៤ ទៅ ៥ គីឡូក្រាម
  • កាកសំណល់ស្លឹកត្រកួន ឬបន្លែចម្រុះ ២ ទៅ ៣ គីឡូក្រាម (តាមមាន)។

២-របៀបផ្សំ

យកវត្ថុធាតុដើមមកកាប់ឲ្យតូចៗ រួចដាក់វត្ថុធាតុដើមផ្សេងៗចូលទៅក្នុងលូ ឬពាងជាមួយគ្នា បន្ទាប់មកចាក់ទឹកឡជីវឧស្ម័នចូលឲ្យលិច រួចបិទគម្របឲ្យជិតដើម្បីឲ្យជីកាច់បានល្អ។លូ ឬពាងជីត្រូវដាក់នៅក្រោម​​ម្លប់ដើមឈើ ឬម្លប់ដទៃទៀត។ ក្រោយពីរក្សាទុកបានរយៈពេលមួយខែមក គាត់សង្កេតឃើញវាឡើងពណ៌ក្រម៉ៅ និងធុំក្លិន​ឈួលខ្លាំងអាចបញ្ជាក់បានថា ថ្នាំកាច់បានល្អហើយយើងអាចយកទៅប្រើប្រាស់លើដំណាំបាន។

៣-របៀបប្រើ

គាត់ប្រើជីនេះសំរាប់លាយជាមួយទឹកស្រោចទៅលើដំណាំគ្រប់មុខ។ គាត់ក៏បានប្រើទឹក​ជីនេះស្រោចលើដីដែលត្រៀមសំរាប់ដាំបន្លែ គឺមុនពេលភ្ជួរគាត់បានដួសទឹកជីសុទ្ធស្រោច​ទៅលើដីឲ្យសព្វ ទើបភ្ជួរលុប។ ៧ថ្ងៃក្រោយមកគាត់ភ្ជួរសារឡើងវិញ និងរាស់ដីពង្រាបសំរាប់ដាំដំណាំ។ របៀបប្រើលើដំណាំ គឺគាត់បានយកទឹកជីឡជីវឧស្ម័ន ៣ផ្តិលលាយជាមួយទឹកធម្មតា ១ធុងស្ពេត្រូ។ គាត់ស្រោចទឹកជីនេះនៅពេលល្ងាចពីម៉ោង ៤ ទៅ ៥រសៀល ទុករហូតដល់ពេលព្រឹកទើបស្រោចទឹកធម្មតាវិញ។

៤-ចំណាប់អារម្មណ៍

ក្រោយពីការប្រើជីទឹកនេះរួចមក គាត់សង្កេតឃើញថា ទឹកជីនេះមានប្រសិទ្ធភាពខ្ពស់សំរាប់ជួយឲ្យដំណាំលូតលាស់លឿន និងអាចការពារពីការបំផ្លាញរបស់សត្វល្អិតបានផង​ដែរ។ ដូចនេះកសិករគួរសាកល្បងប្រើជីទឹកនេះសាកមើល នោះនឹងដឹងពីប្រសិទ្ធភាពរបស់វាជាមិនខានឡើយ៕

ពាន សុខា និង ស៊ិន អង្គារសាធ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