Home / កសិកម្ម / បទពិសោធន៍ដាំស្រកានាគបានផលច្រើន (កសិករ ជាប ហួយ)

បទពិសោធន៍ដាំស្រកានាគបានផលច្រើន (កសិករ ជាប ហួយ)

បងស្រី ជាប ហួយ អាយុ ៤០ឆ្នាំ (២០១៩) ជាកសិកររស់នៅក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំស្រកានាគចំនួន ៣០០គុម្ព ដោយក្នុងនោះ ១០០គុម្ពដាំតាំងពី៥ឆ្នាំមុន ចំណែក១០០ទៀតគុម្ពដាំកាលពីឆ្នាំទៅ ហើយឆ្នាំនេះដាំបាន១០០គុម្ពបន្ថែម ខណៈដែលគាត់គ្រោងដាំ ៥០ គុម្ពបន្ថែមទៀត។ ចំណុចសំខាន់នៃការដាំស្រកានាគទទួលបានជោគជ័យគឺការជ្រើសរើសទីតាំងដាំ មានបង្គោលគ្រាក់ ពូជស្រកានាគ ការថែទាំ និងការប្រមូលផល។

១. ការរើសទីតាំង និងរៀបចំដី

ដំណាំស្រកានាគ គឺជាប្រភេទដំណាំដែលត្រូវការដីខ្ពស់មិនលិចទឹក និងទីតាំងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ទើបទទួលបានផលល្អ។ មុនពេលដាំត្រូវធ្វើការភ្ជួររាស់ដីពីរដងដើម្បីឲ្យដីផុសបានល្អ និងការពារកុំឲ្យមានដុះស្មៅ។

២. ការរើសពូជ និងដាំ

ចំពោះស្រកានាគដែលគាត់ដាំ គីពូជក្នុងស្រុកមានសាច់ក្នុងពណ៌ផ្កាឈូកដែលមានរសជាតិផ្អែមឆ្ងាញ់​។ ចំពោះការដាំគាត់បានជីកជារណ្ដៅដាំជន្លុងគ្រាក់ជម្រៅ ០,៥ម៉ែត្រ ដើម្បីកុំឲ្យវាដួលនៅពេលវាបោះទងច្រើន។ បន្ទាប់មកគាត់បានកាប់រណ្ដៅ ៣ជ្រុងជុំវិញបង្គោលគ្រាក់ ដាក់ជីលាមកគោរួចដាំជម្រៅ ១ ទៅ ២ តឹក។ ដើម្បីឆាប់ទទួលបានផលលឿន គាត់បានយកទងស្រកានាគប្រវែងចន្លោះ ពី ១ម៉ែត្រ ទៅ ១,៥ម៉ែត្រ ដាំរយៈពេល ៨ខែ ទៅ ១០ខែ ចាប់ផ្ដើមផ្លែហើយ។ ចំពោះការដាំស្រកានាគ គាត់ដាំពីជួរមួយទៅជួរមួយប្រវែង ២,៥ ម៉ែត្រ និងពីគុម្ពមួយទៅគុម្ពមួយប្រវែង២ម៉ែត្រ។

៣. ការថែទាំ

បន្ទាប់ពីដាំរួច ដំណាំស្រកានាគត្រូវការចងផ្អោបដើមទៅនឹងបង្គោលគ្រាក់ ៣ ទៅ ៤ កន្លែង ដើម្បីកុំឲ្យវាដួល និងឆាប់ចាប់ ឫសជាប់ទៅនឹងបង្គោលគ្រាក់។ បង្គោលគ្រាក់នីមួយៗត្រូវវាយភ្ជាប់ជាមួយសំបកម៉ូតូចាស់ៗនៅចុងបង្គោលខាងលើដើម្បីឲ្យទងស្រកានាគវារគងពីលើ។ ដំណាំស្រកានាគត្រូវការស្រោច​ទឹក​​ឲ្យសើមគល់ និងបង្គោលគ្រាក់ដើម្បីឆាប់ចាប់ឫស និងឧស្សាហ៍សំអាតស្មៅក្រោយពេលដាំ។ ក្រោយពេលដាំក្នុងមួយខែគាត់ថែមជីលាមកគោម្តងដើម្បីពន្លឿនការលូតលាស់។

