Home / កសិកម្ម / បទពិសោធន៍ដាំល្មុត (កសិករ ពួក ថាន់)

បទពិសោធន៍ដាំល្មុត (កសិករ ពួក ថាន់)

លោកអ៊ុំ ពួក ថាន់ ជាអតីតគ្រូបង្រៀន និងជាកសិករ​មួយរូបដែលរស់នៅក្នុងភូមិខ្ពបលើ ស្រុកស្អាង ខេត្តកណ្តាល​។គាត់មាន បទពិសោធន៍ល្អក្នុងការដាំល្មុតបានចំនួន២១ដើម​។ ដោយនៅក្នុង១ដើមទទួលបានផល ៨០៣ ទៅ ១.៥០០គីឡូក្រាម ហើយនៅក្នុងមួយគីឡូ ក្រាមអាចលក់បានតម្លៃ ១.៨០០រៀល។

១-បច្ចេកទេសដាំដុះ

  • ការជ្រើសរើសពូជ. ចំពោះពូជដែលគាត់ជ្រើសរើសយកមកដាំដុះ គឺគាត់បានធ្វើការកាត់មែកមក​ពី​ដើមចាស់យកមកផ្សាំ។ មូលហេតុដែលគាត់ជ្រើសរើសយកមកផ្សាំនេះ ព្រោះគាត់គិតថា វាឆាប់ទទួល​បានផលជាងការដាំដោយបណ្ដុះគ្រាប់។
  • ការជ្រើសរើសមែក. ដើម្បីផ្សាំល្មុតបានល្អ គាត់បានជ្រើសរើសមែកល្មុតដែលមានស្លឹកល្មម មិនខ្ចីពេក មិនចាស់ពេក មិនមានជំងឺ និងមិនមានសត្វល្អិតនៅលើសំបកមែក ព្រមទាំងមានផ្លែច្រើន។
  • សំភារៈដែលត្រូវផ្សាំ. កាំបិទមុត ដែកកាប់ ចង់ ខ្សែសំរាប់ចងរឹត (យកខ្សែ ឬលួស) ស្រកីដូង (ហែកយកសំបកក្នុងដែលទន់ងាយបឺតទឹក) និងដីមានជីជាតិ។
  • វិធីផ្សាំ. គឺធ្វើនៅខែមេសា និងឧសភា (ដើមរដូវវស្សា) គឺទទួលបានជោគជ័យ។ យកកាំបិតដែលមុត មកជៀរក្រឡឹងជុំវិញមែកពីលើ និងពីក្រោមថ្នាំងប្រវែង ២ ទៅ ៣សង្ទីម៉ែត្រ។ បន្ទាប់មកឆ្កឹះកន្លែងដែលជៀរហើយ បកសំបកចេញ។ យកកាំបិតមកកោសពីលើចុះក្រោមថ្នមៗឲ្យអស់រំអិល រួចយកក្រណាត់ទៅជួតឲ្យស្អាត។ យកស្រកីដូងដែលត្រៀមរួច ហើយទៅជ្រលក់ទឹកឲ្យសើម ហើយយកមកតំរៀបគ្នាឲ្យបានទំហំប៉ុនកំភូនជើង។ បន្ទាប់មកទៀត គាត់យកស្រកីដូងទៅចងផ្អោប​ជាមួយមែកល្មុតដែលបានជៀររួចនោះ ដោយចងរុំវាឲ្យជិត និងតឹងណែនល្អ។ លុះដល់រយៈពេល ៣ ទៅ ៤ខែ បានដុះឫស គាត់ចាប់ផ្តើមកាត់យកទៅបណ្ដុះនៅក្នុងថង់។
  • ការដាំ. ដើម្បីឲ្យល្មុតបានផ្លែថ្លោសល្អ ដំបូងគាត់កាប់រណ្ដៅដែលមានជំរៅ៤តឹក បណ្តោយ៣តឹក និងទទឹង៣តឹក។ បន្ទាប់ ពីជីករណ្ដោះរួច គាត់យកលាមកប្រចៀវ និងលាមកជ្រូកទៅដាក់នៅបាតរណ្តៅ ក្នុង១រណ្ដៅ ២កំបង់ដៃ រួចយកដីស្រទាប់ លើជ្រុំច្របល់ជាមួយ។ យកកូនល្មុតដែលផ្សាំនៅក្នុងថង់ទៅដាក់ដាំចំកណ្តាលរណ្ដៅ និងដាក់ឈើអម ១ ឬ ២ដើម កុំឲ្យរលំដើម ហើយកាយដីលុបគល់ និងជាន់ឲ្យណែន បន្ទាប់ស្រោចទឹកឲ្យសើម។ គាត់ដាំល្មុតជា៣ជួរ ចន្លោះពីដើមមួយទៅដើមមួយប្រមាណ ៨ម៉ែត្រ និងចន្លោះរង៤ម៉ែត្រ ដែលមានចំនួន ២១ដើម លើផ្ទៃដី ១២អារ។

