Home / កសិកម្ម / វិធីសាស្ត្រគ្រប់គ្រងស្ពៃក្តោបក្រោយពេលប្រមូលផល

វិធីសាស្ត្រគ្រប់គ្រងស្ពៃក្តោបក្រោយពេលប្រមូលផល

 

ការដាំដំណាំបន្លែដើម្បីឲ្យបានផលល្អ ឬជោគជ័យ គឺជារឿងលំបាកមួយ ប៉ុន្តែនៅ​ពេលបានផលហើយ យើងត្រូវប្រមូលផលទុក​ដាក់ធ្វើយ៉ាងណាកុំឲ្យមានការជាំ បាក់ ឬខូតខាតដោយប្រការណាមួយ ក៏ជារឿងលំបាកមួយទៀតដែរ។ ខាងក្រោមនេះជាការបង្ហាញនូវវិធីសាស្ត្រនៃការគ្រប់គ្រងស្ពៃក្តោបក្រោយពេលប្រមូលផល។

១-ការប្រមូលផល

  • ជាទូទៅ យើងប្រមូលផលស្ពៃក្តោប ដោយសំគាល់ទៅលើអាយុរបស់វាគឺ ចាប់ពី ៣ ទៅ ៣ខែកន្លះ បន្ទាប់ពី ដាក់គ្រាប់ដល់ដី
  • បន្ទាប់ពីនេះគឺ ការពិនិត្យទៅលើលក្ខណៈក្តោបរបស់ស្ពៃដូចជា យកដៃច្របាច់ទៅលើវា បើរឹងល្អ មាន​ន័យថា ស្ពៃពេញវ័យអាចប្រមូលផលបាន ឬសំគាល់ទៅ លើចុងស្លឹកស្រទាប់ក្រៅរបស់វាមូរ
  • ពេលប្រមូលផលគឺ ធ្វើឡើងនៅពេលល្ងាចត្រជាក់ល្អពីម៉ោង ៣-៤ ដើម្បីឲ្យទឹកសន្សើមស្រស់
  • ការប្រមូលផលត្រូវយកកូនកាំបិតចុងស្រួចដែលមុតល្អ កាត់វាដោយទាញក្តោបរាងផ្តេកបន្តិច រួចទើបកាត់វា
  • ការប្រមូលផលត្រូវធ្វើឡើងនៅពេលមានអាកាសធាតុស្ងួតល្អ។ កាលណាយើងប្រមូលផលនៅពេល ភ្លៀង ឬបន្ទាប់ពីភ្លៀងភ្លាមៗ នោះធ្វើឲ្យមេរោគងាយបង្កជំងឺឲ្យស្ពៃក្តោបឆាប់រលួយ។

២-ការតម្រឹម និងសំអាត

  • ក្រោយពីកាត់រួចហើយយើងពុំចាំបាច់បកស្រទាប់ក្រៅចេញទេ គឺគ្រាន់តែតម្រឹមឲ្យស្អាត ហើយលាបកំបោរភ្លាមៗ ឬសាច់ជូរនៅមុខកាត់ ដើម្បីការពារការចេញជ័រច្រើន ឬឆ្លងមេរោគផ្សេងៗ។ បន្ទាប់មក យកវាទៅដាក់ក្នុងម្លប់ថ្នមៗដោយមិនដាក់គរលើគ្នាទេ ជៀសវាងកុំឲ្យ ជាំខូច
  • សំអាត គឺយើងគ្រាន់តែកាត់សំបកបន្តិចបន្តូចបានហើយ រួចប្រញាប់យកវាទៅដាក់នៅកន្លែងម្លប់ត្រជាក់ដើម្បីកុំឲ្យហួតជាតិទឹកស្វិតស្រពោនបាត់ទំងន់។

៣-ការវេចខ្ចប់ និងដឹកជញ្ជូន

  • ដើម្បីឲ្យការវេចខ្ចប់ និងដឹកជញ្ជូនបានល្អមិនបាត់បង់ យើងអាចប្រើចំបើង ក្រដាស បាវ ស្លឹកចេក ឬស្លឹកឈូក សំរាប់ធ្វើជាទ្រនាប់ដើម្បីកាត់បន្ថយការប៉ះ ទង្គិចគ្នា
  • ឯការដឹកជញ្ជូនគួរដាក់តាមថ្នាក់ៗជៀសវាងការដាក់គរលើគ្នា
  • ប្រសិនបើអាចធ្វើបាន គឺយើងអាចយកក្រដាសកាសែតមកហ៊ុមលើស្ពៃក្តោបនីមួយៗតែម្តង ទើបដាក់បញ្ចូលក្នុងកញ្ឆេ
  • ជៀសវាងការបកធាងស្រទាប់ក្រៅរបស់វា មុនពេលដាក់លក់លើស្តង់
  • ពេលដឹកជញ្ជូនត្រូវរក្សាឲ្យមានគំរបជានិច្ច ដើម្បីការពារកំដៅ និងធូលី។

៤-ការស្តុកទុក

យើងអាចស្តុកស្ពៃក្តោប ដោយធ្វើការរុំនឹងក្រដាសកាសែត ហើយយកវាទៅទុកក្នុងធុងត្រជាក់ ឬពាងធ្វើពីដីគ្របក្រណាត់សើម ហើយប្រោះទឹក ១ថ្ងៃ ២ដង (ព្រឹក-ល្ងាច) លើក្រណាត់នោះនៅពេលវាស្ងួត។ ជាលទ្ធផលគឺអាចរក្សាទុកបានយូររហូតដល់ ១៦ថ្ងៃ ដោយពុំមានស្រកទំងន់ឡើយ៕

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ

គោលបំណងសំខាន់របស់អ្នកប្រកបមុខរបរកសិកម្ម គឺបង្កើននូវផលិតផលសំរាប់បំពេញតម្រូវការគ្រួសារ និងសំរាប់លក់យកប្រាក់ចំណូល។ ដើម្បីបង្កើននូវផលិតផលកសិកម្ម ជាទូទៅគេមានយុទ្ធសាស្រ្តសំខាន់ចំនួន២៖