Home / កសិកម្ម / ការដាំស្រូវចំការតាម ប.វ.ស. (កសិករ ជីមឆាត់)

ការដាំស្រូវចំការតាម ប.វ.ស. (កសិករ ជីមឆាត់)

ជាទូទៅកសិករនៅតំបន់ខ្ពង់រាបច្រើនប្រកបរបរធ្វើកសិកម្មចំរុះ ពិសេសដំណាំស្រូវ ពួកគាត់ពុំមាន​សាបដក​ស្ទូងដូចតំបន់វាលទំនាបឡើយ គឺផលិតស្រូវដោយ​បុកដាំ​យកតែម្តង។ការប្រកបរបរដាំស្រូវ​តាម​ទំលាប់​របស់​កសិ​ករ​គឺមានការចំណាយច្រើនទៅលើ ពូជនិងទទួលបាន​ទិន្នផល​ទាប ធ្វើឲ្យជីវភាពពួកគាត់​មាន​ការខ្វះខាតជាប្រចាំ​ឆ្នាំ។

បងស្រី ជីម ឆាត់ ជាកសិករបង្គោល រស់នៅក្នុង​ភូមិចំការជ្រៃជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ​សាត់ បានសាកល្បងដាំស្រូវនៅលើផ្ទៃដី ០,៤៨​ហិកតា ដែលទទួលផលបាន ២.៦០០គីឡូក្រាម គិតជា​តោនស្មើនឹង ៥,៤២តោនក្នុងមួយហិកតា។ បើ​ប្រៀប​ធៀបផ្ទៃដីដូចគ្នាការធ្វើស្រែតាមទំលាប់ គាត់​ទទួល​បានត្រឹម តែ ១.៤០០គីឡូក្រាម គិតជាតោនស្មើនឹង ២,៩២តោនក្នុងមួយហិកតាប៉ុណ្ណោះ។ ដូច្នេះការ​ដាំស្រូវ​តាមគោលការណ៍ ប.វ.ស. គឺកើនទិន្នផលបាន ១.២០០​គីឡូក្រាម។ ចំពោះបច្ចេកទេសសំខាន់ៗ​ដែល​បាន​អនុវត្តមានដូចជា៖

១-ការជ្រើសរើសពូជ

ពូជ ដែលកសិកររូបនេះបានដាំ ជាប្រភេទ​ពូជស្រូវ​ក្រហម ហើយមុននឹងគាត់ដាំ គឺយកពូជដែលសំរិតសំរាំង​ទុក​ពីឆ្នាំមុនទៅ ហាលថ្ងៃរយៈពេល ២-៣ម៉ោង និងបន្ទាប់​មក យកអុំឲ្យសំដី រួចយកទៅត្រាំទឹក។ ដោយទឹកមួយ​ប៉ោត​ដាក់អំបិលមួយក្តាប់កូរឲ្យសព្វ រួចស្រង់យកសំដីនៅ​ខាងលើចេញ សំរិតទឹកចេញឲ្យអស់ ហើយត្រាំ​ផ្អាប់​ឲ្យដុះ​ពន្លកមុននឹងយកទៅដាំ។

២-របៀបដាំ

  • ប្រើឈើបុកដាំដោយបុកជារណ្ដៅរាក់ៗ
  • ចន្លោះគុម្ព ៣-៤តឹក
  • ដាំត្រង់ជួរ និងក្នុងរណ្ដៅដាក់ពី ៣-៤គ្រាប់។

៣-ការថែទាំ

ការថែទាំនេះផ្តោតសំខាន់តែទៅលើការដកស្មៅចេញឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យស្មៅដណ្តើមជី​ជាតិ​ពីដី។ ការដកស្មៅគាត់ធ្វើឡើងចំនួន២ដង ដើម្បីការពារកុំឲ្យមានស្មៅដុះបន្តទៀត ក្រោយពីដក គាត់​បានយកស្មៅនោះទៅក្រាលពីក្រោមដើមស្រូវ ធ្វើដូចនេះអាចជួយការពារមិនឲ្យស្មៅដុះ និងការពារសំណើម​បានល្អទៀតផង។

ការប្រៀបធៀបបច្ចេកទេសដាំស្រូវតាមទំលាប់ និងតាម ប.វ.ស.

តាមទំលាប់ តាម ប.វ.ស.
– ពូជទុកធម្មតាគ្មានត្រាំទឹក ឬលាយទឹកអំបិលទេ

– ចំណាយពូជច្រើន ២៥គីឡូក្រាម លើដី ០,៤៨

ហិកតា

– ចន្លោះគុម្ពដាំញឹក

– បុករណ្ដៅរាក់

– ធ្វើស្មៅធម្មតា

– ទិន្នផលទទួលបានត្រឹមតែ ១.៤០០គីឡូក្រាម។

– សំអាតពូជដោយត្រាំទឹកអំបិល ត្រាំមួយយប់ និង

ផ្អាប់១យប់ មុនយកទៅសាប

– ចំណាយពូជតិច ១២គីឡូក្រាម លើផ្ទៃដី ០,៤៨

ហិកតា

– ចន្លោះគុម្ពរង្វើល ៣-៤ តឹក

– បុករណ្ដៅរាក់ៗ ដាំក្នុង ១រណ្ដៅ ៣-៤គ្រាប់

– ធ្វើស្មៅធម្មតា

– ទិន្នផលទទួលបាន ២.៦០០គីឡូក្រាម។

ជាចំណាប់អារម្មណ៍របស់បងស្រីតាមរយៈការអនុវត្តតាមគោលការណ៍ ប.វ.ស. ឃើញថា បើប្រៀប​ធៀប​ទៅនឹងទំលាប់វាមានការចំណេញពូជច្រើន ងាយស្រួលអនុវត្ត និងទិន្នផលក៏ទទួលបានច្រើនជាងមុន​ផង​ដែរ។ ជាពិសេសមានស្រូវ អង្ករសំរាប់ហូបពេញ ១ឆ្នាំ ដែលកន្លងមកមានការខ្វះខាតនៅចុងរដូវខ្លះៗ។ ទៅថ្ងៃមុខ គាត់នឹងពង្រីកផ្ទៃដីដែលមានស្រាប់បន្ថែមទៀត នឹងផ្សព្វ ផ្សាយបច្ចេកទេសនេះបន្តដល់កសិករ​ក្នុងសមាគម និងក្រៅសមាគម ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

អ៊ី  ណារ៉ុន

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ឧបករណ៍កំចាត់ស្មៅ បំផុសដី «នាគស្រែ»

នៅពេលនេះ សហគន៍សម្បូរសប្បាយ សូមណែនាំប្រជាកសិករយើងឲ្យស្គាល់ឧបករណ៍សាមញ្ញមួយដែលគេហៅថា «នាគស្រែ»។ ឧបករណ៍នាគស្រែនេះ គឺគេបង្កើតឡើងដើម្បីជួយកសិករក្នុងការកំចាត់ស្មៅ និងបំផុសដីក្នុងពេលតែមួយ។