២-ការថែទាំ

គាត់កាត់មែកល្មុតខាងក្រោមចេញ មែកដែលគ្មានផ្លែ និងជាមែកដែលមានជំងឺ។ គាត់ដាក់ជីក្នុងចង្អូរ រួចដាក់កាកសំណល់ស្លឹកល្មុតនៅរណ្ដៅធ្វើជាជីធម្មជាតិ និងជីលាមកសត្វពុកផុយ (ដាក់៦ខែម្តង)។ ការដាំគាត់មិនប្រើជីគីមីទេ ព្រោះអាចនាំឲ្យស្លឹកល្មុតជ្រុះ។

៣-ការប្រមូលផល

ក្រោយពីដាំបានរយៈពេលពី ៥ ទៅ ៦ឆ្នាំទើបអាចប្រមូលផលបាន។ ល្មុតចេញផ្កាផ្លែនៅខែកក្កដា ដល់ខែធ្នូ ហើយការប្រមូលផលធ្វើឡើងនៅខែតុលា ដល់ មិនា។ ការប្រមូលផល គឺ ២ដងក្នុង១ខែ។ ល្មុតរបស់លោកអ៊ុំមានចំនួន ២១ដើម អាចប្រមូលផលបាន ១៥០ ទៅ ៣០០គីឡូក្រាមក្នុងមួយដង។ សរុបក្នុងមួយរដូវបានប្រមាណជា ២.៥០០.០០០រៀល។ ការប្រមូលផលគឺត្រូវពឹងលើសំភារៈមួយចំនួនដូចជា កន្ត្រក កន្តរ៉ និងបេះដោយដៃ។ បច្ចេក ទេសក្នុងការប្រមូលផលគឺបេះផ្លែដែលចាស់មានលក្ខណៈសំគាល់គឺ រាងធំ រលោង  មាន ពណ៌លឿង។ ក្នុងការប្រមូលផលមានជួបប្រទះបញ្ហាលំបាកខ្លះ ដោយផ្លែខ្លះធំមិនស្រុសគ្នាក្នុងចង្កោមតែមួយនាំឲ្យបេះដោយទាំងខ្ចី និងចាស់។

៤-ចំណាប់អារម្មណ៍

នៅថ្ងៃខាងមុខ លោកអ៊ុំពឹងផ្អែកលើដំណាំល្មុតនេះ ពីព្រោះវាមានអាយុវែង ប្រមូលផលបានយូរ។ ដំណាំប្រភេទនេះ មានលក្ខណៈងាយស្រួលដាំដោយចំណាយពេលវេលាថែទាំតិច និងមានតម្លៃនៅលើទីផ្សារ​។ ហើយការដាំល្មុតនេះបានជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារគាត់បានច្រើន បន្ទាប់ពីប្រាក់បៀរវត្សប្រចាំខែ។ ចំណែកការដាំដុះនិងការថែទាំវិញ គឺពុំមានការលំបាកច្រើនឡើយ ដូចនេះធ្វើឲ្យគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារផ្សេងៗទៀតបានផងដែរ។

បច្ចេកទេសសំខាន់ៗក្នុងការដាំល្មុតនេះមាន៖

  • ជ្រើសរើសពូជផ្សាំ យកទៅដាំគឺឆាប់បានផល
  • ផ្សាំមែកល្មុតល្អ មានស្លឹកមិនចាស់ពេក មិនខ្ចីពេក
  • ជីករណ្ដោះដាំល្មុតដែលមានទំហំសមស្រប
  • ប្រើជីលាមកប្រចៀវ និងជ្រូក ដាក់ទ្រាប់បាតរណ្ដៅ
  • ថែទាំល្មុត ដោយកាត់មែកមិនមានផ្លែ និងមែកមានជំងឺចោល
  • ជីកជាចង្អូរជុំវិញដើមសំរាប់ដាក់ជីធម្មជាតិ៕

ផូ សុផា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។