រមណីយដ្ឋានប្រាសាទបាសាក់ មានផ្ទៃក្រឡា៩ហិកតាស្ថិតនៅខាងជើងនិងខាងកើតទល់នឹងទន្លេវ៉ៃកូ ខាងលិចនិងខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋ គឺប្រជាជនខ្មែរភាគច្រើនមិនបានដឹងស្គាល់ឡើយ។ រមណីយដ្ឋាននេះមានទីតាំងនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលមានចម្ងាយប្រហែល៨គីឡូម៉ែត្រនៃទិសខាងកើតឈាងខាងត្បូងទីរួមខេត្តស្វាយរៀង (ក្រុងស្វាយរៀង) ហើយបត់ចូលផ្លូវលំបេតុងទំហំ៤ម៉ែត្រចំងាយ ៣.៨០០ម៉ែត្រទៀត។ បច្ចុប្បន្ននេះ រមណីយដ្ឋានប្រាសាទបាសាក់ បានស្រូបយកភ្ញៀវទេសចរមកទស្សនាកម្សាន្តសប្បាយមួយចំនួនតាមបែបផែនប្រពៃណីខ្មែរផង ការកំសាន្តសប្បាយផង និងការសិក្សាពីវប្បធម៌-អរិយធម៌ ប្រវត្តិសាស្រ្តខ្មែរនៅក្នុងទឹកដីខេត្តស្វាយរៀងផង។ចំពោះទីតាំងភូមិសាស្ត្រប្រាសាទបាសាក់នេះ គឺជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនព័ទ្ធជុំវិញ។
តាមការសិក្សាស្រាវជ្រាវរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងបញ្ជាក់ថា រមណីយដ្ឋាននេះមានចាប់ពីសម័យបុព្វកាលមកហើយ ក៏បានបន្សល់ទុកនូវប្រាសាទបុរាណមួយដែលគេតែងតែហៅថា “ប្រាសាទព្រៃបាសាក់”។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយ គឺប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទីនៅសល់តែគ្រឹះឥដ្ឋប្រាសាទធ្លាក់រាយប៉ាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។ ប្រាសាទព្រៃបាសាក់ ស្ថិតនៅក្នុងរចនាបទបាខែង ដែលកសាងក្នុងអំឡុងឆ្នាំ៩១៥ ដល់៩២៥ នៃគ្រិស្តសករាជ។
សព្វថ្ងៃនេះ ដើម្បីទាក់ទាញភ្ងៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ពីរមណីដ្ឋានបាសាក់ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានរៀបចំកសាងនូវរូបបដិមាសម្រាប់ភ្ញៀវមកទស្សនា ក៏ដូចបានធ្វើជាកន្លែងសក្ការៈបូជា នៅពេលមានបុណ្យទាន ឬការកំសាន្តក្នុងតំបន់នោះ។ ក្រៅពីប្រាសាទបុរាណ និងបដិមាទើបកែច្នៃ ព្រៃបាសាក់ គឺជាតំបន់ដែលសម្បូរទៅដោយព្រៃស៊ុបទ្រុបជាងគេនៅក្នុងខេត្តស្វាយរៀង។
អ្នកដែលពុំចាប់អារម្មណ៍នៅពេលទៅដល់បុរាណដ្ឋាននោះ ពុំគិតថាកាលដើមឡើយធំធេងយ៉ាងណានោះទេ ដោយសារនៅឯនេះការខូចខាតមានច្រើនដូចនៅកន្លែងដទៃទៀតដែរ។ ឧទាហរណ៍កសិន្ទុដែលនៅក្នុងបរិវេណប្រាសាទជ្រុងអាគ្នេយ៍សព្វថ្ងៃក្លាយទៅជាស្រែទៅហើយ (រូបទី១)។ រីឯប៉មប្រាសាទឥដ្ឋនានាសព្វថ្ងៃនេះបើមើលទិដ្ឋភាពទូទៅឃើញដូច (រូបទី២)។ បើពិនិត្យឲ្យជាក់ច្បាស់ គឺឃើញមាននៅសល់ជញ្ជាំងដូចមាននៅ (រូបទី៣)។
បើប្រៀបធៀបទៅនឹងទីតាំងស្ថានភាពដែលមានមកប្រមាណមួយសតវត្សមុននេះ គឺឃើញថាការខូចខាតប៉ុន្មានទសវត្សកន្លងមកនេះមានភាពធ្ងន់ធ្ងរ។ ឆ្នាំ១៩០២ បុរាណវិទូបារាំងម្នាក់ឈ្មោះ Jean Commaille បានទៅឆ្ការព្រៃធ្វើកំណាយតាមបែបបទបុរាណវិទ្យា ដើម្បីស្រាវជ្រាវអំពីប្រវត្តិទីនេះ។ រចនាសម្ព័ន្ធប្រាសាទក៏លេចឡើងម្តងបន្តិចៗដូចមាន (រូបទី៤-៥-៦) ជាឧទាហរណ៍ ហើយទីបញ្ចប់លោក Commaille ក៏ស្រង់ប្លង់ប្រាសាទនោះបានដូចមានបង្ហាញនៅ (រូបទី៧)។
ការងារនេះរាប់បញ្ចូលតាំងពីការរុករកបុរាណវត្ថុដែលកប់ក្នុងទឹកផង (រូបទី៨-៩)។
សំណាងល្អ បុរាណវត្ថុដែលកប់នៅក្នុងដីពេលនោះ គេបានយកមករក្សាទុកនៅទីផ្សេងៗ។ វត្ថុខ្លះយកមកតាំងឲ្យសាធារណជនឃើញនៅសារមន្ទីរផង។ វត្ថុទាំងនោះមានជាអាទិ៍ (សិលាចារឹកនៅរូបទី១០) បង្ហាញថា អក្សរដែលសរសេរនោះ ជាអក្សរមុនសម័យអង្គរ), ផ្ដែរនិងសសរ ដែលជាស៊ុមទ្វារ (រូបទី១១-១២-១៣), បដិមារូបទេព (នៅរូបទី១៤ នៅសល់តែព្រះកេស), ព្រះគោ (រូបទី១៥)។
នេះពោលពីវត្ថុដែលធ្វើពីថ្ម បើជាវត្ថុសម្រិតក៏មានដែរដូចជា កំណាត់ដៃមួយដែលមានសោភ័ណភាពក្រៃលែង (រូបទី១៦) និងជើងទម្រ (រូបទី១៧)។
សូមបញ្ជាក់ថា សំណង់សាសនានៅទីនេះ ពុំមែនធ្វើឡើងតែក្នុងមួយរយៈពេលទេ ត្បិតនេះជាទឹកដី ដែលមនុស្សរស់នៅបន្តបន្ទាប់គ្នាឥតដែលបានបោះបង់ចោលឡើយ ហេតុនេះការសាងសង់ក៏ធ្វើឡើងជាបន្តបន្ទាប់។ អម្បាញ់មិញយើងឃើញថា សិលាចារឹកនៅរូបលេខ១២ចារនៅមុនសម័យអង្គរ តែគេបានប្រទះឃើញសិលាចារឹកមួយទៀតដែលចារក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័ន (ស.វ.១០) ជាពិសេសនិយាយពីមន្ត្រីធំម្នាក់ដែលមានងារជា រាជកុលមហាមន្ត្រី៕
ដោយ ប៉ោ សេដ្ឋា
ឯកសារយោង៖ អត្ថបទរបស់ ចាន់ សុវិចិត្រា, គឹម សៅភារិទ្ធ និងឯកសារផ្សេងៗទៀត
សហគមន៍សម្បូរសប្បាយ