ថ្ងៃ១៥ កើតពេញបូរណ៌មី ខែមាឃ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺជា ថ្ងៃមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ មាឃបូជា, ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងនៅក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា។ គោលការណ៍ទាំងនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ”។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រក្នុងទីប្រជុំសង្ឃរាល់កន្លះខែ។ ឧទាហរណ៍ រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្ត។
ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់ ៤យ៉ាង កើតឡើងគឺ៖
១-ព្រះសង្ឃសមណៈទូត ១.២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗ ដើម្បីផ្សព្វផ្សាយគោលធម៌ បានវិលត្រឡប់មកចូលគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា (សព្វេ ខីណាសវា) ។
២-ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសឲ្យដោយផ្ទាល់ដែលហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា)។
៣-ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន, ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយមិនបានណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។
៤-ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាត គឺកិច្ចប្រជុំប្រកបដោយអង្គ ៤។
ចតុរង្គសន្និបាតនេះ ប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជា ម្ចាស់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស. ៤៥ឆ្នាំ។
មូលហេតុសំខាន់ដែលព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ពីព្រោះជាថ្ងៃពេញបូណ៌មី ខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រី របស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍តែងប្រារព្ធពិធីលាងជម្រះបាបបូជា ព្រះសិវៈ ព្រោះហេតុនោះ ព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ព្រះបរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញពីល្អាងសុករខាតា មកគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១.២៥០អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗធ្វើដំណើរទៅវត្តវេឡុវ័នដោយមិនបានណាត់ទុកជាមុន ដូចជាណាត់តាមទូរស័ព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ ។
ព្រះសង្ឃទាំង ១.២៥០អង្គនោះ គឺចេញមកពីប្រភព៖
ក-សិស្សគណ របស់ព្រះឧរុវេលកស្សបៈចំនួន ៥០០អង្គ
ខ-សិស្សគណ របស់ព្រះនទីកស្សបៈចំនួន ៣០០អង្គ
គ-សិស្សគណ របស់ព្រះគយាកស្សបៈចំនួន ២០០អង្គ
ឃ-សិស្សគណ របស់ព្រះសារីបុត្រ និងព្រះមោគ្គល្លានចំនួន ២៥០អង្គ។
សរុបព្រះសង្ឃទាំងអស់ ១.២៥០អង្គ ដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ, ព្រះនទីកស្សបៈ, ព្រះ គយាកស្សបៈ, ព្រះសារីបុត្រ និងព្រះមោគ្គល្លាននោះទេ បើរាប់បញ្ចូល ៥អង្គនេះទៀត បានជា ១.២៥៥អង្គ។
ព្រោះតែអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀត ឱកាសនោះសម្តែង ឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១.២៥០អង្គនោះ ដោយទ្រង់កំណត់ គោលនយោបាយក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ៥ចំណុច គឺ៖
ក-ឧត្តមគតិ បានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យទានផ្នែកនយោបាយ)។
ខ-គោលបំណង បានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សាធារណៈប្រយោជន៍)។
គ-វិធីបដិបត្តិ បានដល់ មិនរំលោភសិទ្ធិមនុស្ស និងសត្វ (សិទ្ធិមនុស្ស)។
ឃ-គោលការណ៍ មាន ៣ចំណុច គឺ៖
- មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)
- ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)
- ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)។
ង-វិធីសាស្ត្រ មាន ៦ចំណុច គឺ៖
- មិនបរិហារកេរ្តិ៍បុគ្គលណា (វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)
- មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)
- គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)
- ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)
- អង្គុយ ឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)
- ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។
ទាំង ៥ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា។ ថ្ងៃមាឃបូជា ចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។
តើប្រារព្ធពិធីមាឃបូជា បានប្រយោជន៍អ្វីខ្លះ? ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ៖
១–ពុទ្ធសាសនិកជន បានយល់ដឹងយ៉ាងត្រឹមត្រូវដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ
២–យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា
៣–បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់
៤–បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជនក្នុងថ្ងៃមាឃបូជានេះ
៥–បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។
ថ្ងៃមាឃបូជា ចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជនឲ្យឃើញថា បុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬអសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យសកម្មឡើង ការធ្វើដំណើរទៅកាន់វត្ត ឬមណ្ឌលពុទ្ធសាសនា មិនមែនជាការងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិតផ្នែកចិត្តវិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើងតាមគោលការណ៍ចំណុចទី២ ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺ បណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។
សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនាសំរាប់ ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា៕
សហគមន៍សម្បូរសប្បាយ