Home / កសិកម្ម / បទពិសោធន៍ផ្សំថ្នាំពុលធម្មជាតិកំចាត់សត្វល្អិតលើដំណាំបន្លែ (កសិករ ឃឹម ស)

បទពិសោធន៍ផ្សំថ្នាំពុលធម្មជាតិកំចាត់សត្វល្អិតលើដំណាំបន្លែ (កសិករ ឃឹម ស)

កសិករ ឃឹម ស  រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម  ស្រុកត្រាំកក់ ខេត្តតាកែវ។ ជារៀងរាល់ឆ្នាំ គាត់ តែងជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញដំណាំបន្លែ ហើយគាត់តែងប្រើថ្នាំពុលគីមីដែលត្រូវចំណាយអស់ថវិកាច្រើន ប៉ុន្តែសត្វល្អិតនៅតែបំផ្លាញដំណាំដដែល។ ក្រោយពីបានទទួលការបណ្ដុះបណ្តាលពីអង្គការសេដាក ទៅលើ​បច្ចេកទេសដាំដំណាំតាមគោលការណ៍ធម្មជាតិមក គាត់ធ្វើការកែប្រែដោយឈប់ប្រើថ្នាំគីមី មកប្រើថ្នាំផ្សំពីរុក្ខ​ជាតិវិញ។ ថ្នាំផ្សំដែលគាត់ផ្សំមានប្រសិទ្ធភាពខ្ពស់អាចសម្លាប់សត្វល្អិតលើដំណាំបន្លែគ្រប់ប្រភេទ ហើយមិន​តែប៉ុណ្ណោះ ក៏មានអ្នកជិតខាងគាត់មួយចំនួនរៀនសូត្រពីរបៀបផ្សំថ្នាំពីរុក្ខជាតិនេះពីគាត់ដែរ។ ចំពោះបទ​ពិសោធន៍​ដែលគាត់បានអនុវត្តមានដូចខាងក្រោម។

របៀបផ្សំ

ធាតុផ្សំដែលកសិកររូបនេះបានប្រើ ដើម្បី​កំចាត់សត្វល្អិតលើដំណាំបន្លែមានដូចជា៖

  • ដើមផ្កាស្បៃរឿង ៤គុម្ព
  • សំបកស្តៅ ១៥ គីឡូក្រាម
  • សំបកកន្ទួត ១៥ គីឡូក្រាម
  • រំដេង ៣ ខាំ
  • មើមក្តួច ៥ គីឡូក្រាម
  • មើមម្រះព្រៅភ្នំ ២ គីឡូក្រាម
  • វល្ល៍បណ្តូលពេជ្រ ១៥ គីឡូក្រាម
  • ដើមប្រមាត់មនុស្ស ៣ គីឡូក្រាម
  • ផ្លែស្លាក់ ១៥ គីឡូក្រាម
  • ខ្លឹមស ១ គីឡូក្រាម។

២-របៀបផ្សំ និងការរក្សាទុក

គាត់បានយកធាតុផ្សំទាំងអស់ទៅបុក ឬដំឲ្យទក់ រួចដាក់ចូលទៅក្នុងពាងធំមួយ ដោយចាក់ទឹកឲ្យ​លិច​ធាតុ​ផ្សំទាំងនោះ រួចត្រាំវាទុកក្នុងរយៈពេល ១៥ ទៅ ២០ថ្ងៃ ទើបយកទៅប្រើ។ ក្រោយពីផ្សំរួចរាល់ហើយ គាត់​បានយកទឹកថ្នាំនេះទៅទុកនៅក្រោមម្លប់ (ក្រោមផ្ទះ) ហើយបើកគម្រប​ពាង​កូរ​មួយថ្ងៃម្តងដើម្បីឲ្យថ្នាំឆាប់កាច់។

របៀបប្រើ

គាត់ប្រើថ្នាំនេះស្រោចទៅលើដំណាំបន្លែគ្រប់ប្រភេទមានដូចជា ស្ពៃ ខាត់ណា ត្រកួនជាដើម។ ក្នុងការ​ប្រើ គាត់បានលាយថ្នាំទៅតាមអាយុដំណាំ៖

  • ដំណាំនៅតូចកំពស់ ១ ទៅ ២តឹក គាត់យកទឹកថ្នាំ ១លីត្រ លាយជាមួយទឹក ១០លីត្រ
  • ដំាំណាំធំ គាត់លាយទឹកថ្នាំ ១លីត្រដដែល ជាមួយទឹក ៨លីត្រ (បន្ថយ)។

គាត់ប្រើថ្នាំនេះស្រោចរៀងរាល់ ៣ ទៅ ៥ថ្ងៃម្តង ស្រោចនៅពេលល្ងាចត្រជាក់។ នៅពេលព្រលឹម ទើប​ស្រោច​ទឹកធម្មតាលាងតាមក្រោយ។ ការធ្វើដូចនេះ ដើម្បីកុំឲ្យស្រពោនស្លឹកនៅពេលត្រូវកំដៅថ្ងៃ។ គាត់បាន​ផ្អាកស្រោចទឹកថ្នាំមុនពេលប្រមូលផលបាន ១សប្តាហ៍។

៤-ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីការប្រើថ្នាំនេះមក លោកពូសង្កេតឃើញថា លែងសូវមានសត្វល្អិតបំផ្លាញ ជាពិសេសពពួកមេ អំបៅ ចៃ អណ្តើកមាស ដង្កូវមូរស្លឹក ដង្កូវចោះស្លឹក នៅលើដំណាំបន្លែ។ គាត់សូមថ្លែងអំណរគុណដល់អង្គការ ដែលបានបង្រៀនគាត់ឲ្យចេះពីរបៀបផ្សំ និងប្រើថ្នាំនេះ ព្រោះវាមានប្រសិទ្ធភាព ហើយមិនប៉ះ​ពាល់ដល់​សុខ​ភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ ព្រមទាំងមិនប៉ះពាល់ដល់បរិស្ថាននៃការរស់នៅរបស់យើងទៀតផង៕

និស្សិត ជឹម សុវណ្ណា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំស្អំ (កសិករ ប្រាជ្ញ ហៀង)

លោកពូ ប្រាជ្ញ ហៀង អាយុ ៦៣ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ គាត់ប្រកបមុខរបរដាំស្អំរយៈពេលជាយូរមកហើយ​។