៤. ការប្រមូលផល

ដំណាំស្រកានាគចាប់ផ្ដើមផ្លែនៅអាយុពី ៨ខែ ទៅ ១០ខែ ក្រោយពេលដាំ (ដាំទងវែង) និងរដូវផ្លែផ្កាចាប់ពីខែមិនា និងមេសា សម្រាប់គុម្ពដាំរយៈពេលយូរឆ្នាំ ហើយផ្លែបន្តរហូតដល់ខែតុលា ឬខែវិច្ឆិកា ទើបផ្អាក​ផ្លែ។ ម្យ៉ាងចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជាពេលដែលស្រកានាគចាប់ផ្ដើមដុះទងថ្មី និងលូតលាស់ដើម្បីត្រៀមផ្លែ ចាប់ពីខែមេសា ដល់ខែវិច្ឆិកាវិញ។ ស្រកានាគត្រូវប្រមូល ផលនៅពេលវាទុំល្មម កុំទុកយូរពេក បើទុកយូរពេកធ្វើឲ្យផ្លែវាប្រេះ នាំឲ្យសត្វល្អិតចូលក្នុងផ្លែ។ ក្នុងមួយគុម្ពគាត់អាចប្រមូលផលបានចន្លោះពី ៥គីឡូក្រាម ទៅ ៣០គីឡូក្រាម វាអាស្រ័យការដាំមុន និងដាំក្រោយ (ទំហំ គុម្ពតូច ឬធំ) ហើយក្នុងឆ្នាំ២០១៨កន្លងមកនេះ គាត់លក់បានចំណូលប្រហែល ៨លានរៀល ដោយ១គីឡូក្រាមតម្លៃចន្លោះពី ៤.០០០ ទៅ ៥.០០០រៀល។

៥. ចំណាប់អារម្មណ៍

បងស្រីមានប្រសាសន៍ថា ចំពោះការដាំស្រកានាគ គាត់មិនមានការលំបាកក្នុងការថែទាំទេ ឲ្យតែមានទឹកស្រោចម្តងម្កាលនៅរដូវប្រាំង ឬពេលគ្មានភ្លៀងរយៈពេលយូរថ្ងៃ។ ម្យ៉ាងទៀតលាមកសត្វស្រស់ក៏បានដែរព្រោះវាមិនរើសជីទេ។ លើសពីនេះទៀតការដាំស្រកានាគមិនបានធ្វើឲ្យរវល់ច្រើនទេ គឺគាត់មានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារផ្សេងៗទៀតបាន។

កំណត់សម្គាល់បន្ថែម

  • គេអាចដាំទងខ្លីបាន តែទងកាន់តែវែងកាន់តែឆាប់បានផល។
  • ស្រកានាគមានឫសរាក់នៅផ្នែកលើនៃស្រទាប់ដីច្រើន។ ដូចនេះការធ្វើឲ្យមានសំណើមជាប់ជាមួយនឹងការគ្របដីបន្ថែមដោយប្រើកាកសំណល់រុក្ខជាតិនឹងជួយឲ្យស្រកានាគលូតលាស់បានល្អជាប់ជានិច្ច​។
  • ស្រកានាគដាំក្នុងថូ ឬក្នុងធុង ក៏ឲ្យផលល្អដែរ តែដីត្រូវមានជម្រៅយ៉ាងតិចបំផុត ៤ ទៅ ៥ តឹកដែរ។
  • ការកាត់មែកស្រកានាគចេញខ្លះ នឹងជួយឲ្យផ្លែច្រើន និងផ្លែធំល្អ៕

អត្ថបទដោយ ពៅ សុភា កែសម្រួលបន្ថែមដោយបណ្ឌិត យ៉ង សាំងកុមា
សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