Home / កសិកម្ម / បទពិសោធន៍ផលិតមេជីទឹក (កសិករ កុយ សាម៉ន)

បទពិសោធន៍ផលិតមេជីទឹក (កសិករ កុយ សាម៉ន)

កសិករ កុយ សាម៉ន  រស់នៅភូមិស្រម៉ុក ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ គាត់មាន បទពិសោធន៍ល្អក្នុងការផលិតមេជីទឹកដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើទៅលើដំណាំស្រូវ និងបន្លែ។ ធាតុផ្សំ និងរបៀបផ្សំរបស់គាត់មានបង្ហាញជូនដូចខាងក្រោម។

១- ធាតុផ្សំ

  • ផ្លែឈើទុំពណ៌លឿង (ល្ហុង ចេក ល្ពៅ…) ចំនួន ៣ គីឡូក្រាម
  • ស្កររងូ ១ គីឡូក្រាម
  • អង្ករដំណើប ១ គីឡូក្រាម
  • ទឹកនោមមនុស្ស ១០-២០ លីត្រ។

២-សំភារៈប្រើប្រាស់ និងការផលិត

ពាង កែវ ឬក្រឡ មានចានដែក ស្បៃ កាំបិទ។ ចំពោះការផលិតវិញ គឺមានពីរដំណាក់កាលសំខាន់៖

ដំណាក់កាលទី១.  ផ្លែឈើទុំចិញ្ច្រាំឲ្យម៉ដ្ឋ យកមកច្របល់ជាមួយស្កររងូឲ្យសព្វដាក់ទៅក្នុងចានដែក រួច​ចាក់ចូលទៅក្នុងកែវ បិទគំរបឲ្យជិតរក្សាទុកក្នុងម្លប់ពី ១០ ទៅ ១៥ ថ្ងៃ។ ក្នុងមួយថ្ងៃបើកគំរបម្តងរយៈពេល ៥នាទី។

ដំណាក់កាលទី២.  យកអង្ករដំណើបមកដាំបាយឲ្យ​ជ្រាយ រួចដួសដាក់កញ្ច្រែងយកទៅសំដិលទឹកសន្សើមរយៈពេលពី ៥-៧ថ្ងៃ។ រួចយកបាយដំណើបនោះមកច្របល់ជាមួយស្កររងូឲ្យសព្វដាក់​ចូលទៅក្នុងកែវ​បិទ​គំរបឲ្យជិតពី ៧-១៥ថ្ងៃ។ ក្នុងមួយថ្ងៃបើកគំរប កែវម្តងធ្វើដូចខាងលើដើម្បីឲ្យឆាប់កាច់។ បន្ទាប់ពីទឹកជីដែល​ផលិតក្នុងដំណាក់កាលទាំង២កាច់ហើយ​ គាត់បានយកទឹកជីទាំងនោះមកច្រោះយកកាកចេញ ហើយចាក់​លាយបញ្ចូលគ្នា រួចក្រឡុកឲ្យសព្វដាក់ក្នុងកែវ ឬក្រឡ បិទគ្របឲ្យជិតរក្សាទុកក្នុងម្លប់ ពី ៣-៥ថ្ងៃ ទើបយក​ទៅ​ប្រើ។

៣-របៀបប្រើ

ដួសយកមេជីទឹក ១កែវ ស្មើ១០០មីលីលីត្រ រួចចាក់ទឹកនោមមនុស្ស ១កែវបញ្ចូលគ្នា (ទឹកនោមទុក១យប់) បន្ទាប់មកចាក់ទឹកធម្មតា ១៥លីត្រ ក្រឡុកឲ្យសព្វទើបអាចយកទៅបាញ់លើដំណាំបាន។ យើងអាច​បាញ់បាន៣ដងក្នុង ១ជីវិតដំណាំស្រូវ និងបន្លែ។

៤-ចំណាប់អារម្មណ៍

ក្រោយពីប្រើមេជីទឹកទៅលើដំណាំស្រូវរបស់គាត់រួចមក គាត់សង្កេតឃើញថា ដំណាំស្រូវមានការដុះ​លូតលាស់ល្អ និងមិនទទួលរងនូវការបំផ្លាញពីសត្វចង្រៃឡើយ។ ដូចនេះ គាត់សូមផ្តាំផ្ញើទៅដល់កសិករ​ដទៃ​ទៀត សូមធ្វើការរៀបចំផលិតមេជីទឹកនេះបន្ថែម ដើម្បីឲ្យដំណាំស្រូវទទួលបានលទ្ធផលកាន់តែល្អឡើង។

ចំណាំ. ចំណុះទឹកមេជី ១លីត្រ អាចបាញ់ទៅលើដំណាំស្រូវបាន ៣៦អារ៕

ស៊ិន អង្គារសាធ និង ពាន សុខា

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។