Home / កសិកម្ម / បទពិសោធន៍ដាំដំណាំស្ពៃខៀវ (កសិក មាស សុខ)

បទពិសោធន៍ដាំដំណាំស្ពៃខៀវ (កសិក មាស សុខ)

កសិករ មាស សុខ រស់នៅភូមិត្រពាំងរុន ឃុំកន្សោម​អក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គាត់មាន​បទ​ពិសោធ​ន៍​​​ក្នុង​ការដាំដំណាំអស់រយៈពេលច្រើនឆ្នាំកន្លងមកហើយ ពិសេសស្ពៃខៀវ។ បទពិសោធន៍នេះ គាត់​ចេះតៗ ពីឪពុករបស់​គាត់ និង​ការផ្សព្វផ្សាយរបស់អង្គការប៉ាដិកដែលបានចុះទៅ​បណ្ដុះ​បណ្តាល​គាត់ជា​ច្រើនវគ្គកន្លងមក។ គាត់បានដាំស្ពៃ​ខៀវ​លើ​ផ្ទៃដី៣០០ម៉ែត្រការ៉េ ទទួលបានផលជាង ២០០​គីឡូក្រាម ដែល​លក់បានប្រាក់ប្រមាណ ២០០.០០០រៀល។

១-ការរៀបចំដី

លោកពូ បានដាំស្ពៃនេះនៅគ្រប់រដូវទាំងអស់ ព្រោះកន្លែងដែលគាត់ដាំជាដីទួលមិនលិចទឹក ហើយនៅ ជិតប្រភពទឹកទៀត ផង។ ចំពោះការធ្វើដី គឺគាត់បានកាប់ដីហាលរយៈពេល ៧ ទៅ ៨ថ្ងៃ ដើម្បីឲ្យដីស្ងួតល្អ និង​សម្លាប់មេរោគដែលមាននៅក្នុងដី។ ក្រោយពីហាលដីស្ងួត គាត់កាប់បំផុស ១សារទៀត ទើបលើកជារង​ដែល​មាន​ទទឹង ១,២ម៉ែត្រ និងបណ្តោយ ៨ម៉ែត្រ។ នៅលើរងនីមួយៗ គាត់បានកាប់ជ្រុំជីលាមកសត្វពុក​ផុយបញ្ចូល​ទៅក្នុងដី ហើយស្រោចទឹកឲ្យសើមៗរក្សាទុក ១យប់ ទើបយកកូនស្ពៃ មកដាំ។

២-ការត្រៀមពូជសាប និងការសាបគ្រាប់

កសិកររូបនេះ បានរៀបចំរងសាបដោយកាប់បំផុសហាលរយៈពេល ១អាទិត្យ ទើបលើកជារងសាប។ នៅលើរង គាត់បានដាក់ជីលាមកគោពុកផុយជ្រុំច្របល់ឲ្យសព្វ ទើបយកគ្រាប់ទៅសាប។ មុនសាប គាត់បានយកគ្រាប់ទៅហាលថ្ងៃស្រទន់រយៈពេល ១ម៉ោងទើបប្រមូលយកទៅដាក់ក្នុងក្រណាត់ខ្ចប់ត្រាំទឹក១យប់ ទើប ស្រង់យកទៅសាបឲ្យរង្វើល។ បន្ទាប់មកកាត់ចំបើងឲ្យខ្លីៗ រោយពីលើជៀសវាងការស្រោចទឹកខ្ទាត់គ្រាប់មក ក្រៅ។ បន្ទាប់ពីសាបគ្រាប់ហើយ គាត់បានស្រោចទឹកមួយថ្ងៃ ១-២ដង ទៅ តាមស្ថានភាពជាក់​ស្តែង​រហូត​ដល់​កូនស្ពៃដុះបានកំពស់ ១០សង្ទីម៉ែត្រ ទើបដកយកទៅដាំ។

៣-ការដាំ

នៅពេលកូនស្ពៃធំល្មម គាត់បានដកយកទៅដាំ។ មុនដកគាត់បានបង្អត់ទឹកចំនួន ២ថ្ងៃ ប៉ុន្តែនៅពេលដកកូនដាំ គាត់បានស្រោចទឹកឲ្យសើមដើម្បីងាយស្រួលដកមិនឲ្យដាច់ឫស។ នៅពេលដកកូនស្ពៃដាំ គាត់ដកយកតែកូនថ្លោសមានសុខភាពល្អ ទៅដាំនៅលើរងដែលបានរៀបចំរួច។

