Home / កសិកម្ម / បទពិសោធន៍ផ្សំជីកំប៉ុស្ត (កសិករ ឃួន ឃាន់)

បទពិសោធន៍ផ្សំជីកំប៉ុស្ត (កសិករ ឃួន ឃាន់)

លោកពូ ឃួន ឃាន់ ជាកសិកររស់នៅភូមិសំរោង ឃុំដូនទៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គាត់មានបទពិសោធន៍​ល្អក្នុងការធ្វើជីកំប៉ុស្តឆាប់កាច់ និងមានគុណភាពល្អ ។ ចំពោះបទពិសោធន៍នៃការរៀបចំធ្វើជីនេះមានបង្ហាញជូនដូចខាងក្រោម​៖

១-ការជ្រើសរើសទីតាំងនិងការសាងសង់ទ្រុង

គាត់បានជ្រើសរើសទីតាំងដែលមិនលិចទឹក។ ចំណែកអាងគឺធ្វើពីស៊ីម៉ង់ត៍ដែលមានទំហំ ទទឹង២,២ម៉ែត្រ បណ្តោយ៣ម៉ែត្រ កំពស់១,២ម៉ែត្រ ដែលចំណាយថវិកាអស់ប្រហែលជា ៥០០.០០០រៀល។

២-សារធាតុផ្សំ

  • ស្លឹកទន្ទ្រានខែត្រ ១២៥គីឡូក្រាម
  • លាមកមាន់ ៥០គីឡូក្រាម
  • ចំបើងរលួយៗ ១២៥គីឡូក្រាម
  • លាមកគោ ក្របី ៣០០គីឡូក្រាម
  • ធ្យូងអង្កាម ១៥ បង្គី។

៣-របៀបធ្វើ

ក្នុងការផ្សំជីកំប៉ុស្តនេះ គាត់បានចែកវត្ថុធាតុដើមទាំងអស់ខាងលើជា៥ ចំណែក  (ទាំង៥ចំណែក ឬពំនូកនេះ គឺមានវត្ថុធាតុដើមចំរុះទាំង៥ស្មើៗគ្នា) ដើម្បីងាយស្រួលក្នុងការច្របល់ឲ្យសព្វល្អទើបជីឆាប់កាច់ បើយើងច្របល់តែម្តងនូវវត្ថុធាតុដើមទាំងអស់ វាពិបាកច្របល់ណាស់ពីព្រោះមិនងាយសព្វល្អ។ ចំពោះវិធីសាស្ត្រនៃការរៀបចំមានដូចខាងក្រោម។

  • យកវត្ថុធាតុដើមចំណែកទី១ដែល ស្លឹកទន្ទ្រានខែត្រគឺចិញ្ច្រាំល្អិត ចំបើង ដាក់ជាន់លាយជាមួយលាមកគោក្របី មាន់ និងធ្យូងអង្គាមឲ្យសព្វនៅក្នុងអាង ទើបរៀបវាជាន់ចូកច្របល់ឲ្យសព្វ។
  • ធ្វើដូចខាងលើដដែលដោយយកវត្ថុធាតុដើមចំណែកទី២ជាន់វាពីលើបន្ថែម រួចកាប់ចូកច្របល់លាយជា​មួយ​ចំណែកទី១។
  • លាយវត្ថុធាតុដើម (ចំណែកទី៣) ឲ្យ​សព្វ​​រួចយកទៅជាន់លាយជាមួយចំណែកទី១ និងទី២ ដែលបានធ្វើពីមុននោះ រួចធ្វើដូចគ្នាបន្តបន្ទាប់ដល់ចំណែកនៃវត្ថុធាតុដើមដែលនៅសល់ចុងក្រោយ។ ហើយរក្សាទុករយៈពេល៧ថ្ងៃ ទើបចូកច្របល់ឡប់ឡែម្តងទៀត។

សំគាល់ ក្រោយពីធ្វើរបៀបនេះ គាត់សង្កេតឃើញថា កំពស់ជីកាន់តែស្រុតចុះបន្តិចម្តងៗ។ ចំពោះជីដែលធ្វើដាក់នៅក្នុងអាងនោះ គឺកុំធ្វើច្រើនក្រាស់ពេកនាំឲ្យពិបាកចូកច្របល់ត្រឡប់។

៤-ចំណាប់អារម្មណ៍

លោកពូបានសំដែងនូវចំណាប់អារម្មណ៍ថា ការធ្វើបែបនេះ ជីឆាប់កាច់ ហើយអាចធ្វើឲ្យយើងទទួលបាននូវជីកំប៉ុស្តដ៏ល្អសំរាប់ប្រើទៅលើដំណាំ មានប្រសិទ្ធភាពខ្ពស់ ជួយសន្សំថវិកា។ ជាចុងក្រោយលោកពូសុំឲ្យកសិករដែលចង់ធ្វើជីកំប៉ុស្ត សាកល្បងតាមបទពិសោធន៍ខាងលើ ព្រោះអាចធ្វើឲ្យជីឆាប់កាច់ និងមានគុណភាព​ល្អ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការធ្វើជីកំប៉ុស្តមាន៖

  • ការរៀបចំ និងជ្រើសរើសទីតាំងល្អមិនលិចទឹក
  • សាងសង់ទ្រុងសំរាប់ដាក់ជីដែលធ្វើឡើងពីបេតុង និងប្រក់ដំបូលកុំឲ្យត្រូវភ្លៀងខ្យល់
  • បែងចែកជីជា៥ចំណែក ជ្រុំលាយដីទៅតាមដំណាក់កាល ដើម្បីឲ្យជីឆាប់កាច់៕

ហេង  សុជាតិ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ការប្រើប្រាស់ជីឡឧស្ម័នសំរាប់ ស្រូវ បន្លែ ឈើហូបផ្លែ ថ្នាំពុលធម្មជាតិ និងការចិញ្ចឹមសត្វ

ប្រភព ខិត្តបណ្ណស្តីពី ការប្រើប្រាស់ជីឡឧស្ម័ន (ក្រសួងកសិកម្ម និងអង្គការ NBP) សហគមន៍សម្បូរសប្បាយ