Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមត្រីជាមួយខ្យង (កសិករ ហេង អ៊ីត)

បទពិសោធន៍ចិញ្ចឹមត្រីជាមួយខ្យង (កសិករ ហេង អ៊ីត)

កសិករ ហេង អ៊ិត រស់នៅភូមិទទឹង ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត​ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីជាមួយខ្យងមានប្រសិទ្ធភាពខ្ពស់។ គាត់បានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០០៥មកម្លេះ។ មូលហេតុដែលធ្វើឲ្យគាត់មានចំណាប់អារម្មណ៍ក្នុងការចិញ្ចឹមត្រីជាមួយខ្យង គឺដោយសារតែមានទស្សនាវដ្តីកសិករជោគជ័យ បានចុះផ្សាយនូវអត្ថបទមួយស្តីពី ចរិកលក្ខណៈរបស់សត្វខ្យង ដែលធ្វើឲ្យគាត់មានការចាប់អារម្មណ៍ចង់ចិញ្ចឹម។ ហើយបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម៖

ការរៀបចំស្រះដាក់កូនត្រី   គាត់បានរៀបចំស្រះ ដែលមាន

  • ទំហំស្រះ ១០ x ១២ x ០,៥ម៉ែត្រ
  • បាចកំបោរសចំនួន ១៥ គីឡូក្រាម
  • ដាក់ទន្ទ្រានខែត្រចំនួន ៤ បាច់ធំៗ
  • លាមកគោស្រស់ ៤ថង់ ស្មើ ៤០ គីឡូក្រាម។

ក្រោយរយៈពេល ១៥ថ្ងៃ គាត់សង្កេតឃើញមានសត្វប្លង់តុងកើតឡើង គាត់ក៏បានព្រលែងកូនត្រីចូលដើម្បីចិញ្ចឹម។

របៀបដាក់ខ្យងចិញ្ចឹម

ក្រោយពេលកូនត្រីដែលបានដាក់ចិញ្ចឹមមានទំហំ ១៥សង្ទីម៉ែត្រ ឬ ៤៥ថ្ងៃ គាត់ចាប់ផ្តើមព្រលែង​ខ្យង ១បង្គីចូល ធ្វើដូចនេះដើម្បីជួយឲ្យការលូតលាស់របស់ត្រី និងខ្យងបានល្អព្រមគ្នា។ ក្រោយពីដាក់ខ្យង ត្រូវបន្ថែមនូវចំណីគ្រប់មុខដើម្បីជំរុញដល់ការលូតលាស់។ ត្រូវដាំដំណាំដូចជា ត្រកួនបណ្តែតលើទឹក ដោត​ដើមទន្ទ្រានខែត្រសំរាប់ឲ្យខ្យងពងកូន។

ការប្រមូលផល

  • សំរាប់សត្វខ្យងក្រោយរយៈពេល ៦ខែ អាចប្រមូលផលបានដែលមានបរិមាណរហូតដល់ ៩០​គីឡូ​ក្រាម
  • ចំពោះត្រី នៅពេលមានអាយុ ៧ខែ គាត់អាចប្រមូលផលបានដែលមានប្រមាណរហូតដល់ ៩០គីឡូក្រាម
  • ចំណូលដែលទទួលបានពីការលក់ត្រីបានចំនួន ៥៦០.០០០រៀល ហើយចំណូលពីសត្វខ្យង បានប្រមាណជា ២០.០០០រៀល (ចំណូលពីការលក់បាន តែ ២គីឡូក្រាម និង ៨៨គីឡូក្រាមទៀត សំរាប់ហូប និងឲ្យអ្នកជិតខាង)
  • កាលពីមិនទាន់ចិញ្ចឹមត្រីជាមួយខ្យង គឺប្រមូលបានតែ ៤៧គីឡូក្រាមតែប៉ុណ្ណោះ។

សរុបបច្ចេកទេស

  • រៀបចំស្រះដោយធ្វើការដាក់រុក្ខជាតិ និងលាមកសត្វដើម្បីបង្កើនប្លង់តុង (ចំណីត្រី)
  • ដាក់កូនត្រីចូលទៅក្នុងស្រះឲ្យបានអាយុ ៤៥ថ្ងៃ គាត់ចាប់ផ្តើមព្រលែងខ្យងចូលទៅក្នុងស្រះ
  • ដាក់ចំណីបន្ថែម និងចំរុះចូលទៅក្នុងស្រះ ដើម្បីឲ្យត្រី និងខ្យងស៊ី
  • ដាក់ត្រកួន និងទន្ទ្រានខែត្របណ្តែតទឹកប្រមាណ ២៥ភាគរយ ដើម្បីឲ្យខ្យងពងកូន
  • ឧស្សាហ៍ពិនិត្យមើលទឹកស្រះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពត្រី និងខ្យង។

ចំណាប់អារម្មរបស់កសិករ

ក្រោយពីទទួលបានលទ្ធផល លោកពូមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមត្រីជាមួយខ្យងអាចរកប្រាក់ចំណូលបានច្រើន ព្រោះប្រមូលផលម្តងៗបាន២មុខ ហើយត្រីពុំសូវមានជំងឺ និងលូតលាស់លឿនជាងចិញ្ចឹម ត្រីតែឯង។ ជាទីបញ្ចប់ គាត់សំណូមពរឲ្យកសិករដែលបានអានទស្សនាវដ្តី ឬគេហទំព័រសម្បូរសប្បាយនេះ សាកល្បងបទពិសោធន៍ចិញ្ចឹមត្រីជាមួយខ្យងនេះ ដើម្បីបង្កើនប្រាក់ចំណូល៕

 ធិ ប៊ុនហេង

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំស្អំ (កសិករ ប្រាជ្ញ ហៀង)

លោកពូ ប្រាជ្ញ ហៀង អាយុ ៦៣ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ គាត់ប្រកបមុខរបរដាំស្អំរយៈពេលជាយូរមកហើយ​។