កសិករឈ្មោះ សួន ម៉ានី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។ គាត់មានបទពិសោធន៍ល្អ ក្នុងការដាំដំណាំខ្ទឹមស្លឹកទទួលបានផលខ្ពស់។ ដើម្បីទទួលបានផលល្អខ្ពស់ គឺគាត់បានអនុវត្តពិសោធន៍ជី ទាំងជីកំប៉ុស្តគោក និងជីកំប៉ុស្តទឹក ក៏ដូចប្រៀបធៀបជាមួយជីទឹករបស់ក្រុមហ៊ុន។ ហើយការពិសោធន៍នេះបានអនុវត្តធ្វើពីថ្ងៃទី៣ វិច្ឆិកា ២០១៨ ដល់ថ្ងៃទី៩ ធ្នូ ២០១៨ ហើយលទ្ធផលដូចខាងក្រោម៖
គាត់ធ្វើរងទំហំ ១ម៉ែត្រ x ១០ម៉ែត្រ និងកំពស់ ០.៣ម៉ែត្រ។ ហើយរងនីមួយៗប្រើជីសរីរាង្គ Melfert ចំនួន២គីឡូក្រាមដាក់ទ្រាប់បាត បន្ទាប់មកគាត់គ្របរងដោយប្រើសារធាតុសរីរាង្គ និងដាក់ដាំខ្ទឹម។ ក្រោយដាំបាន២អាទិត្យ គាត់សំអាតស្មៅ។ បន្ទាប់ពីសំអាតស្មៅរួចស្អាតហើយ គាត់ចាប់ផ្ដើមប្រើជីទឹកទៅតាមបច្ចេកទេស និងទទួលបានលទ្ធផលដូចខាងក្រោម៖
១. អត់ប្រើជីទឹក បានទទួលផល ២២គីឡូក្រាម ក្នុងមួយរង។
២. ប្រើជីទឹក Fitohorm Oil 20 cc + ទឹកធម្មតា២០លីត្រ បានទទួលផល ២៦,១គីឡូក្រាម ក្នុងមួយរង។
៣. ប្រើជីទឹក SAWKASET PLUS 20 CC + SAWKASET WATER 10 CC + ម្សៅសារ៉ាយ Seaweed
Extract ០,៥គ្រាប់ + ទឹកធម្មតា ២០លីត្រ បានទទួលផល ២៧,៤គីឡូក្រាម ក្នុងមួយរង។
៤. ប្រើជីទឹកដែលកសិករផលិតខ្លួនឯង ទទួលបានផល ៣០,៥គីឡូក្រាម ក្នុងមួយរង។
ការពិសោធប្រើជីទឹកនេះ គឺគាត់ប្រើ៣ដងដូចៗគ្នា ដែលប្រើលើកទី២ គឺបន្ទាប់ពីប្រើលើកទី១ បាន ១អាទិត្យ។ ហើយប្រើលើកទី៣ បន្ទាប់ពីប្រើលើកទី២ បានចំនួន ១០ថ្ងៃ។ តាមការពិសោធបង្ហាញថា ការប្រើប្រាស់ជីទឹកធ្វើឲ្យទិន្នផលកើនពីជាង ៤គីឡូក្រាម ទៅជាង ៦គីឡូក្រាម (ពី១៨ ទៅ ២៧ភាគរយ) ដោយការប្រើជីទឹកដែលកសិករធ្វើខ្លួនឯង ទទួលបានផលខ្ពស់ជាងគេ។
ដើម្បីទទួលបានផលខ្ពស់ គាត់មានរូបមន្តសម្រាប់ធ្វើជីទឹកដោយខ្លួនឯងដូចខាងក្រោមនេះ៖
- លាមកគោស្រស់ ១០ គីឡូក្រាម
- លាមកមាន់ ៥ គីឡូក្រាម
- លាមកជ្រូកស្រស់ ១០ គីឡូក្រាម
- ទន្រ្ទានខែត្រស្រស់បូតឲ្យបាន ១ ធុងប៉េត្រូ យកតែស្លឹក
- សាកសពសត្វ (កូនសត្វពពែងាប់)
- ទឹកកាកឡជីវឧស្ម័ន ២៥០ លីត្រ។
របៀបធ្វើគឺយកលាមកសត្វទាំងអស់ខាងលើច្រកដាក់បាវ រួចយកទៅដាក់នៅក្នុងពាងធំមួយ រួចដាក់ទឹកកាកឡជីវឧស្ម័នចូលឲ្យលិចបាវជី និងត្រាំទុករយៈពេល ១ខែ ទើបអាចប្រើបាន។ តែក្នុងពេលត្រាំគាត់ឧស្សាហ៍បើកគម្រប និងកូរបង្វិលជីបាវឲ្យបានសព្វល្អ។
បរិមាណប្រើប្រាស់ គឺដូចអ្វីដែលបានបង្ហាញលទ្ធផលពិសោធន៍ខាងលើ គឺប្រើក្នុងបរិមាណ ២លីត្រ លាយជាមួយទឹកធម្មតាចំនួន ២០លីត្រ ស្រោចលើរងទំហំ ១០ម៉ែត្រការ៉េ ដោយប្រើចំនួន ៣ដងក្នុងមួយវគ្គដាំដុះខ្ទឹម រហូតដល់ពេលប្រមូលផល។ តាមបទពិសោធន៍ខាងលើនេះ យើងសូមលើកទឹកចិត្តឲ្យកសិករធ្វើជីទឹកខ្លួនឯងឲ្យបានល្អ ដើម្បីប្រើប្រាស់បង្កើនទិន្នផលដំណាំ។
កំណត់សម្គាល់ បើមិនមានសាកសពសត្វក៏បានដែរ តែគេអាចជំនួសបានដោយស្បែកគោ កាកសំណល់ត្រីផ្សេងៗ និងខ្ចៅខ្យងជាដើម៕
អត្ថបទដើមលោក ប៉ែន វណ្ណៈ «ក្រុមកសិដ្ឋានពន្លកបៃតង–សេដាក»
សហគមន៍សម្បូរសប្បាយ