គាត់ស្ទួង ឬដាំជា ៤ជួរ នៅលើរងដោយទុកចន្លោះគុម្ព ១៥សង្ទីម៉ែត្រ ពីដើមមួយទៅដើមមួយ។ ក្រោយពីដាំកូនស្ពៃហើយ គាត់ស្រោចទឹកឲ្យជោគ និងកាត់ចំបើងរោយពីលើរង និងនៅតាមគល់។

៤-ការថែទាំ

ក្រោយពីដាំកូនស្ពៃហើយ គាត់ស្រោចទឹកមួយថ្ងៃ ២ដងនៅរដូវក្តៅ។ កាត់បានធ្វើការដកស្មៅនៅតាម​ចន្លោះគុម្ព និងចន្លោះរង ក្រោយពីដាំបានរយៈពេល ១អាទិត្យ។ នៅពេលស្ពៃអាយុបាន ១០ថ្ងៃ គាត់បានជ្រុំ បំផុសដីដើម្បីឲ្យដីធូរលូតលាស់ លឿន។ ក្រៅពីប្រើជីលាមកសត្វទ្រាប់បាត គាត់បានស្រោចទឹកនោមគោ លាយជាមួយទឹកស្រោចរយៈពេល ៣ថ្ងៃម្តង (ស្រោចនៅពេលល្ងាច)។

ចំពោះសត្វល្អិតដែលបំផ្លាញស្ពៃមានដូចជា កណ្ដូប ដង្កូវកូនជ្រូក សត្វទៀកគូរ គាត់បានធ្វើការកំចាត់វា ដោយចុះចាប់នៅពេលព្រឹកព្រលឹម។

៥-ការប្រមូលផល

គាត់ចាប់ផ្តើមប្រមូលផលដំណាំស្ពៃខៀវ បន្ទាប់ពីដាំបានរយៈពេល ៣០ ទៅ ៤០ ថ្ងៃ  (គិតចាប់តាំងពីការបណ្ដុះគ្រាប់) ហើយគាត់អាចសំគាល់បានទៀតថា ស្ពៃមានផ្ទៃស្លឹកធំៗ ដើមធាងមានម្សៅ គឺជាពេលវេលាដែលត្រូវប្រមូលផល។ ក្រោយពីការកាត់ហើយ គាត់ប្រមូលដាក់ក្នុងម្លប់ ការពារការស្វិតស្រពោនដោយកំដៅថ្ងៃ។ បរិមាណសរុបដែលទទួលបានចំនួន ២០០ គីឡូក្រាម លក់បាន ១.០០០រៀល ក្នុង១គីឡូក្រាម និងទទួលបានប្រាក់ចំនួន ២០០.០០០រៀល។

សរុបមក បច្ចេកទេសដាំស្ពៃខៀវមាន៖

–       សាបគ្រាប់ស្តើង ហើយប្រើកំទេចចំបើងគ្របពីលើ

–       កាប់ដីហាលឲ្យស្ងួត លើករងដោយដាក់ជីលាមកសត្វពុកផុយទ្រាប់បាតរង

–       បង្អត់ទឹកកូនស្ពៃចំនួន ២ថ្ងៃ មុនពេលជិតដាំ តែស្រោចទឹកឲ្យសើមពេលដកដាំ

–       ដកកូនស្ពៃថ្លោសៗដែលមានសុខភាពល្អមកស្ទូង

–       ស្ទូង ឬដាំចន្លោះគុម្ពសមស្រប ដើម្បីឲ្យមានពន្លឺចូលគ្រាប់គ្រាន់

–       ស្រោចទឹកនោមគោលាយជាមួយទឹករៀងរាល់ ៣ថ្ងៃម្តង ដើម្បីជំរុញឲ្យកូនស្ពៃលូតលាស់ល្អ

–       ឧស្សាហ៍ជ្រុំគល់ និងធ្វើស្មៅ ដើម្បីកុំឲ្យមានការប្រជែងស្រូបជីជាតិ និងកាត់បន្ថយការបំផ្លាញសត្វល្អិត ព្រមទាំងជួយធ្វើឲ្យដីធូរ៕

អ្នកស្រី សាន សៅរ៍អរុណ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍បន្សុទ្ធពូជស្រូវ (កសិករ ហ៊ួយ ប៊ន)

លោកអ៊ំ ហ៊ួយ ប៊ន ជាកសិកររស់នៅភូមិចំបក់​ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់ជាកសិករសហការជាមួយអង្គការសេដាក ​ចាប់ពីខែមិថុនា ​ឆ្នាំ២០០៨ ដែលកន្លងមកគាត់បានទទួលការបណ្តុះបណ្តាល​បច្ចេកទេសជាច្រើនពីអង្គការសេដាក។