Home / កសិកម្ម / បទពិសោធន៍ដាំត្រកួន (កសិករ កែប ចន)

បទពិសោធន៍ដាំត្រកួន (កសិករ កែប ចន)

លោកពូ កែប ចន ជាកសិកររស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំត្រកួន។ ចំណុចសំខាន់ៗនៃការដាំដុះដែលគាត់បានទទួលជោគជ័យគឺ ការរៀបចំដី ថែទាំដិតដល់ និងប្រើជីធម្មជាតិ ទើបធ្វើឲ្យដំណាំត្រកួនដុះលូតលាស់ល្អ និងស្រួយពិសា។ ចំពោះបទពិសោធន៍នៃការដាំ មានបង្ហាញជូនដូចខាងក្រោម។

១-ការរៀបចំគ្រាប់ពូជ

ដំបូងគាត់បានយកគ្រាប់ត្រកួនទៅត្រាំទឹកក្តៅអ៊ុនៗរយៈពេល ២០នាទី បន្ទាប់ មកទើបស្រង់យកទៅ ខ្ចប់ទុកក្នុងក្រណាត់ផ្អាប់ទុក១យប់ ដើម្បីឲ្យគ្រាប់ដុះពន្លក។

២-ការរៀបចំដីដាំ និងការដាំ

លោកពូ បានភ្ជួរដីហាលថ្ងៃរយៈពេល៣ថ្ងៃ ទើបលើក​រងដាំត្រកួន ដោយរងនីមួយៗមានទទឹង ១ម៉ែត្រ និងបណ្តោយ ៤៥ម៉ែត្រ មានចំនួន ៧រង។ នៅលើរងគាត់បានដាក់ជីលាមកគោពុកផុយ លាយជាមួយផេះ ដើម្បីទ្រាប់បាតរង។ មុននឹងយកគ្រាប់ដាំ គាត់បានស្រោចទឹកនៅលើដីឲ្យសើមសិន ទើបយកគ្រាប់ទៅដាក់ ដាំ ដែលមានគំលាតពីគ្នា ៥សង្ទីម៉ែត្រ និងចន្លោះពីជួរមួយទៅជួរមួយទៀត ៥តឹក (ឆូតដាំទទឹង រង)។

៣-ការថែទាំ

ក្រោយពីដាំហើយ គាត់បានស្រោចទឹក ១ថ្ងៃ២ដងនៅរដូវប្រាំង។ បានរយៈពេល ១៥ថ្ងៃ គាត់បាន​ធ្វើការដកស្មៅ និងស្រោចទឹកជីធម្មជាតិដែលផ្សំឡើងពី ត្រួយស្លឹកឈើស្រស់ចំនួន៣គីឡូក្រាម ស្ករ១​គីឡូ​ក្រាម ត្រាំរយៈ ពេល ១០ថ្ងៃអាចប្រើប្រាស់បាន ដោយស្រោចក្នុងរយៈពេល ៣ថ្ងៃម្តង។

៤-ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ២៥ថ្ងៃ គាត់ប្រមូលផលត្រកួនលក់ដោយដកទាំងឫស។ ចំពោះត្រកួន ៧រង គាត់ដកលក់បានចំនួន ៨០គីឡូក្រាម ដោយលក់បានតម្លៃ ១.៥០០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះ ចំណូលសរុបគាត់ទទួលបាន ១២០.០០០រៀល ក្នុងនោះ គាត់បានចំណាយតែទៅលើការទិញគ្រាប់ពូជអស់ ៣.៥០០រៀល ដោយមិនគិតពីការហូបនៅក្នុងគ្រួសារឡើយ។

៥-ចំណាប់អារម្មណ៍

លោកពូមានប្រសាសន៍ថា ចំពោះការដាំដុះ គាត់មិនមានការពិបាកក្នុងការថែទាំទេឲ្យតែមានទឹកប្រើ ប្រាស់គ្រប់គ្រាន់គឺអាចដាំបាន ហើយចំពោះដំណាំយកស្លឹក ត្រូវឧស្សាហ៍ស្រោចទឹកធម្មតា និងជីទឹកដើម្បី​ បំប៉ន ធ្វើដូចនេះត្រកួនអាចដុះលូតលាស់បានល្អ។ ហើយការដាំដំណាំនេះជាមុខរបរបន្ទាប់បន្សំបន្ថែម​ក្រៅពី​ការធ្វើស្រូវ។

សរុបមក បទពិសោធន៍សំខាន់ៗក្នុងការដាំត្រកួន

  • ភ្ជួរដីហាលចោលលរយៈពេល ៣ថ្ងៃ មុននឹងរៀបចំរងដាំ
  • លើករងដាំ និងប្រើជីលាមកគោពុកផុយ លាយជាមួយផេះទ្រាប់បាតរង
  • បណ្ដុះគ្រាប់ពូជដោយយកទៅត្រាំទឹកក្តៅអ៊ុនៗ និងផ្អាប់ទុក ១យប់ មុនយកទៅដាំ
  • ដាក់គ្រាប់ដាំជាជួរទទឹងរង ដោយឃ្លាតពីគ្នា៥សង្ទីម៉ែត្រ និងឃ្លាតពីជួរមួយទៅមួយ ៥តឹក
  • ស្រោចទឹក ១ថ្ងៃ២ដង (រដូវប្រាំង) និងជីទឹក ៣ថ្ងៃម្តង រហូតដល់ពេលប្រមូលផល៕

ពាន សុខា និង ស៊ិន អង្គារសាធ

សហគមន៍សម្បូរសប្បាយ     

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