Home / ព័ត៌មាន / ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍រៀបចំសួនដំណាំគ្រួសារដើម្បីបានបន្លែធម្មជាតិបរិភោគ

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍រៀបចំសួនដំណាំគ្រួសារដើម្បីបានបន្លែធម្មជាតិបរិភោគ

ប្រជាពលរដ្ឋខ្មែរចំរុះអាជីព និងជំនាញប្រមាណ២០នាក់ គឺពេញមួយថ្ងៃ (៩ កុម្ភៈ ២០១៩) បានមក​ទទួល​ចំណេះដឹងផ្នែកសួនដំណាំគ្រួសារ នៅភោជនីយ​ដ្ឋាន​អូក្រា ដែលពន្យល់បង្ហាញដោយលោកបណ្ឌិត យ៉ង សាំង​កុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក។

មុននឹងទទួលចំណេះដឹងលំអិតអំពី សួនដំណាំគ្រួសារ ពួកគេបានធ្វើការចាប់អារម្មណ៍ក្នុងការមក​ចូលរួម​ក្នុងសិក្ខាសាលានេះថា ពួកគេមកទីនេះដើម្បីចង់ចេះដំណាំ ពិសេសដំណាំបន្លែ ហើយត្រឡប់ទៅវិញ​នឹង​ពង្រីក​សួន (អ្នកមានសួនរួចហើយ) និងរៀបចំ​សួនដំណាំ​គ្រួ​សារដោយខ្លួនឯង​នៅផ្ទះ​របស់​ខ្លួន (អ្នកមិនទាន់មានសួន)។

ពួកគេបានបញ្ចេញទស្សនៈមានអត្ថន័យដូចៗគ្នាថា ការដែលពួកគេចង់ចេះដាំដំណាំ និងរៀបចំឲ្យមាន​សួន​ដំណាំគ្រួសារ​ដោយ​ខ្លួន​ឯងនេះ គឺចង់បានបន្លែធម្មជាតិបរិភោគ ពីព្រោះបន្លែដាក់លក់នៅលើទីផ្សារភាគ​ច្រើន​បំផុត​មានផ្ទុក​សារធាតុ​ពុលគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងផ្ទាល់-ប្រយោល និងរយៈពេលខ្លី-វែង។ ហើយពួកគេនឹងរៀបចំសួន​ដំណាំគ្រួសារនេះ ក៏ប្រៀបបាននឹងការរត់គេចចេញពីបន្លែ សាច់ ដែលពោរពេញទៅ​ដោយ​គីមីពុលតាមលទ្ធភាពដូច្នេះដែរ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានពន្យល់ក្បោះ​ក្បាយ​​អំពីសួនដំណាំគ្រួសារ។ ក្នុងពេលនេះយើងសូមលើក យកតែចំណុចសំខាន់ៗមួយចំនួនមកបង្ហាញ៖ ការពុល សារធាតុកសិគីមីសិប្បនិមិត្តមាន២គឺ ពុលរ៉ាំរ៉ៃ និងពុលភ្លាមៗ ហើយការពុលនេះតាមរយៈ មាត់ ស្បែក និងដកដង្ហើម។ លោក​បណ្ឌិតបានពន្យល់អំពី N P K និង ​ការចែកប្រភេទដំណាំបន្លែដែលមាន បន្លែស្លឹក បន្លែផ្លែ បន្លែ មើម បន្លែកួរ និងបន្លែក្លិន។ ពន្យល់អំពី ដី ទឹក ឫស ដើម ស្លឹករុក្ខជាតិ​ ជីទឹក ជីគោក ពិសេសពន្យល់ពីការទាក់ទងគ្នារវាង មនុស្ស រុក្ខជាតិ និងពន្លឺព្រះអាទិត្យ។

លោកបណ្ឌិតបានបញ្ជាក់ប្រាប់សិក្ខាកាមថា «ការរៀបចំសួនដំណាំគ្រួសារ គឺយើងគួរដាំដំណាំណាដែល បរិភោគបាន ជួយដល់សុខភាព ស្រួលដាំ (ជំហានដំបូង) ប្រមូលផលបានគ្រប់រដូវ ស្រួលរកពូជនិងតម្លៃថោក ព្រម​ទាំងមានសារធាតុចិញ្ចឹមច្រើន។ កត្តាសំខាន់ក្នុងការដាំដំណាំគឺយើងត្រូវចេះ ផ្សំដីដាំ ចេះធ្វើជីគោក-ជីទឹក និង​ត្រូវចេះប្រើប្រាស់វា»។

សូមបញ្ជាក់ថា របៀបផ្សំដីដាំ ធ្វើជីគោក-ជីទឹកពីកាកសំណល់ផ្ទះបាយ និង​ប្រើប្រាស់វា គឺសុទ្ធតែត្រូវបានបង្រៀនទាំងអស់ ព្រមទាំងមានចែកឯកសារឲ្យផងដែរ។ ចំពោះអ្នកដែលចាប់អារម្មណ៍មកទទួលចំណេះដឹងអំពី ការរៀបចំសួនដំណាំគ្រួសារនេះ មានចំនួនជិត៤០នាក់ ប៉ុន្តែដោយ​សារបន្ទប់រៀនអាចទទួលបានត្រឹមតែប្រមាណ ២០នាក់ប៉ុណ្ណោះ ហើយនៅសល់ ២០នាក់ទៀតនឹងមកទទួល​ចំណេះដឹងនៅពេលក្រោយទៀត៕

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។