Home / កសិកម្ម / សារៈប្រយោជន៍របស់កំប្លោក (Water Hyacinth, Eichhornia Crassipes )

សារៈប្រយោជន៍របស់កំប្លោក (Water Hyacinth, Eichhornia Crassipes )

កំប្លោក ជារុក្ខជាតិដុះក្នុងទឹកដែលមាននៅគ្រប់ទីកន្លែងនៅស្រុកខ្មែរ ដូចជាតាមស្រះទឹក ត្រពាំង បឹង ស្ទឹង ទន្លេ។ល។​ វាជារុក្ខជាតិងាយដុះ និងមានការលូតលាស់លឿនរហ័សដោយក្នុង១សប្តាហ៍ វាអាចបំបែកខ្លួនក្លាយជា២។  កំប្លោកអាចចាត់ទុកជារុក្ខជាតិមួយដែលដុះលឿនជាងគេបំផុតលើលោកនេះ។ ដោយសារការដុះលូតលាស់លឿន កន្លែងខ្លះវាហាក់ដូចជាបង្កជាបញ្ហាទៅវិញ។

ដោយសារភាពងាយស្រួលដុះលូតលាស់របស់វា និងការផ្តល់នូវបរិមាណផលជាដើម ស្លឹក និងឫសច្រើន យើងត្រូវចេះទាញយកផលប្រយោជន៍របស់វា ជាពិសេសការប្រើប្រាស់ក្នុងវិស័យកសិកម្ម។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនអំពីការប្រើប្រាស់ និងផលប្រយោជន៍របស់កំប្លោក៖

  1. កំប្លោក ជាពិសេសនៅពេលខ្ចី យកទៅប្រើជាចំណីសត្វដូចជាមាន់ ទា ជ្រូក គោក្របី ជាដើម។ សូបបញ្ជាក់ថា កំប្លោកមានប្រូតេអ៊ីនខ្ពស់ប្រហែល ២០%ដែរ។
  2. កំប្លោកទាំងដើម ស្លឹក និងឫស ពេលទុកឲ្យរលួយទៅ ក្លាយជាជីធម្មជាតិដ៏ល្អ។ គេប្រើវា ជាធាតុផ្សំក្នុងការផលិតជីកំប៉ុស្ត
  3. ដើម ស្លឹក និងឫសកំប្លោក យកទៅគ្របដី និងគល់ដំណាំ ជួយការពារសំណើមក្នុងដី ការពារស្មៅកុំឲ្យដុះ ផ្តល់ភាពម្លប់ត្រជាក់ដល់សត្វល្អិតមានប្រយោជន៍ក្នុងដី និងពេលរលួយក្លាយជាជីធម្មជាតិ  ដីល្អ។
  4. ដើម និងស្លឹកកំប្លោក ពេលហាលឲ្យស្ងួតដូចចំបើង គេអាចយកទៅបណ្តុះផ្សិតបាន។
  5. ផ្កាកំប្លោកជាបន្លែធម្មជាតិ (អន្លក់) ដែលមានរសជាតិឆ្ងាញ់
  6. កំប្លោក បើយើងរក្សាវាទុក ១ផ្នែកតូចនៃស្រះទឹកចិញ្ចឹមត្រី (ឧទាហរណ៍ ១/១០ នៃផ្ទះស្រះ) ឫសរបស់វាជាជម្រកដល់ត្រី ហើយឫសរបស់វាក៏ជាចំណីដល់ត្រីដែរ។ យើងក៏ត្រូវការពារកុំឲ្យវារីកច្រើនពេក ដែលបណ្តាលឲ្យមានបញ្ហាដល់ត្រីវិញ តាមរយៈការធ្វើឲ្យទឹកខ្វះអុកស៊ីហ្សែន។
  7. កំប្លោកជារុក្ខជាតិ ដែលអាចជួយស្រូបជាតិពុលពីក្នុងទឹក។ វាក៏ជួយឲ្យទឹកថ្លាស្អាត តែក៏ត្រូវឧស្សាហ៍ស្រង់វាចេញដែរ។
  8. ផលប្រយោជន៍ផ្សេងៗទៀតដូចជា សរសៃរបស់វា ប្រើជាវត្ថុធាតុដើមសម្រាប់ការធ្វើខ្សែ ធ្វើអង្រឹង ធ្វើកន្ត្រកយួរ និងគ្រឿងសង្ហារឹមផ្សេងៗ។ល។
  9. កំប្លោកទាំងដើម និងស្លឹក យកធ្វើជាវត្ថុធាតុដើម ដើម្បីផលិតឧស្ម័នជីវ (Biogas)។
  10. គេយកទៅកែច្នៃបន្ថែម ដើម្បីធ្វើជាថ្នាំថែរក្សាសម្រស់ស្បែក និងសាប៊ូកក់សក់ (Shampoo)
  11. កំប្លោក ក៏គេអាចយកទៅប្រើជាឱសថបុរាណផ្សេងៗទៀតដូចជា ឈឺធ្មេញ ឈឺបំពង់ក។ ទាក់ទងការប្រើប្រាស់ជាឱសថបុរាណ ទាមទារឲ្យមានការស្រាវជ្រាវផ្ទៀងផ្ទាត់បន្ថែមទៀត។

ដោយសារផលប្រយោជន៍ និងភាពងាយស្រួលក្នុងការដាំដុះ និងឲ្យផលមិនចេះអស់ យើងគួរយកចិត្តទុកដាក់ប្រើកំប្លោកឲ្យបានច្រើន។ ប្រសិនបើស្រះទឹករបស់អ្នកមិនទាន់មានកំប្លោកទេ សូមយកវាមកដាក់ឲ្យបានច្រើន ដើម្បីប្រើប្រាស់ដូចបានរៀបរាប់ខាងលើ៕

បណ្ឌិត យ៉ង សាំងកុមារ

ឯកសារយោង

  1. Water Hyacinth Control and Possible Use (library.uniteddiverisity.coop)
  2. Water Hyacinth Ecological Value, Environmental Impacts–Gia Discovery– https://www.giadiscovery.com
  3. 15 Health Benefits of Water Hyacinth You Never Know Before–Dr Hebey https://drhealthbenefits.coom

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ហេតុអ្វីបានជាយើងចាំបាច់ចិញ្ចឹមត្រីក្នុងរណ្ដៅ ឬក្នុងអាង?

កសិករភាគច្រើនមានទំលាប់ជីករណ្ដៅដាក់សំរាម កាកសំណល់ ឬដាក់ជីលាមកសត្វនៅតាមផ្ទះតែគាត់មិនបានគិតដល់ការដាក់ត្រីចិញ្ចឹមក្នុងរណ្ដៅនោះទេ។ តែបច្ចុប្បន្ននេះ យើងជំរុញឲ្យកសិករមានការ​គិតគូរជីករណ្ដៅ ឬធ្វើអាងចិញ្ចឹម ការផ្ដល់់ចំណី និងរបៀបកែប្រែគុណភាពទឹក ដើម្បីឲ្យត្រីមានការលូតលាស់ និងធំធាត់លឿន។